អន្តរជាតិ
លោក យ៉ាង ជាឈី៖ អាម៉េរិកមិនបានធ្វើតាមសន្យាចំពោះចិនឡើយទាក់ទិនបញ្ហាតៃវ៉ាន់
14, Jun 2022 , 2:16 pm        
រូបភាព
មន្រ្តីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី ជជែកជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលីវែន។ រូបភាព៖ Xinhua
មន្រ្តីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី ជជែកជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលីវែន។ រូបភាព៖ Xinhua
មន្រ្តីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី នៅថ្ងៃទី១៣ ខែមិថុនា បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលីវែន ថា គោលនយោបាយរបស់អាម៉េរិកនាពេលថ្មីៗនេះ គឺមិនដូចទៅនឹងការសន្យារបស់ខ្លួន ដែលបានធ្វើឡើងនាពេលកន្លងមកឡើយ។ បើតាមលោក យ៉ាង អាម៉េរិក បានអះអាងថា ខ្លួនមិនបានស្វះស្វែងរកសង្រ្គាមត្រជាក់បែបថ្មីជាមួយចិនទេ ប៉ុន្តែបែរជាបន្តគាបសង្កត់ និងប្រឹងទប់ក្រុងប៉េកាំង។



 
 
ទំនាក់ទំនងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង មានភាពល្អក់កករលើបញ្ហាជាច្រើន ជាពិសេសបញ្ហាទាក់ទិនកោះតៃវ៉ាន់។ មួយរយៈចុងក្រោយ ចិនបានប្រើពាក្យសម្តីធ្ងន់ៗលើអាម៉េរិកយ៉ាងខ្លាំង បន្ទាប់ពីក្រសួងការបរទេសអាម៉េរិក បានឯកភាពលក់បរិក្ខារយោធាឱ្យកោះតៃវ៉ាន់ជាបន្តបន្ទាប់ក្នុងទំហំជាច្រើនលានដុល្លារ។ 
 
ក្នុងជំនួបរយៈពេលប្រមាណ ៤ម៉ោង និង៣០នាទី ជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលីវែន នៅលុចសំបួ ក្នុងថ្ងៃទី១៣ ខែមិថុនា លោក យ៉ាង ជាឈី សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិនបានទទូចឱ្យអាម៉េរិក គោរពតាមការសន្យារបស់ខ្លួន, គ្រប់គ្រងបញ្ហាកោះតៃវ៉ាន់ឱ្យបានត្រឹមត្រូវ និងគោរពគោលការណ៍ចិនតែមួយ។ លោក យ៉ាង បានយល់ថា គោលនយោបាយរបស់អាម៉េរិកនាពេលថ្មីៗនេះ មិនដូចនឹងការសន្យារបស់ប្រធានាធិបតីអាម៉េរិក ដែលបានធ្វើជាមួយមេដឹកនាំចិន នាពេលកន្លងមកឡើយ។ 
 
«បើទោះមានការឯកភាពកន្លងមក អាម៉េរិកបន្តគ្រប់គ្រង និងគាបសង្កត់ចិន។ គោលនយោបាយបែបនេះ មិនអាចជួយអាម៉េរិកដោះស្រាយបញ្ហា ប៉ុន្តែមានតែធ្វើឱ្យមានផលលំបាកនៅក្នុងទំនាក់ទំនងទ្វេភាគី»។ លោក យ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មការការបទេសមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រាប់លោក ស៊ូលីវែនបែបនេះ បន្ទាប់ពីរំឭកសម្តីរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលបានសន្យាគោរពតាមគោលការណ៍ចិនតែមួយ មិនផ្លាស់ប្តូរប្រព័ន្ធចិន រួមទាំងគ្មានបំណងស្វះស្វែងរកជម្លោះជាមួយចិន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ការលើកឡើងរបស់មន្រ្តីបក្សកុម្មុយនីស្តចិនបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្កើនទំនាក់ទំនងជាមួយក្រុងតៃប៉ិយ៉ាងខ្លាំងមួយរយៈនេះ ទាំងផ្នែកពាណិជ្ជកម្ម និងយោធា។ កន្លងមក ក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន បានសម្ពោធគំនិតផ្តួចផ្តើមពាណិជ្ជកម្មសតវត្សរ៍ទី២១ ហើយថែមទាំងលក់គ្រឿងបរិក្ខារថែទាំនាវាចម្បាំង ក្នុងទំហំ ១២០លានដុល្លារ។ 
 
