ជាតិ
សង្គមជាតិ
រឿង«គ្រួសារសុខសាន្ត»របស់ BBC Media Action នឹងចាក់បញ្ចាំងនៅថ្ងៃ១៩មិថុនា លើទូរទស្សន៍ CTN
14, Jun 2022 , 2:59 pm        
រូបភាព
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ «គ្រួសារសុខសាន្ត»ជាប្រភេទរឿងភាគកំប្លែងបែបអប់រំរបស់អង្គការ BBC Media Action ដែលនឹងលាតត្រដាង និងការស្វែងយល់អំពីលក្ខណៈមួយចំនួន ដើម្បីក្លាយជាគ្រួសារដ៏សុខសាន្តនៅកម្ពុជា ក្នុងសតវត្សរ៍ទី២១។ រឿងនេះ មាន១៣ភាគ ដែលគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTN រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២២​តទៅ។​

 
រឿង«គ្រួសារសុខសាន្ត» ត្រូវបានផលិតឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីតថភាពរស់នៅរបស់មនុស្សនៅក្នុងសង្គមជាក់ស្ដែង​ជុំវិញការរស់នៅមិនចុះសម្រុងគ្នាក្នុងគ្រួសារ និងបង្ហាញពីគម្លាតឪពុកម្ដាយពុំសូវមានពេលមើលថែកូន។ លើសពីនេះ ​រឿងនេះក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់យុវជនក្នុងកិច្ចការសាធារណៈនានា ដើម្បីជួយអភិវឌ្ឍសហគមន៍របស់ពួកគេឱ្យកាន់តែប្រសើរ ផងដែរ។​
 


សាច់រឿងនៃគ្រួសារសុខសាន្តនេះ មាន ពូសុខ និងមីងសាន្ត គឺជាតួអង្គឪពុកម្តាយដែលមានកូនប្រុស-ស្រីចំនួន៣នាក់។ ក្នុងនោះ មានចន្ទ ជាកូនស្រីច្បង ជាតួអង្គមិនសូវនិយាយស្តីក្នុងគ្រួសារ ​ខណៈក្តឹបអំពិល  ជាតួអង្គកូនស្រីព្រៅ គឺមានមហិច្ឆតាធំ ដែលវានៅតែបន្តធ្វើឱ្យនាងមានបញ្ហាជាមួយគ្រួសារ។ ដោយឡែក តួអង្គកូនប្រុសក្នុងសាច់រឿង«គ្រួសារសុខសាន្ត»នេះ គឺឈ្មោះ ទិត្យ ដែលមានអាកប្បកិរិយាប្លែកៗចំពោះជីវិតរបស់គេប្រចាំថ្ងៃ និងកំពុងសាកល្បងជាមួយមនុស្សគ្រប់គ្នានៅជុំវិញខ្លួន។​
 
បើតាមលោកស្រី Gemma Hayman នាយិកាប្រចាំប្រទេសនៃអង្គការ BBC Media Action  រឿងនេះផលិតឡើង គឺមានគោលបំណងឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់យុវជន, ភាពជាគំរូល្អៗដែលពួកគេអាចចូលរួមជីវិតសាធារណៈ និងលើកទឹកចិត្តឱ្យមានការសិក្សាលើបញ្ហាទាំងនេះប្រកបដោយភាពស្រុះស្រួល និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា។ លោកស្រី បាននិយាយដូច្នេះ៖ « យើងសង្ឃឹមថា​ទស្សនិកជន នឹងចូលចិត្តរឿងគ្រួសារសុខសាន្ត»។​
 


ជាមួយគ្នានេះ លោក Rajveer Singh អគ្គនាយកប្រតិបត្តិបណ្ដាញទូរទស្សន៍កម្ពុជា(CBS) បានលើកឡើងថា ក្រុមហ៊ុនកំពុងចែករំលែកនូវចក្ខុវិស័យរួមមួយ ក្នុងការនាំយកទៅឱ្យភាគីពាក់ព័ន្ធនូវការកម្សាន្តដ៏ល្អបំផុត ហើយរឿង«គ្រួសារសុខសាន្ត» ជាការចូលរួមចំណែកសំខាន់សម្រាប់CBS។​ លោកបានបញ្ជាក់បែបនេះថា៖​ « វាជាមោទកភាពមួយសម្រាប់CBS ក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីនាំគ្រួសារសុខសាន្ត ទៅកាន់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា»។
 
