អន្តរជាតិ
ប្រមុខណាតូ៖ ហេតុផលតួកគីជំទាស់សមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ គឺស្របច្បាប់
13, Jun 2022 , 10:29 pm        
រូបភាព
ប្រមុខអង្គការណាតូ លោក Jens Stoltenberg (ខាងឆ្វេង) ជាមួយលោកប្រធានាធិបតីហ្វាំងឡង់ លោកSauli Niinisto។ រូបភាព៖ AFP
ប្រមុខអង្គការណាតូ លោក Jens Stoltenberg (ខាងឆ្វេង) ជាមួយលោកប្រធានាធិបតីហ្វាំងឡង់ លោកSauli Niinisto។ រូបភាព៖ AFP
ដោយ:
ក្តីបារម្ភរបស់រដ្ឋាភិបាលតួកគីជុំវិញសមាជិកភាពណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត គឺស្របទៅតាមច្បាប់។ ប្រមុខសម្ព័ន្ធយោធាណាតូ Jens Stoltenberg ប្រកាសបែបនេះនៅថ្ងៃទី១២ ខែមិថុនា ក្នុងអំឡុងទស្សនកិច្ចនៅហ្វាំងឡង់។ កន្លងមក តួកគីប្រឆាំងនឹងសមាជិកភាពរបស់ប្រទេសអឺរ៉ុបខាងជើងទាំងពីរនេះជុំវិញភេរវកម្ម។

 
ដោយភ័យខ្លាចពីការវាយប្រហាររបស់រុស្ស៊ី ហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកណាតូជាផ្លូវការ កាលពីពាក់កណ្តាល ខែឧសភា ដើម្បីស្វែងរកការការពារបែបសមូហភាព។ ប៉ុន្តែតួកគីបានបង្ហាញជំហរប្រឆាំងនឹងសមាជិកភាពរបស់ប្រទេសពីរនេះ លុះត្រាតែហ្វាំងឡង់ និងស៊ុយអែតឆ្លើយតបទៅនឹងក្តីបារម្ភរបស់ខ្លួនជុំវិញបក្សពលករឃើដ និងក្រុមផ្សេងទៀតដែលតួកគីចាត់ទុកថាជាភេរវករ។ តួកគី បានចោទហ្វាំងឡង់ និងស៊ុយអែតថាបានផ្តល់កន្លែងស្នាក់នៅដល់ជនជាតិឃើដ ដែលត្រូវបានចាត់ទុកជាភេរវករ
 
ស្របពេលបើកដៃទាំងពីរទទួលយកសមាជិកភាពរបស់ប្រទេសអឺរ៉ុបខាងជើងទាំងពីរនេះ ប្រមុខសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg ក៏បានចាត់ទុកក្តីបារម្ភរបស់តួកគីជារឿងសំខាន់ដល់សន្តិសុខរបស់សម្ព័ន្ធយោធាណាតូដែរ។ 
 
«ក្តីបារម្ភទាំងនេះ គឺស្របទៅតាមច្បាប់របស់ណាតូ។ នេះគឺជាបញ្ហាអំពីភារវកម្ម និងការនាំចេញអាវុធ»។ ប្រមុខណាតូ បានសង្កត់ធ្ងន់បែបនេះអំឡុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto នៅហ្វាំងឡង់នៅថ្ងៃទី១២ ខែមិថុនា។ បើតាមលោក Stoltenberg គ្មានសមាជិកណាតូណារងការវាយប្រហារពីភេរវករខ្លាំងជាងតួកគីឡើយ។
 
បើទោះហ្វាំងឡង់ និងស៊ុយអែត បានចរចាជាមួយតួកគីជុំវិញសមាជិកភាពអង្គការណាតូក្តី ប៉ុន្តែកិច្ចពិភាក្សាទាំងនោះ មិនទាន់សម្រេចបានតាមការចង់បានរបស់ភាគីណាមួយឡើយ។ នៅថ្ងៃដដែល លោក Stoltenberg និងលោក Niinisto អះអាងថា ខ្លួននឹងបន្តចរចាជាមួយក្រុងអង់ការ៉ាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន បើទោះជាកិច្ចប្រជុំកំពូលណាតូនៅអេស្ប៉ាញនៅចុងខែមិថុនាខាងមុខនេះទំនងជាមិនអាចពន្លឿនការចូលជាសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែតក៏ដោយ។ 
 
រដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រីអាន លីនដេ កាលពីសប្តាហ៍មុនក៏បានប្រកាសរកកិច្ចចរចាបន្តប្រកបដោយការស្ថាបនាជាមួយតួកគីផងដែរ។ 
 
ក្នុងសន្និសីទដដែល លោក Stoltenberg បានចាត់ទុកតួកគីជាសម្ព័ន្ធមិត្តណាតូដ៏សំខាន់មួយ ដោយសារប្រទេសនេះស្ថិតនៅជាប់សមុទ្រខ្មៅ ហើយនៅចន្លោះតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាដែលជាទីតាំងយុទ្ធសាស្រ្ត។ កន្លងមក តួកគីបានចូលរួមជាមួយលោកខាងលិចទទួលយកជនភៀសខ្លួនអ៊ុយក្រែន និងជួយជម្លៀសជនរងគ្រោះអ៊ុយក្រែនរាប់ម៉ឺននាក់ចេញពីតំបន់សង្រ្គាម ក៏ដូចជាបានលក់ដ្រូនឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងរុស្ស៊ីផងដែរ៕
 

Tag:
 តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com