ជាតិ
បំណុល និងការរេចរឹលគុណភាពដី៖ បញ្ហាប្រឈមចម្បងរបស់កសិករជុំវិញបឹងទន្លេសាប (ភាគ១)
25, Jun 2022 , 4:59 pm        
រូបភាព
 លោក រ៉េត ភាច កសិករនៅឃុំសគ្រាម ខេត្តកំពង់ធំ
លោក រ៉េត ភាច កសិករនៅឃុំសគ្រាម ខេត្តកំពង់ធំ
កសិករដែលរស់នៅជុំវិញបឹងទន្លេសាប កំពុងប្រឈមមុខកាន់តែខ្លាំងឡើងនឹងខ្វះខាតទឹក និងការសឹករេចរឹលដី ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបររបស់ពួកគេ។ ការថយចុះគុណភាពដីកសិកម្ម មានន័យថា​ កសិករត្រូវពឹងផ្អែកកាន់តែខ្លាំងលើជីគីមីដើម្បីបង្កើនទិន្នផល ដែលតម្រូវឱ្យចំណាយលុយច្រើន ស្របពេលពួកគាត់ជួបការលំបាកជាច្រើនស្រាប់ហើយនោះ។

 
«រាល់រដូវធ្វើស្រែ​ម្ដងៗ បញ្ហាប្រឈមជាងគេសម្រាប់កសិករ គឺខ្វះលុយ និងទឹក»។ លោក រ៉េត ភាច កសិករនៅឃុំសាគ្រាម ខេត្តកំពង់ធំនិយាយបែបនេះ។ អង្គុយក្រោមផ្ទះឈើធ្លុះធ្លាយដោយអន្លើចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីបឹងទន្លេសាប លោក ភាច បន្តថា ពីមុន មិនដែលខ្វះទឹកឡើយ ហើយគ្រោះរាំងស្ងួត ក៏មិនងាយមានដែរ តែឥឡូវធាតុអាកាសប្រែប្រួលពិបាកស្មាន តែលោកមិនដឹងមកពីអ្វីឡើយ។
 
ស្របពេលខ្វះទឹក កង្វះប្រព័ន្ធស្រោចស្រព រឹតតែធ្វើឱ្យបញ្ហាកាន់តែយ៉ាប់។ អ្នកជំនាញជាច្រើនព្រមានថា ប្រព័ន្ធអេកូឡូស៊ីទន្លេ រងការបំផ្លាញធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លំហូរទឹកចេញចូលបឹងទន្លេសាប ពឹងផ្អែកលើទន្លេមេគង្គដើម្បីបំពេញការផ្គត់ផ្គង់ទឹកឡើងវិញតាមរយៈទន្លេសាបនារដូវវស្សា បន្ទាប់ពីហូរចេញនៅរដូវប្រាំង។
 
ក្នុងរដូវប្រាំងដែលមានរយៈពេលប្រាំមួយខែចាប់ពីខែធ្នូ ដល់ខែមេសា បឹងនេះគ្របដណ្តប់លើផ្ទៃដីប្រហែល១៥០០គីឡូម៉ែត្រការ៉េ ហើយរីកមាឌរហូតដល់៦ដងនៃទំហំដើមរបស់វាក្នុងរដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា។ ប៉ុន្តែវិបត្តិអាកាសធាតុដែលកើនឡើងខ្លាំង រួមផ្សំនឹងកត្តាផ្សេងៗទៀតជាពិសេសការសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅតាមដងទន្លេ បានធ្វើឱ្យកម្រិតទឹកក្នុងបឹងធ្លាក់ចុះ។ យោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ ចាប់តាំងពីឆ្នាំ២០១៨ កម្រិតទឹកបឹង បានចុះទាបជាងកម្រិតមធ្យមជាប្រវត្តិសាស្ត្រទៀតផង។
 
យ៉ាងណាមិញ ក្នុងឆ្នាំនេះ បរិមាណទឹកបឹងត្រូវបានចាត់ទុកថា មានកម្រិតធម្មតាគិតត្រឹមថ្ងៃទី២៣ ខែឧសភា ដែលខ្ពស់ជាងកម្រិតមធ្យមរយៈពេលវែងបន្តិច និងខ្ពស់ជាងកម្រិតក្នុងឆ្នាំ២០១៩​ ២០២០ និង២០២១។
 

ផែនទីបង្ហាញពីស្រុកសូទ្រនិគម ខេត្តសៀមរាប និងឃុំសាគ្រាម ខេត្តកំពង់ធំ។ រចនាដោយ ទូច សុវណ្ណឌី

ហេតុអ្វីដីកសិកម្មនៅជុំវិញបឹងទន្លេសាបលែងសូវមានជីវជាតិ? 
 