ក្នុងជំនួបផ្ទាល់នេះ មន្រ្តីការទូតជាន់ខ្ពស់ចិន បានព្រមានថា ការគ្រប់គ្រងបញ្ហាតៃវ៉ាន់ខុស នឹងបំផ្លាញដល់មូលដ្ឋានទំនាក់ទំនងនយោបាយទ្វេភាគី ហើយថែមទាំងអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀត។ បើតាមលោក យ៉ាង រដ្ឋាភិបាលប៉េកាំងប្តេជ្ញា និងមានសមត្ថភាពក្នុងការពារអធិបតេយ្យ និងបូរណភាពដែនដីខ្លួន។ 
 
បើទោះមានការប្រើពាក្យសម្តីខ្លាំងៗ​ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេសចិន និងសេតវិមាន បានចាត់ទុកជំនួបរវាងមន្រ្តីចិន និងមន្រ្តីអាម៉េរិក គ្មានភាពលាក់លៀម, ការពិភាក្សាប្រកបដោយការស្ថាបនា និងស៊ីជម្រៅ។ លោក យ៉ាង និងលោក ស៊ូលីវែន បានឯកភាព បង្កើនការចរចាដើម្បីកាត់បន្ថយការយល់ខុស និងគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ដោយគោរពតាមការព្រមព្រៀងរបស់ប្រធានាធិបតីអាម៉េរិក និងចិន នាពេលកន្លងមក។ 
 
បន្ថែមពីបញ្ហាតៃវ៉ាន់ ការសាកល្បងមីស៊ីល និងទណ្ឌកម្មលើកូរ៉េខាងជើង ក៏ជាប្រធានបទដ៏សំខាន់ដែរ ដែលមន្រ្តីចិន និងអាម៉េរិកលើកយកពិភាក្សា។ ក្នុងជំនួបនោះ លោក ស៊ូលីវែន បានបង្ហាញពីក្តីបារម្ភ ជុំវិញការសាកល្បងមីស៊ីលប៉ាលីស្ទិករបស់ក្រុងព្យុងយ៉ាង ម្តងហើយម្តងទៀត រួមទាំងការត្រៀមខ្លួនសម្រាប់ការសាកល្បងនុយក្លេអ៊ែរផង។ 
 
សូមបញ្ជាក់ថា ជំនួបមួយខាងលើនេះ បានរៀបចំឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិចិន និងអាម៉េរិកនៅសិង្ហបុរី។ ក្នុងជំនួបជាន់ខ្ពស់នោះ ប្រមុខការពារជាតិចិន លោក វៃ ហ្វឹងហឺ បានប្រាប់សមភាគីអាម៉េរិក លោក ឡយ អូស្ទីន យ៉ាងច្បាស់ៗថា ចិនមិនស្ទាក់ស្ទើរនឹងចាប់ផ្ដើមសង្រ្គាមដើម្បីតៃវ៉ាន់ឡើយ បើមានអ្នកណាចង់ផ្ដាច់តៃវ៉ាន់ពីចិន។ បើតាមលោក វៃ តៃវ៉ាន់ ជាកម្មសិទ្ធិរបស់ចិន ហើយការប្រើប្រាស់បញ្ហាតៃវ៉ាន់ដើម្បីព័ទ្ធចិន នឹងមិនបានសម្រេចឡើយ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com