កីឡាអន្តរជាតិ
អន្តរជាតិ
លោក Karembeu បេសកជន FIFA រំពឹងបារាំងឈ្នះ World Cup ម្តងទៀត តែសម្ដេច ហ៊ុន សែន ថា «បាល់មូល»
15, Jun 2022 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយលោក Cristian Karembeu បេសកជន FIFA នាវិមានសន្តិភាព ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ ២០២២។ រូបភាព៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយលោក Cristian Karembeu បេសកជន FIFA នាវិមានសន្តិភាព ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ ២០២២។ រូបភាព៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Cristian Karembeu ថ្ងៃទី១៥ ខែមិថុនា ជាបេសកជនរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលដឹកនាំពានរង្វាន់ FIFA World Cup មកកម្ពុជា បាននិយាយថា លោករំពឹងក្រុមជម្រើសជាតិបារាំងអាចឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះជាថ្មីម្តងទៀតនៅកាតា។



Christian Karembeu ជាអតីតកីឡាករជម្រើសជាតិបារាំងដែលធ្លាប់បានជួយបារាំងឈ្នះ World Cup ឆ្នាំ ១៩៩៨ ហើយក៏ជាការឈ្នះពានលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់មាន់គកបារាំង។ អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ធ្លាប់លេងឱ្យក្លិបធំៗប្រចាំអឹរ៉ុបដូចជា Real Madrid របស់អេស្ប៉ាញ, Nantes បារាំង, Sampdoria អ៊ីតាលី, Middlebrough FC អង់គ្លេស, Olympiacos របស់ក្រិក, Servette ស្វីស និងក្លិប Bastia លីគទីពីរបារាំង។
 
កាលពីឆ្នាំ ២០១៨ បារាំងដែលដឹកនាំដោយលោក Didier Deschamps ក្លាយជាក្រុមជើងឯក World Cup ក្រោយឈ្នះក្រូអាស៊ីលទ្ធផល ៤-២ នៅប្រទេសរុស្ស៊ី និងជាលើកទី២ប្រចាំប្រវត្តិសាស្រ្ត។ សម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅកាតា បារាំងនឹងត្រូវប្រកួតក្នុងនាមជាក្រុមការពារតំណែងជើងឯក ​World Cup ឆ្នាំ ២០១៨។
 
និយាយនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងវិមានសន្តិភាពប្រទេសកម្ពុជា និងចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ​អតីតខ្សែបម្រើវ័យ ៥១ឆ្នាំរូបនេះ និយាយថាលោករំពឹង ក្រុមជម្រើសជាតិបារាំងនឹងឈ្នះ World Cup លើកទីបីក្នុងឆ្នាំនេះនៅកាតា។
 
«ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានដឹកនាំពានរង្វាន់លំដាប់ពិភពលោកមួយនេះមកកាន់កម្ពុជា ។ ពេលខ្ញុំឃើញពានរង្វាន់មួយនេះ វាពិតជាពិសេសសម្រាប់ខ្ញុំនឹកដល់ឆ្នាំ ១៩៩៨ ពេលខ្ញុំជាកីឡាករម្នាក់ដែលបានជួយបារាំងឈ្នះ World Cup លើកដំបូងក្រោយបំបាក់ក្រុមប្រេស៊ីលជាមួយមិត្តរួមក្រុមផ្សេងទៀត។ យើងបានអបអរការឈ្នះនេះជាមួយប្រជាជនបារាំងទូទាំងប្រទេស ហើយកាលឆ្នាំ ២០១៨ បារាំងក៏បានឈ្នះវាម្តងទៀត ក្នុងឆ្នាំនេះផងដែរខ្ញុំរំពឹងថា បារាំងនិងអាចឈ្នះពាននេះម្តងទៀត។»។ នេះបើតាមសម្តីលោក Christian Karembeu។
 
លើសពីនេះ សម្តេច ហ៊ុន​ សែន ក៏បានមានប្រសាសន៍ជូនពរដល់ក្រុមជម្រើសជាតិបារាំងក្នុងការឈ្នះពានរង្វាន់ World Cup នេះម្តងទៀត។ «ខ្ញុំក៏សូមជូនពរដល់ក្រុមបាល់ទាត់បារាំងបានឈ្នះសារជាថ្មីម្តងទៀត។ ប៉ុន្តែបាល់គឺវាមូល យើងថាបារាំងអាចឈ្នះក៏ប៉ុន្តែបាល់វាមូល ជួនកាលទាត់មិនចូលអាចធ្លាក់ត្រឹមវគ្គជម្រុះក៏ថាបាន។»។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍បែបនេះ។
 
យ៉ាងណាមិញ សម្តេច ហ៊ុន សែន ទទួលដំណើរគោចរពានរង្វាន់ FIFA World Cup នេះស្របពេលដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះនៅប្រទេសកាតា បានរកឃើញក្រុមទាំង ៣២ ក្រោយពេលកូស្តារីកា ឈ្នះក្រុមនូវែលសេឡង់ លទ្ធផល ១-០។ 
 
កម្ពុជាជាប្រទេសទី២១​ ហើយដែលកម្មវិធីដំណើរជុំវិញពិភពលោកនៃពានរង្វាន់ FIFA World Cup ឬ FIFA World Cup Trophy Tour បានឆ្លងកាត់មកដល់ ដើម្បីតាំងបង្ហាញ ពីចំណោម ៥០ប្រទេសផ្សេងទៀត ដែលបានឆ្លងកាត់រួច និងមិនទាន់ទៅដល់។ 
 
បើតាមសហព័ន្ធ FIFA ពាន World Cup នេះ នឹងត្រូវដាក់តាំងនៅកម្មវិធី Coca-Cola Arena ក្នុងទីក្រុងឌូបៃនាដំណើរចុងក្រោយគេបង្អស់ ដែលមានអតីតវីរបុសក្លិប Real Madrid ពីររូបរួមមាន Iker Casillas និង Kaka រង់ចាំទទួល។ 
 
គួររំលឹកថាព្រឹត្តិការណ៍ World Cup ប្រទេសកាតានឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ នាចុងឆ្នាំ ២០២២៕
 

Tag:
 ​Christian Karembeu
  World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com