អន្តរជាតិ
លោកប្លីងខិន៖ អាម៉េរិកគ្មានបំណងបង្កអរិភាពជាមួយកូរ៉េខាងជើងឡើយ
14, Jun 2022 , 4:06 pm        
រូបភាព
ប្រមុខការទូតអាម៉េរិក លោកអាន់តូនី ប្លីងខិន ជាមួយសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន នៅក្រុងវ៉ាស៊ីនតោន។ រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំនៅកូរ៉េខាងត្បូង
ប្រមុខការទូតអាម៉េរិក លោកអាន់តូនី ប្លីងខិន ជាមួយសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន នៅក្រុងវ៉ាស៊ីនតោន។ រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំនៅកូរ៉េខាងត្បូង
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៣ ខែមិថុនា មានជំនួបជាមួយសមភាគីកូរ៉េខាងត្បូង​​ លោក ផាក ជីន នាក្រុងវ៉ាស៊ីនតោន។ លោកប្លីងខិន បានលើកឡើងថា អាម៉េរិក ពិតជាគ្មានបំណងបង្កអរិភាពជាមួយកូរ៉េខាងជើងឡើយ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលតុចរចាជាថ្មី ជុំវិញការរំសាយកម្មវិធីនុយក្លេអ៊ែរ។

 
ក្នុងជំនួបលើកដំបូងជាមួយសមភាគីកូរ៉េខាងត្បូងផាក ជីន ដែលកំពុងធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបញ្ជាក់ថ្មីជំហររបស់អាម៉េរិកក្នុងការចរចាជាមួយកូរ៉េខាងជើង។ ដោយមើលឃើញពីការបាញ់មីស៊ីលញឹកញាប់ពីសំណាក់ក្រុងព្យុងយ៉ាង លោក ប្លីងខិន អះអាងថា លក្រុងវ៉ាស៊ីនតោន នៅតែបន្តស្វះស្វែងរកការរំសាយកម្មវិធីនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ ខណៈទ្វារសម្រាប់ចរចា នៅតែបន្តបើកចំហ។
 
«អាម៉េរិក ពិតជាគ្មានបំណងបង្កភាពជាសត្រូវជាមួយកូរ៉េខាងជើងឡើយ»។ ប្រមុខការទូតអាម៉េរិកបានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីកូរ៉េខាងត្បូង នាក្រសួងការបរទេសអាម៉េរិក ដោយបន្ថែមថា រដ្ឋាភិបាលអាម៉េរិក បានត្រៀមខ្លួនជាស្រេច ក្នុងការជួយកូរ៉េខាងជើង ដែលកំពុងរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ និងបញ្ហាលំបាកផ្សេងៗ នៅក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិកចេញនៅថ្ងៃទី១៣ ខែមិថុនា។
 
ត្រង់ចំណុចនេះ លោកប្លីងខិន បានបញ្ជាក់ថា គោលបំណងរបស់អាម៉េរិក គ្រាន់តែចង់រក្សាសន្តិភាព រួមទាំងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកប៉ុណ្ណោះ។ ផ្ទុយទៅវិញ មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បានព្រមានថា បើរដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនផ្លាស់ប្តូរកម្មវិធីនុយក្លេអ៊ែរ រួមទាំងមីស៊ីលរបស់ខ្លួនទេ អាម៉េរិកនៅតែបន្តដាក់សម្ពាធ។ កន្លងមក អាម៉េរិក បានដាក់សម្ពាធលើកូរ៉េខាងជើងដោយផ្ទាល់ តាមរយៈទណ្ឌកម្មសេដ្ឋកិច្ចដោយផ្ទាល់ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែលនោះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងនឹងរងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីសម្ព័ន្ធមិត្ត និងសហគមន៍អន្តរជាតិ ប្រសិនបើហ៊ានសាកល្បងនុយក្លេអ៊ែរលើកទី៧ ដែលត្រូវបានរំពឹងថា អាចធ្វើឡើងនៅក្រោមដី។ បើតាមលោក ផាក ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ក៏បានពិភាក្សាពីចន្លោះប្រហោងរបស់ទណ្ឌកម្មលើក្រុងព្យុងយ៉ាងដែរ ដើម្បីធ្វើឱ្យសម្ពាធទាំងនោះ កាន់តែមានប្រសិទ្ធភាព។ 
 
ទន្ទឹមនេះ ប្រមុខការទូតកូរ៉េខាងត្បូង ក៏បានជំរុញឱ្យក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងវិលត្រលប់មកកាន់តុចរចា។ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com