សុខភាព
អន្តរជាតិ
ហេតុអ្វីមនុស្សគួរយកចិត្តទុកដាក់ចំពោះការទទួលទានជាតិស្ករខ្ពស់?
14, Jun 2022 , 8:29 am        
រូបភាព
 រូបភាព៖ AFP
រូបភាព៖ AFP
ជាការពិត ស្ករមានអត្ថប្រយោជន៍សម្រាប់សុខភាពមនុស្ស តែវាក៏ផ្ដល់ផលវិបាកផងដែរ នៅ​ពេលមនុស្សទទួលទានស្ករច្រើនហួសកម្រិត។ ក្នុងឆ្នាំ២០២១ អត្រាអ្នកស្លាប់ដោយសារជំងឺ​ទឹកនោមផ្អែមមានជាង ៦,៧លាននាក់ឯណោះ។ ហេតុនេះ អង្គការសុខ​ភាពពិភព​លោក (WHO) ក៏ដូចជារដ្ឋាភិបាលប្រទេសនានា បានចូលរួមបង្កើតគោលការណ៍ទប់ស្កាត់​ការប្រើ​ប្រាស់ផលិតផលមានជាតិស្ករខ្ពស់ ដើម្បីលើកកម្ពស់សុខភាពប្រជាជន នាពេល​អនាគត។

 
សារធាតុផ្អែម ជារសជាតិដែលមានប្រជាប្រិយភាពខ្លាំង និងជាទីពេញចិត្តរបស់មនុស្សភាគច្រើន  ជាពិសេសសម្រាប់កុមារ។ កន្លងមក គ្រប់គ្នាតែងយល់ថាការទទួលទានភេសជ្ជៈមានជាតិផ្អែម ​ជួយឱ្យរាងកាយមាន​កម្លាំង ព្រោះស្ករជាប្រភពថាមពលរបស់​រាងកាយ។ ម៉្យាងវិញទៀត វាក៏ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ ជួយសម្រួលបញ្ហារលាក និងជួយឱ្យគេងលក់ស្រួល។ យ៉ាងណាមិញ ការសិក្សា​ជាច្រើន ក៏បានលើកឡើងពីគុណវិបត្តិនៃការទទួលទានស្ករដែរ។ ការទទួលទានជាតិផ្អែមខ្លាំង​ពេក នឹងបង្កើនហានិភ័យនៃជំងឺ​ទឹកនោមផ្អែម ជំងឺលើសទម្ងន់ ជំងឺសរសៃឈាម​បេះដូង ជំងឺ​មហារីក ការឡើងមុន មានបញ្ហាសុខភាពផ្លូវ​ចិត្ត និងបញ្ហា​សុខភាពសរីរាង្គ​ផ្សេងៗទៀត។
 
អត្រាអ្នកចូលចិត្តទទួលទានផលិតផលមានជាតិស្ករមានចំនួនច្រើន ហើយការ​ទទួលទានស្ករ​ច្រើននោះផ្ដល់គុណវិបត្តិលប់លើគុណសម្បត្តិចំពោះសុខភាព។ ហេតុនេះ អង្គការសុខភាព​ពិភពលោក(WHO) ក៏ដូចជាបណ្ដាប្រទេសជាច្រើន នៅគ្រប់តំបន់ចាប់ផ្ដើមបង្កើតគោលការណ៍រឹតបន្តឹង និងកាត់​បន្ថយការប្រើប្រាស់ផលិតផលមានជាតិស្ករឱ្យបានទូលំទូលាយ។ 
 
តាមការណែនាំរបស់មជ្ឈមណ្ឌលសុខភាពសាធារណៈអង់គ្លេស មនុស្សពេញវ័យម្នាក់ៗគួរ​ទទួលទានស្ករត្រឹម ៣០ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងការរស់នៅប្រចាំថ្ងៃ ប្រជាជនជា​ច្រើនបានទទួលទានស្ករលើសការណែនាំ ដែលជំរុញឱ្យរដ្ឋាភិបាលក្នុងប្រទេសត្រូវចាត់វិធាន​ការទប់ស្កាត់។ 
 
ជាក់ស្ដែង នៅឆ្នាំ ២០១៦ ឈីលីជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន​ដែលអនុម័ត​ច្បាប់យ៉ាងតឹងរ៉ឹងពីការដាក់ស្លាកសញ្ញាគ្រឿងផ្សំលើកញ្ចប់ចំណីអាហារ និង​ភេសជ្ជៈ។ ឈីលី បានប្រើស្លាកសញ្ញាអដ្ឋកោណ​ពណ៌ខ្មៅ និងស លើកញ្ចប់អាហារដែលងាយស្រួលយល់​ចំពោះកុមារ។ ស្លាកសញ្ញានោះមិន​បង្ហាញពីបរិមាណ​គ្រឿងផ្សំទេ តែបានសរសេរយ៉ាង​ច្បាស់ៗថា មានជាតិស្ករខ្ពស់ ឬមានកាឡូរី​ខ្ពស់ ឬមានជាតិ​ខ្លាញ់ខ្ពស់តែម្តង។ គោលការណ៍​នេះបានធ្វើឱ្យ​ប្រជាជនឈីលី កាត់​បន្ថយការទិញផលិតផល​មានជាតិស្ករ ២៣,៧ភាគរយ ក្នុងរយៈពេល ១៨ខែ។ 
 

រូបភាព៖ AFP
 
ចំណែកនៅសិង្ហបុរី គោលការណ៍ចំនួន ៤បានដាក់ចេញដើម្បីកាត់បន្ថយការប្រើប្រាស់​ភេសជ្ជៈ​មានជាតិស្ករខ្ពស់ រួមមានដូចជា ការដាក់ស្លាកសញ្ញាគ្រឿងផ្សំនៅផ្នែកខាងមុខនៃ​សំបកដប ឬកំប៉ុងភេសជ្ជៈ រឹតត្បិតការផ្សាយពាណិជ្ជកម្ម យកពន្ធលើអ្នកផលិត និងអ្នកនាំ​ចូល និងហាម​ឃាត់ការលក់ភេសជ្ជៈមានជាតិស្ករខ្ពស់។ គោលការណ៍ដាក់ស្លាកសញ្ញាគ្រឿង​ផ្សំនៅផ្នែកខាង​មុខនៃសំបកដប ឬកំប៉ុងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ទទួលបានការគាំទ្រ​ច្រើនជាងគេពី​សំណាក់ប្រជាជនសិង្ហបុរី។ រដ្ឋាភិបាលបុរីរដ្ឋមួយនេះ កំពុងបង្កើតឱ្យមានស្លាក​សញ្ញា Nutri-Grade សម្រាប់វាយតម្លៃពីកម្រិត​ជាតិស្ករក្នុងភេសជ្ជៈចាប់ពីអក្សរ A មានពណ៌​បៃតងចាស់ (ល្អបំផុត) ដល់​អក្សរ D មានពណ៌ក្រហម (គ្រោះថ្នាក់បំផុត)។ ស្លាកសញ្ញា Nutri-Grade នឹងចាប់ផ្ដើម​ប្រើប្រាស់ជា​ផ្លូវការនៅសិង្ហបុរីចាប់ពីចុងឆ្នាំ ២០២២ តទៅ។
 

រូបភាព៖ Health Promotion Board
 
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com