អន្តរជាតិ
ក្រុម​បព្វជិតមូស្លីមនៅ​ឥណ្ឌា ​ជំរុញឱ្យសាវ័កខ្លួនបញ្ចៀស​ការ​តវ៉ា ក្រោយមានការប៉ះទង្គិច
14, Jun 2022 , 10:02 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
មេដឹកនាំក្រុម និងវិហារឥស្លាមល្បីៗនៅឥណ្ឌា បានចេញមុខអំពាវនាវដល់អ្នកកាន់សាសនាឥស្លាម ផ្អាកផែនការតវ៉ាប្រឆាំង​នឹងការនិយាយប្រមាថលើព្យាការី Mohammad នៃសាសនាឥស្លាម ដោយសមាជិកពីរនាក់នៃបក្សកាន់អំណាចនៅឥណ្ឌា​។

 
ក្រោយការប៉ះទង្គិចគ្នារវាងអ្នកកាន់សាសនាឥស្លាម ​និងហិណ្ឌូនៅឥណ្ឌា មេដឹកនាំនៃក្រុមមូស្លីមល្បីៗបានចេញសារមួយជំរុញឱ្យសាវ័ករបស់សាសនាមួយនេះ ផ្អាកការតវ៉ា។ សារដែលធ្វើឡើងនោះ គឺដើម្បីចៀសវាងការប្រមូលផ្ដុំធ្វើបាតុកម្មដ៏ធំ បន្ទាប់ពីបាតុកម្មនៅសប្តាហ៍មុន បានឈានទៅរកហិង្សា​ ដែលបណ្តាលឱ្យក្មេងជំទង់មូស្លីមពីរនាក់ស្លាប់ និងមានអ្នករងរបួសជាង ៣០ នាក់ រួមទាំងប៉ូលិសផងដែរ។
 
«វាជាកាតព្វកិច្ចរបស់មូស្លីមគ្រប់រូបក្នុងការឈរជាមួយគ្នា នៅពេលដែលនរណាម្នាក់មើលងាយសាសនាឥស្លាម ប៉ុន្តែនៅពេលជាមួយគ្នានោះ វាគឺមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាព»។ លោក Malik Aslam សមាជិកជាន់ខ្ពស់នៃក្រុម Jamaat-e-Islami Hind អង្គការឥស្លាមដែលប្រតិបត្តិការនៅក្នុងរដ្ឋឥណ្ឌាមួយចំនួន បាននិយាយបែបនេះនៅថ្ងៃទី១២ ខែមិថុនា។ 
 
គួររំលឹកថា នៅចុងខែឧសភា និងដើមខែមិថុនា អ្នកនាំពាក្យជាន់ខ្ពស់ពីររូបរបស់គណបក្ស Bharatiya Janata (BJP) ដែលជាបក្សជាតិនិយមមាននិន្នាការរកហិណ្ឌូរបស់នាយករដ្ឋមន្ត្រី​ នារិន្ទ្រា ម៉ូឌី បានប្រមាថដល់ប្រជាជនមូស្លីម​។​ ការប្រមាថនេះធ្វើឡើង២ដង ដោយមួយលើកនៅក្នុងកម្មវិធីជជែកដេញដោលមួយដែល​បានចាក់ផ្សាយលើទូរទស្សន៍ និងមួយទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
 
ក្រោយកើតបញ្ហានេះ បក្ស Bharatiya Janata បានសម្រេចព្យួរសមាជិកភាពរបស់បុគ្គលទាំង២។ លើសពីនេះ បក្ស Bharatiya Janata បាន​ថ្កោលទោស​រាល់​ការ​ប្រមាថ​ចំពោះ​សាសនា​ណាមួយ។ ប៉ូលិសឥណ្ឌា ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងអ្នកទាំងពីរដែរ ដែលនេះជាជំហានមួយអាចឈានទៅដល់ការស៊ើបអង្កេតជាផ្លូវការ។ យ៉ាងណាមិញ បើទោះបីជាមានចំណាត់ការទាំងនេះក្តី ប្រជាជនមូស្លីមនៅតែបន្តខឹងសម្បារ និងធ្វើបាតុកម្ម។ 
 
ប៉ូលិសឥណ្ឌាបាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យយ៉ាងតិច ៤០០នាក់ អំឡុងពេលមានចលាចលក្នុងរដ្ឋមួយចំនួន។ ទន្ទឹមនេះ បម្រាមគោចរត្រូវបានអនុវត្តក្នុងប្រទេស ខណៈសេវាអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់នៅកន្លែងខ្លះ៕
 

Tag:
 ឥណ្ឌា
  មូស្លីម
© រក្សាសិទ្ធិដោយ thmeythmey.com