លោកស្រី Abby Seiff អ្នកកាសែតជនជាតិអាមេរិក និងជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា៖ «Troubling the Water: A Dying Lake and a vanishing World in Cambodia» យល់ស្របថា បឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំ និងសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ បានទទួលរងការគំរាមកំហែងពីកត្តាជាច្រើនដូចជាការបាត់បង់ព្រៃលិចទឹក ការប្រែប្រួលជលសាស្ត្រ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ។
 
ប៉ុន្តែលោកស្រីកត់សម្គាល់ថាការប្រែប្រួលផ្នែកជលសាស្ត្រ ពោលគឺលំហូរទឹកចេញបឹងទន្លេសាប បានជះឥទ្ធិពលមិនត្រឹមលើប្រព័ន្ធអេកូឡូស៊ីឡើយ តែក៏កើតលើដីស្រែជុំវិញបឹងដែរ។ 
 
«នៅរដូវវស្សា ដីទំនាបជុំវិញ ត្រូវជន់លិចដោយទឹក និងដីល្បាប់សម្បូរជីជាតិ ដែលពិតជាសំខាន់សម្រាប់ដំណាំស្រូវ»។ លោកស្រី Abby លើកឡើងបែបនេះ រួចបន្តថា​ ដូច្នេះការប្រែប្រួលជលសាស្រ្តមិនប៉ះពាល់ត្រឹមតែលើត្រីឡើយ វាក៏ប៉ះពាល់ដល់កសិកម្មនៅជុំវិញនោះដែរ។
 
លោក ឡេង វីរ៉ា មន្រ្តីបច្ចេកទេស និងជាអ្នកស្រាវជ្រាវកសិកម្មនៅនាយកដ្ឋានគ្រប់គ្រងធនធាន និងកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មលើកឡើងថា​ កត្តាដែលធ្វើឱ្យដីរេចរឹលនៅជុំវិញបឹងទន្លេសាប ទៅហួសពីអ្វីដែលកសិករអាចយល់បានទៅទៀត។
 
ប្រព័ន្ធកសិអេកូឡូស៊ីនេះ មានភាពផុយស្រួយដោយសារកត្តាជាច្រើន។ ការកាប់ព្រៃឈើដើម្បីយកដីធ្វើស្រែកាន់តែច្រើន ការដាំដុះដំណាំមួយតែមុខ កង្វះការគ្រប់គ្រងលើការប្រើប្រាស់ដីជាទូទៅ និងគម្រោងអភិវឌ្ឍន៍ធំ សុទ្ធតែមានចំណែកក្នុងការធ្វើឱ្យមានបម្រែបម្រួលប្រព័ន្ធអេកូឡូស៊ីដ៏មានផលិតភាពមួយរបស់ពិភពលោក។
 
លោក វីរ៉ា អះអាងដូច្នេះ៖ «ព្រៃឈើនៅតំបន់នោះត្រូវបានកាប់ឆ្ការ និងប្រែក្លាយទៅជាដីកសិកម្ម។ បើ​គ្មាន​ព្រៃឈើ​ទេ ការ​រេចរឹល​​ដី​អាច​កើត​ឡើង​យ៉ាង​ងាយ។ ហើយ​បើ​យើង​មើល​ព្រៃ​លិច​ទឹក ​ក៏​ត្រូវ​បំផ្លាញ​ដែរ។ នោះហើយជាមូលហេតុដែលបង្ខំឱ្យកសិករបង្កើនការប្រើប្រាស់សារធាតុគីមីពីមួយឆ្នាំទៅមួយឆ្នាំ។ បើ​មិន​ធ្វើបែបនេះ​ទេ ពួកគាត់មិន​អាច​ប្រមូល​ផល​បាន​ទេ»។
 
