ជាតិ
ក្រសួងនឹងប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅខែកក្កដា
21, Jun 2022 , 7:59 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុកក្រសួង)។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុកក្រសួង)។
ដោយ៖ វ៉ន ស៊ីចេន
 
 
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាពិភពលោកដើម្បីរួមចំណែកក្នុងការលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារឲ្យកាន់តែប្រសើរនៅកម្ពុជា  នៅថ្ងៃទី៥ កក្កដា នាខេត្តសៀមរាប ។ ចំពោះគម្រោងនេះ ប្រារព្ធឡើង ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគា្នដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារ ជាវិជ្ជមាន” ។

 
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវះ ប្រាប់ឲ្យម្ចាស់ រោងចក្រ សហគ្រាសទាំងអស់ ត្រូវរៀបចំចងបដាពាក្យស្លោកនៅតាមរបង ដើម្បីចូលរួមអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ។ 
 
ទិវានេះ មានការចូលរួមដោយ លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងអង្គការ អន្តរជាតិ តំណាងនិយោជក និងសហជីព ព្រមទាំង តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាសនានា និងកម្មករនិយោជិតសរុបចំនួន ៧០០នាក់។
 
ក្រសួងការងារ បានឱ្យដឹងថា ៖«នេះជាឆ្នាំទី១៧ហើយដែលក្រសួងការងារបានប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ និងបំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការព្រមទាំងទាញការគាំទ្រពីស្ថាប័នពាក់ព័ន្ធអង្គការនិយោជក និងអង្គការកម្មករនិយោជិត»។
 
ក្រសួងការងារ សង្ឃឹមយ៉ាងមុតមាំថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត សមាគមនិយោជក និងម្ចាស់ រោងចក្រ សហគ្រាសទាំងអស់នឹងអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
 

Tag:
 សុវត្ថិភាព និងសុខភាពការងារ
© រក្សាសិទ្ធិដោយ thmeythmey.com