កីឡាអន្តរជាតិ
អន្តរជាតិ
កូស្តារីកា ឡើងទៅ World Cup លើកទី៦ ក្រោយយកឈ្នះនូវែលសេឡង់ នាជំនួបអន្តរទ្វីប
15, Jun 2022 , 11:18 am        
រូបភាព
ក្រុមជម្រើសជាតិកូស្តារីកា ឈ្នះកៅអី World Cup 2022 ចុងក្រោយគេបង្អស់ ក្រោយបំបាក់ក្រុមនូវែលសេឡង់ លទ្ធផល ១-០ នៃជំនួបប្រកួតជម្រុះ Play-Off អន្តរទ្វីប នាកីឡដ្ឋាន Ahmad bin Ali ថ្ងៃទី១៥ ខែមិថុនា។


គ្រាប់បាល់ជ័យជម្នះរបស់កូស្តារីកាលើនូវែលសេឡង់ ធ្វើបានដោយកីឡាករ Joel Campbell នៅដើមវគ្គទីមួយ នាទី៣ ដែលជាអតីតខ្សែបម្រើធ្លាប់លេងនៅក្រុមកាំភ្លើងធំ Arsenal។ 
ដ្បិតនៅនាទី៦៧ នូវែលសេឡង់បានបាត់បង់កីឡាករមួយរូប ហើយកូស្តារីកាមិនអាចស្វែងរកគ្រាប់បានបន្ថែមលើ នូវែលសេឡង់ត្រឹមគ្នា១០នាក់ឡើយ។
 
មុនពេលឡើងមកជួបគ្នានៅជំនួប Play-Off អន្តរទ្វីបនេះ កូស្តារីកាជាក្រុមឈរលេខ៤ដែលទទួលបានកន្លះកៅអី ពីការប្រកួតសន្សំពិន្ទុក្នុងពូលទ្វីបអាម៉េរិកខាងជើង CONCACAF។ ចំណែកនូវែលសេឡង់ ជាក្រុមដែលឈ្នះកន្លះកៅអីពីការប្រកួតជម្រុះទ្វីបអូសេអានី ដោយយកឈ្នះលើជម្រើសជាតិកោះសូឡូមូន។
 
នេះជាលើកទី៦ ដែលកូស្តារីកាបានឡើងទៅ World Cup ដោយលើកដំបូងនៅឆ្នាំ ១៩៩០ ប្រទេសអ៊ីតាលី, ២០០២ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង, ២០០៦ ប្រទេសអាល្លឹម៉ង់, ២០១៤​ ប្រទេសប្រេស៊ីល, ២០១៨ ប្រទេសរុស្ស៊ី និងឆ្នាំ ២០២២ នេះ។ 
 
កូស្តារីកាជាក្រុមបង្រ្គប់ទី៣២ ចុងក្រោយគេ ដែលនឹងស្ថិតនៅក្នុងពូល E ជាមួយក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ ជប៉ុន និងអេស្ប៉ាញ ដែលព្រឹត្តិការណ៍ World Cup និងធ្វើឡើង ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូ។
 
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមិថុនា ក្រុមអូស្ត្រាលីគឺជាក្រុមទី៣១ ដែលឈ្នះកៅអី World Cup ក្រោយទម្លាក់ក្រុមប៉េរូ មកពីទ្វីបអាម៉េរិកខាងត្បូង ដែលមានកន្លះកៅអី។
 
ខាងក្រោមនេះជាក្រុមដែលស្ថិតនៅក្នុងពូលនីមួយៗ សម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតាក្នុងពេលខាងមុខ។
    ពូល A: កាតា, អេក្វាទ័រ, សេណេហ្គាល់, ហូឡង់
    ពូល B: អង់គ្លេស, អ៊ីរ៉ង់, អាម៉េរិក, វែលិ៍
    ពូល C: អាហ្សង់ទីន, អារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, ប៉ូឡូញ
    ពូល D: បារាំង, អូស្ត្រាលី, ដាណឺម៉ាក, ទុយនេស៊ី
    ពូល E: អេស្ប៉ាញ, កូស្តារីកា, អាល្លឺម៉ង់, ជប៉ុន
    ពូល F: បែលហ្ស៊ិក, កាណាដា, ម៉ារ៉ុក, ក្រូអាស៊ី
    ពូល G: ប្រេស៊ីល, ស៊ែប៊ី, ស្វ៊ីស, កាម៉េរ៉ូន
    ពូល H: ព័រទុយហ្កាល់, ហ្គាណា, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង៕
 

Tag:
 Costa Rica
  World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com