សម្រាប់កសិករដូចលោកភាច ការធ្លាក់ចុះជីជាតិរបស់ដី ជារឿងធម្មជាតិ ហើយវាជារឿងធម្មតាសម្រាប់គាត់ដែលត្រូវប្រើសារធាតុគីមី ប្រសិនបើចង់ធ្វើស្រែខុសរដូវនោះ។ ការប្រើប្រាស់ជីគីមីកាន់តែច្រើន ជាមធ្យោបាយតែមួយគត់ដើម្បីធានាទិន្នផលស្រូវ។
 

ទិដ្ឋភាពវាលស្រែនៅស្រុកសូទ្រនិគម ខេត្តសៀមរា។ រូបថតដោយ សែម វណ្ណា

ជីគីមីឡើងថ្លៃ ក្លាយជាអម្រែកសម្រាប់កសិករ
 
ខណៈបរិមាណទឹកភ្លៀងកើនឡើងដែលធ្វើឱ្យមិនមែនជាបញ្ហាអ្វីនោះសម្រាប់ឆ្នាំនេះ ការឡើងថ្លៃតម្លៃជីកាន់តែបង្កការលំបាកសម្រាប់លោក ភាច។ កសិករខេត្តកំពង់ធំរូបនេះ និយាយ​ថា ជា​ធម្មតា ​គាត់​ចំណាយ​ប្រាក់​ជិត​មួយ​លាន​រៀល​ទៅ​លើ​ជីគីមីដើម្បី​ធ្វើ​ស្រែ និង​ដាំបន្លែ​។ ប៉ុន្តែនៅឆ្នាំនេះ គាត់បានចំណាយជិតទ្វេដងលើបរិមាណជីគីមីដូចគ្នា ដោយត្រូវប្រើជីប្រហែល៣៥០គីឡូក្រាមលើផ្ទៃដីស្រែទំហំ២ហិកតា និង២០០គីឡូក្រាមទៀតសម្រាប់ចម្ការបន្លែមួយហិកតា។
 
«មួយរដូវត្រូវប្រើរហូត​ដល់៥៥០គីឡូក្រាម​ ហើយ​មិន​រាប់​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ថ្នាំ​សម្លាប់​ស្មៅ​ផង»។ បុរសជា​ឪពុក​ដែល​មាន​កូន​បី​នាក់ពន្យល់បែបនេះ​ មុនបន្តទៀតថា ការប្រើជីគីមី ក្លាយជាទម្លាប់ទៅហើយ ព្រោះដីកាន់តែរេចរឹល។ បើតាមលោកភាច ការ​ធ្វើ​ស្រែ​ចំការ​ ​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​របស់​គ្រួសារគាត់ ហើយ​ទិន្នផល​ក៏​ថយចុះ ​នៅ​ពេល​​​កាត់បន្ថយការ​ប្រើជី​គីមីនោះ។
 
«ក្តីបារម្ភរបស់ខ្ញុំគឺតម្លៃនឹងបន្តកើនឡើង។ ពីមុន ខ្ញុំ​​ចំណាយ​ពី៨ម៉ឺន​រៀលទៅ៩ម៉ឺនរៀលដើម្បីទិញជីគីមី​៥០គីឡូក្រាម​។ ឥឡូវ​នេះ​តម្លៃ​ឡើង​ដល់​ចន្លោះ​ពី១៣ម៉ឺនរៀលទៅ១៥ម៉ឺន​រៀល ឬ​ខ្ពស់​ជាង​នេះទៅទៀត»។ លោក ភាច បន្តរៀបរាប់ដូច្នេះ។
 
ការឡើងថ្លៃរបស់ជីគីមី កើតឡើងនៅពេលដែលកសិករដូចជាលោកភាចដែលរស់នៅជុំវិញបឹងទន្លេសាប ត្រូវតស៊ូយ៉ាងលំបាកដើម្បីជីវិតប្រចាំថ្ងៃ ចំពេលដែលបម្រែបម្រួលអាកាសធាតុក៏ជះឥទ្ធិពលកាន់តែខ្លាំង រដូវវស្សាក៏ប្រែប្រួល និងការកើនឡើងតម្លៃឧបករណ៍កសិកម្មផងនោះ។
 