រឿងភាគទូរទស្សន៍ថ្មីនេះ ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពយុវជនតាមរយៈពហុវេទិការបស់អង្គការ BBC Media Action    គម្រោងក្លាហាន9 ស្ពេស (Klahan9 SPACE) ដែលជួយគាំទ្រដល់ការចូលរួមពិភាក្សា និងចូលរួមអភិវឌ្ឍសហគមន៍របស់ប្រជាពលរដ្ឋ ដែលតផ្តល់ត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC)  និងស្ថានទូតស៊ុយអែត​នៅកម្ពុជា។​
 


លោកស្រី​Adrian Scheller ប្រធាន Governance Portfolio នៃSDC មានប្រសាសន៍ថា SDC មានមោទកភាពណាស់ក្នុងការក្លាយជាផ្នែកមួយនៃកម្មវិធីទូរទស្សន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ​ ព្រោះនេះ គឺជាធាតុផ្សំដ៏សំខាន់មួយនៃគម្រោង Klahan9 SPACE)។ « យើងសង្ឃឹមថា កម្មវិធីនេះ​នឹងផ្សព្វផ្សាយទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ និងចម្រុះនៅទូទាំង​ប្រទេស ហើយ វានឹងជំរុញឱ្យមានការឆ្លុះបញ្ចាំងពីគ្នាទៅវិញទៅមកនៅក្នុងគ្រួសារ និងក្នុងចំណោមសហគមន៍»។ លោកស្រី​Adrian Scheller បានថ្លែងបែបនេះដោយបន្តនិយាយដូច្នេះ៖ «យើងមានមោទកភាពក្នុងការចាប់ដៃគូជាអង្គការ BBC Media Action ដើម្បីប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទងជាឧបករណ៍សំខាន់ ដើម្បីជំរុញ និងគាំទ្រយុវជនកម្ពុជាឱ្យចូលរួមក្នុងជីវិតសាធារណៈ»។​
 
សម្រាប់ លោកCamilla Ottosson ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា) បានលើកឡើងថា ស្របតាមយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែតជាមួយកម្ពុជា ដែលផ្ដោតទៅលើសិទ្ធិមនុស្ស លទ្ធិប្រជាធិតេយ្យ និងនីតិរដ្ឋ ឃើញថា អង្គការ BBC Media Action គឺជាដៃគូដ៏ល្អបំផុតនៅកម្ពុជា ដែលជួយគាំទ្រយុវជនឱ្យចូលរួមពិភាក្សា និងអភិវឌ្ឍសហគមន៍របស់ខ្លួន។ លោក Ottsson បានបញ្ជាក់ថា៖« ការផ្សារភ្ជាប់ជាមួយយុវជនតាមរយៈការកម្សាន្តបែបអប់រំលើប្រធានបទសំខាន់ៗ ដែលទាក់ទងនឹងសង្គម គឺជារឿងល្អណាស់ ហើយយើងសង្ឃឹមថា វានឹងដល់ទស្សនិកជនជាច្រើន និងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរស់នៅរបស់យុវជននៅកម្ពុជា»។
 


សូមជម្រាបថា រឿងភាគទូរទស្សន៍ថ្មីនេះ ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពយុវជនតាមរយៈពហុវេទិការរបស់អង្គការ BBC Media Action គម្រោងក្លាហាន9 ស្ពេស(Klahan9 SPACE) ដែលជួយគាំទ្រដល់ការចូលរួមពិភាក្សា និងការចូលរួមអភិវឌ្ឍសហគមន៍របស់ប្រជាពលរដ្ឋ ដែលត្រូវបានផ្ដល់មូលនិធិដោយទីភ្នាក់ងារស្វីល សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) ស្ថានទូតស៊ុយអែត ដែលមានការិយាល័យនៅរាជធានីភ្នំពេញ។ ក្រុមការងាររបស់អង្គការ BBC Media Action ក្រៅពីផលិតរឿងគ្រួសារសុខសាន្តនេះ កន្លងមកក៏បានផលិតរឿង ស្ថានីយក្តីស្រមៃ, កុំចាំទឹកភ្លៀង និងរឿងផ្ទះក្លាហាន៩ ផងដែរ៕
 

 
 

Tag:
 សិស្បៈ
  BBC Media Action
© រក្សាសិទ្ធិដោយ thmeythmey.com