អត្ថបទពាណិជ្ជកម្ម
គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា
16, Jun 2022 , 11:47 am        
រូបភាព
 រាជធានីភ្នំពេញ ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ – នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បានចូលជួបសម្តែងការគួរសម ជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ៨ ខែមិថុនា ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីម្តងទៀត របស់ក្រុមហ៊ុន Smart Axiata ក្នុងការជំរុញការអភិវឌ្ឍ​ន៍វិស័យទូរគមនាគមន៍ និងឌីជីថលរបស់ប្រទេសកម្ពុជា។
 
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ និងសក្តានុពលនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ក្នុងការពន្លឿន និងពង្រីកសេដ្ឋកិច្ចឌីជីថល របស់ប្រទេសកម្ពុជា។ ភាគីទាំងអស់ បានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ការបង្កើនជំនាញឌីជីថល និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ គឺជាមធ្យោបាយដ៏សំខាន់ ក្នុងការពង្រឹងចក្ខុវិស័យឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។


 
តំណាងក្រុមហ៊ុន Axiata Group Berhad ក៏បានពិភាក្សា លើរបៀបដែលក្រុមហ៊ុនពង្រីកវិសាលភាពឌីជីថល ទៅក្នុងសហគមន៍នានាទូទាំងប្រទេស ចំនួន ១១ ក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូង ស្របតាមគោលបំណងរបស់ខ្លួន ក្នុងការជំរុញសក្ដានុពលក្នុងតំបន់អាស៊ី ខណៈបង្ហាញបំណងប្រាថ្នា ដើម្បីប្រើប្រាស់អានុភាពរបស់ខ្លួនក្នុងតំបន់ និងសហការជាមួយក្រសួង ក្នុងគោលបំណងផ្លាស់ប្តូរគំនិត ក៏ដូចជាសហប្រតិបត្តិការ រវាងភាគីទាំងពីរនាពេលអនាគត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រចាំតំបន់ បានបម្រើសេវាដល់អតិថិជន ដែលកំពុងប្រើប្រាស់ទូរសព្ទចល័តចំនួន ១៦៣,១ លាននាក់ និងបានផ្តល់ឱកាសការងារប្រមាណ ៧០០ ០០០ កន្លែង នៅក្នុងតំបន់ផងដែរ។ 
 
លើសពីនេះ ក្នុងនាមជាបុត្រសម្ព័ន្ធមួយ ក្នុងតំបន់របស់ក្រុមហ៊ុន Axiata ការរួមចំណែកចុងក្រោយបំផុត របស់ក្រុមហ៊ុន Smart Axiata ដល់សេដ្ឋកិច្ចកម្ពុជា មានចំនួន ៤១៦ លានដុល្លារអាម៉េរិកដល់សេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យ ១,៦ភាគរយ នៃផលិតផលជាតិសរុប (GNP) របស់កម្ពុជា ដែលទឹកប្រាក់ជាង ១០០ លានដុល្លារ បានបង់ចូលកាតព្វកិច្ចពន្ធ​អាករ ហើយទឹកប្រាក់៨០លានដុល្លារបន្ថែមទៀត ត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Axiata Group បានរំលឹកឡើងវិញ ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍តាមរយៈការវិនិយោគផ្ទាល់ និងកម្មវិធីសង្គម។


 
ក្រុមហ៊ុន Smart Axiata ចំណាយជាង ១ ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន លើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅក្នុងវិស័យអប់រំ បរិស្ថាន និងនវានុវត្តន៍បច្ចេកវិទ្យា។ តាមរយៈ មូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីនាំយកកម្មវិធី ដែលបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានភាពធន់ ខណៈជួយបំប៉នជំនាញ និងចំណេះដឹងសំខាន់ៗ ដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ  ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។
 
តាមរយៈ មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) ក្រុមហ៊ុនក៏បានបង់វិភាគទាន២ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន ពីសេវាចល័តដល់គម្រោងនានាជាច្រើនរៀងរាល់ឆ្នាំ ដែលជួយជំរុញការពង្រីក និងធ្វើឲ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត​ចល័ត និងគុណភាពនៃបណ្តាញ។  


 
ក្រុមហ៊ុន Smart Axiata គឺជាអ្នកគាំទ្រដំណើរការប្រព័ន្ធអេកូឌីជីថល និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្កើតឌីជីថលកម្ពុជា ដោយក្រុមហ៊ុន Smart គាំទ្រយ៉ាងសកម្ម និងបណ្ដុះបណ្ដាល អាជីវកម្មឌីជីថលទើបបង្កើតថ្មី និងសហគ្រិនបច្ចេកវិទ្យារបស់កម្ពុជា ហើយបន្តពង្រីក និងការអភិវឌ្ឍន៍ អ្នកដឹកនាំឌីជីថល ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនឌីជីថល របស់ប្រទេសកម្ពុជា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នាពេលខាងមុខ។
 
ជាកិច្ចចុងក្រោយ តំណាងក្រុមហ៊ុន Axiata Group និងតំណាងក្រុមហ៊ុន Smart Axiata បានថ្លែងអំណរគុណដល់ក្រសួង ដែលបន្តការគាំទ្រ និងកិច្ចសហការ ក្នុងគោលបំណងរួមគ្នា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ឆ្ពោះទៅមុខ ខណៈលុបបំបាត់គម្លាតឌីជីថល និងបន្តផ្តល់ស្ថិរភាព នៃបណ្ដាញទំនាក់ទំនងសម្រាប់ប្រជាជនកម្ពុជា៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com