លោកស្រី រ៉េត ថាន អាយុ៣៧ឆ្នាំ រស់នៅឃុំពងសត្វ ស្រុកសូទ្រនិគម នៃខេត្តសៀមរាប ក៏ប្រឹងប្រែងរក្សាគុណភាពដីស្រែរបសខ្លួនដែរ។ លោកស្រីប្រមូលផលស្រូវបានប្រមាណ ៥តោនក្នុងមួយឆ្នាំ ប៉ុន្តែការកើនឡើងតម្លៃជីគីមីបង្ខំឱ្យកសិកររូបនេះ រកចំណូលទុនបន្ថែមទៀតដើម្បីទប់ទល់រាល់ការចំណាយ។
 
លោកស្រី មានប្រសាសន៍ដូច្នេះថា៖ «កាលពីឆ្នាំមុន ខ្ញុំចំណាយប្រហែលមួយលានរៀលលើថ្នាំគីមី រួមទាំងថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ និងជីសម្រាប់ដីពីរហិកតា។ នេះមិនរាប់បញ្ចូលការចំណាយលើការជួលគ្រឿងចក្រកសិកម្មទេ»។ ខណៈប្រេងឡើងថ្លៃដែរនោះ លោកស្រីត្រូវចាយលុយច្រើនទៀតដើម្បីជួលគ្រឿងចក្រ។
 
កសិកររស់នៅក្នុងខេត្តសៀមរាប និយាយរអ៊ូបន្តទៀតថា ​វា​ពិបាក​ណាស់ដែលត្រូវ​ចំណាយ​ទ្វេដង​ដើម្បី​រក្សា​ទិន្នផលឱ្យនៅដដែល។ មិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏ទទួលស្គាល់ថា វាមិនអាចទៅរួចទៅ ដែលត្រូវ​ធ្វើស្រែ​​ដោយមិនប្រើប្រាស់​ជីនោះ​។
 


លោកស្រី រ៉េត ថាន កសិករក្នុងខេត្តសៀមរាប។ រូបថតដោយ សែម វណ្ណា

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបាននាំចូលថ្នាំសម្លាប់សត្វល្អិតចំនួន១០៣ ០០៥ តោន និងជីកសិកម្មចំនួន ១ ៤០៦ ៧៧៥ តោនក្នុងឆ្នាំ២០២០ ដែលភាគច្រើននាំចូលពីវៀតណាម និងថៃ។ ការនាំចូលនេះមានទំហំទឹកប្រាក់សរុបរហូតដល់ ២០៩,៥២លានដុល្លារ។ នេះបើយោងតាមទិន្នន័យស្ដីពីពាណិជ្ជកម្មអន្តរជាតិរបស់ COMTRADE ។
 
បំណុលវ័ណ្ឌករបស់កសិករ
 
កសិកររស់នៅជុំវិញបឹងទន្លេសាបដែលជាប់ខេត្ត ៩ ដែលមានមនុស្សរស់នៅសរុបប្រមាណ ៤,៨ លាននាក់បានជួបបញ្ហាបំណុលដូចគ្នា។
 
ការថយចុះគុណភាពដី ទាំងកើតឡើងដោយកត្តាធម្មជាតិ និងមនុស្ស បានរុញច្រានឱ្យកសិករប្រើថ្នាំគី​មីកាន់តែច្រើនឡើងៗដើម្បីទទួលបានទិន្នផលខ្ពស់ ប៉ុន្តែក៏ជំរុញល្បឿនដីឱ្យកាន់តែបាត់បង់ជីជាតិដែរ។ កសិករ ក៏ត្រូវទិញថ្នាំគីមីកាន់តែច្រើនទៀតដើម្បីដោះស្រាយការរេចរឹលដីទៅវិញ ហើយចំណាយក៏កាន់តែច្រើនតាមនោះដែរ។
 
ការឡើងថ្លៃសារធាតុគីមីកសិកម្មដែលបង្កដោយកង្វះផលិតកម្មក្នុងស្រុករបស់កម្ពុជា ក៏ដូចជាការរំខាននៃច្រវាក់ផលិតកម្ម និងវិបត្តិនៅអ៊ុយក្រែនផងនោះ មានន័យថា កសិករត្រូវការប្រាក់បន្ថែមទៀត ដែលការណ៍នេះនឹងរុញពួកគេឱ្យធ្លាក់ចូលក្នុងវិបត្តិបំណុលដែលមិនអាចគេចផុតបាន ព្រោះត្រូវរកកម្ចីពីមីក្រូហិរញ្ញវត្ថុ ឬខ្ចីពីឯកជនដើម្បីបន្តការធ្វើស្រែចម្ការ។
 
