អន្តរជាតិ
WTO អនុម័តកញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាក់ទិនជំងឺឆ្លង និងសន្តិសុខស្បៀង
17, Jun 2022 , 2:47 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៧ ខែមិថុនា បានអនុម័តកញ្ចប់កិច្ចព្រមព្រៀងមួយទាក់ទិននឹងវ៉ាក់សាំងជំងឺកូវីដ-១៩ សន្តិសុខស្បៀង និងឧបត្ថម្ភធនលើការនេសាទជាដើម។ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បានអះអាងថា កញ្ចប់នៃកិច្ចព្រមព្រៀងនេះ នឹងជួយកែលម្អជីវភាពប្រជាជននៅលើពិភពលោក។ 

 
ក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ ដែលរៀបចំឡើងចាប់តាំងពីថ្ងៃទី១២ ខែមិថុនា និងបញ្ចប់នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នាទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក តំណាងពាណិជ្ជកម្មនៃបណ្តាប្រទេស ១៦៤ បានអនុម័តលើកញ្ចប់ពាណិជ្ជកម្មមួយ ដែលមានកិច្ចព្រមព្រៀងចំនួន ៦ ពាក់ព័ន្ធនឹងការនេសាទ វ៉ាក់សាំង និងសន្តិសុខស្បៀងជាដើម។ 
 
«កញ្ចប់នៃកិច្ចព្រមព្រៀងទាំងនេះ...នឹងផ្លាស់ប្តូរការរស់នៅរបស់ប្រជាជននៅក្នុងពិភពលោក»។ លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លទ្ធផលមួយនេះ បានបង្ហាញពីអង្គការពាណិជ្ជកម្មពិភពលោក មានសមត្ថភាពក្នុងការឆ្លើយតបនឹងបញ្ហាបន្ទាន់ ដែលពិភពលោកកំពុងជួបប្រទះ។ 
 
ចំណែករដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តនេះ បានបង្ហាញពីសណ្តាប់ធ្នាប់បែបពហុភាគីនិយម មិនទាន់បាត់បង់ឡើយ។ ស្របគ្នានេះ ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Valdis Dombrovskis បានបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក កំពុងដើរលើផ្លូវត្រូវ និងអាចឆ្លើយតបលើបញ្ហាប្រឈមផ្សេងៗ។ 
 
ក្នុងចំណោមកិច្ចព្រមព្រៀងនោះ អង្គការ WTO បានអនុម័តកិច្ចព្រមព្រៀងមួយ ដែលហាមឃាត់ការផ្តល់ឧបត្ថម្ភធនលើការនេសាទហួសហេតុ។ កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីការពារចំនួនត្រី ក៏ដូចជាសន្តិសុខស្បៀង។ នេះជាកិច្ចព្រមព្រៀងហាមឃាត់ឧបត្ថម្ភធនទីពីរ ដែលត្រូវបានអង្គការ WTO អនុម័ត និងមានឥទ្ធិពលខ្លាំងជាងកិច្ចព្រមព្រៀងទី១។ 
 
តាមទិន្នន័យអង្គការក្រៅរដ្ឋាភិបាល Pew Charitable Trusts ការផ្តល់ជំនួយដល់ការនេសាទមានទំហំ ៣៥ពាន់លានដុល្លារ ដោយ២២ពាន់លានដុល្លារ ត្រូវបានផ្តល់ឱ្យការនេសាទហួសហេតុ។ នេះបើតាមការចុះផ្សាយរបស់ Financial Times។ 
 
មិនតែប៉ុណ្ណោះ អង្គការ WTO បានឯកភាពលើការលុបចោលប៉ាតង់ (ប្រកាសនីយបត្រតក្កកម្ម)ដោយផ្នែកផងដែរ ដើម្បីអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍមានសិទ្ធិការផលិតវ៉ាក់សាំងដោយខ្លួនឯង។ កិច្ចព្រមព្រៀងមួយនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបង្ខំក្រុមហ៊ុនឯកជនចែករំលែកពីរូបមន្តរបស់វ៉ាក់សាំងសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
 
បន្ថែមពីកិច្ចព្រមព្រៀងនេះ WHO បានឯកភាពលើពាណិជ្ជកម្មមិនជាប់កាតព្វកិច្ចពន្ធសម្រាប់ផលិផលឌីជីថល ដូចជាភាពយន្ត កម្មវិធីកុំព្យូទ័រ និងទិន្នន័យ រួមទាំងការកែលម្អនីតិវិធីមួយចំនួននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ៕ 
 

Tag:
 WTO
  ពាណិជ្ជកម្ម
  ជំងឺឆ្លង
© រក្សាសិទ្ធិដោយ thmeythmey.com