ត្រង់នេះ កសិករ ភាច លើកឡើងថា ជម្រើសតែមួយគត់របស់កសិករ គឺខ្ចីនៅដើមរដូវ ហើយសងវិញនៅក្រោយប្រមូលផលរួចរាល់។ ដីបីហិកតារបស់លោកភាច ផ្ដល់ផលប្រមាណ ៨តោន។ លោកទុក៣តោនដើម្បីបរិភោគ និងលក់ចេញ៥ទៀតដោះបំណុល។
 
«ពេលរដូវធ្វើស្រែមកដល់ យើងធ្វើដូចពីមុនដដែល។ វាដូចជាវដ្តដែរ។ អ៊ីចឹងបានជាអ្នកខ្លះ​និយាយ​ថា ​ធ្វើ​ស្រែ​ចម្ការ​មិន​ខុស​ពី​ការ​រុញ​ខ្លួន​ឯងឱ្យ​ជាប់​បំណុល​ទេ។ ដូច​ឆ្នាំ​នេះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ប្រើ​ជី​ប៉ុន្មាន​ទេ ព្រោះ​យើង​អត់​មាន​លុយ។ តែ​បើ​យើង​មិន​ធ្វើ តើ​យើង​អាច​រស់​បាន​ដោយ​របៀប​ណា?»។ បុរសវ័យកណ្ដាលខាងលើបរិយាយបែបនេះ។
 
រឹតតែលំបាកថែមទៀត ការ​សង​បំណុល​វិញ​មិនមែនជារឿងងាយនោះឡើយ ដ្បិតថា​កសិករ​ជា​ច្រើន​មិន​បាន​សង​បំណុលតាមកាលកំណត់ឡើយ។ ក្នុងខេត្តសៀមរាបផ្ទាល់ កសិករ ថាន បង្ហាញក្ដីបារម្ភថា ការកើនឡើងថ្លៃរបស់ថ្នាំសម្លាប់ល្អិត និងថ្នាំកសិកម្មឯទៀត សឹងតែមិនអាចឱ្យការធ្វើស្រែចម្ការហុចផលចំណេញបាននោះឡើយ។
 
«​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​ទិញមកប្រើ។ អ៊ីចឹងខ្ញុំ​បារម្ភ​​ជួប​ការ​លំបាក​​សង​បំណុល​វិញ ដោយសារ​យើង​បាន​ប្រាក់​ចំណេញ​តិច​តួច​ពី​ការ​ធ្វើ​កសិកម្ម​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»។ ពលរដ្ឋខេត្តសៀមរាបដដែលនិយាយបែបនេះ។
 
លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) កត់សម្គាល់ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ កសិករកម្ពុជាបានប្រឈមមុខនឹងការធ្លាក់ចុះទីផ្សារ ដោយការលក់ធ្លាក់ចុះនៅទូទាំងប្រទេស ខណៈប្រឈមមុខការកើនឡើងថ្លៃដើមផលិតកម្ម និងរងផលប៉ះពាល់នៃវិបត្តិអាកាសធាតុថែមទៀត ហើយកសិករជាច្រើន ត្រូវជំពាក់បំណុលគេជុំទិសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
«ការពិភាក្សាផ្ទៃក្នុង និងការស្ទង់មតិរបស់យើងបានរកឃើញថា បំណុលរបស់កសិករកំពុងកើនឡើង។ ពួកគេមិនត្រឹមតែខ្ចីដើមទុនសម្រាប់ធ្វើស្រែចម្ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណាយប្រចាំថ្ងៃទៀតផង។ វា​ធ្វើ​ឱ្យ​ពិបាក​​សង ហើយ​​ត្រូវ​ជំពាក់​បំណុល​គេ»។ លោក សាវឿន អះអាងបែបនេះ ដោយពន្យល់ថា  ការ​ស្ទង់​មតិនេះ​បង្ហាញ​ពី​ស្ថានភាពទូទៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ ប្រធានសម្ព័ន្ធខាងលើបន្តថា៖ «ហើយឥឡូវនេះ តម្លៃប្រេងសាំង និងជីឡើងឥតឈប់ឈរ»។ 
 
លោក សាវឿន និយាយ​បន្ត​ថា ស្រូវមួយ​គីឡូ​អាច​លក់​បាន​តម្លៃ១០០០រៀល ដែលនេះមាន​ន័យ​ថា កសិករ​ម្នាក់​ត្រូវ​លក់ស្រូវ៥គីឡូក្រាម​ដើម្បី​ទិញ​សាំង១លីត្រ។ បើគ្មានដំណោះស្រាយទេ លោក សាវឿន បញ្ជាក់ថា កសិករខ្លះអាចបោះបង់ការធ្វើស្រែចម្ការ ហើយប្តូរទៅប្រកបមុខរបរផ្សេងទៀត ដែលពួកគាត់សង្ឃឹមថានឹងអាចទទួលបានប្រាក់ចំណេញកាន់តែច្រើន ប៉ុន្តែ​និន្នាការ​នេះ នឹង​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​ទៀត។
 
យោង​តាម​សមាគម កសិករ​កម្ពុជា​រហូត​ដល់៩០ភាគរយ​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​កសិកកម្ម។ ខណៈការកើនឡើងថ្លៃដើមផលិតកម្មបង្ខំឱ្យពួកគេខ្ចីប្រាក់កាន់តែច្រើន ផលប៉ះពាល់បង្កដោយជំងឺកូវីដ-១៩ ក៏បានជំរុញឱ្យកសិករដែលកំពុងជួបការលំបាកស្រាប់ ដើរដល់ចំណុចកាន់តែអាក្រក់ថែមទៀត។
 
ជាសំណាងល្អ ជាជាងឱ្យការពឹងផ្អែកតែលើប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ កសិករដូចជា លោកស្រី ថាន និងលោក ភាច អាចខ្ចីលុយរហ័សពីក្រុមសន្សំប្រាក់របស់កសិករនៅក្នុងសហគមន៍របស់ពួកគេ។
 
«ខ្ញុំអាចទៅខ្ចីទាំងថ្ងៃ ឬយប់។ វាងាយស្រួលជាង មិនដូចធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលជាធម្មតាឱ្យយើងមានដីជាវត្ថុបញ្ចាំនោះទេ»។ លោក ភាច និយាយបែបនេះ ដោយបន្ថែមថា ក្រុមសន្សំនេះមានកសិករស់នៅក្នុងសហគមន៍ក្បែរៗគ្នា។
 
ប៉ុន្តែនៅពេលគំនិតផ្តួចផ្តើមនេះជួយឱ្យពួកគេដោះទាល់នៅរដូវធ្វើកសិកម្មនោះ ចំនួនដែលអាចខ្ចី ក៏មានកំណត់ដែរ។ ដូច្នេះសម្រាប់រឿងធំ កសិករជាច្រើននៅតែត្រូវយកផ្ទះ ឬដីស្រែរបស់ពួកគេទៅបញ្ចាំដើម្បីបានលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។ ទោះអាចខ្ចីបានលឿន និងងាយស្រួលក្ដី ក៏អត្រាការប្រាក់នៅតែខ្ពស់ ដោយកសិករបង់ការប្រាក់៧ភាគរយលើប្រាក់កម្ចីរបស់ពួកគេ។ ការណ៍នេះមានន័យថា ក្រុមសន្សំតាមភូមិទាំងនេះ នៅតែមិនអាចបញ្ចៀសបញ្ហាបំណុលបានឡើយ។
 
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងពីរបាយការណ៍ឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជាថា ការផ្តល់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្មបានកើនឡើងយ៉ាងខ្លាំង ដែលស្មើនឹង១៩ភាគរយនៃកម្ចីសរុបដែលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជា។
 
លោក វឿន បន្ថែមថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ចំនួនប្រាក់កម្ចីសម្រាប់ការធ្វើកសិកម្មកើនឡើងពី ១០៩៩ លានដុល្លារដល់ ១៥៩៨ លានដុល្លារ ហើយអំឡុងវិបត្តិជំងឺ-១៩ ទំហំប្រាក់កម្ចីសម្រាប់ការធ្វើកសិកម្ម បានកើន១១ភាគរយក្នុងឆ្នាំ២០២០ និងកើនដល់២១ភាគរយនៅឆ្នាំ២០២១ ។
 
នៅពេលសួរអំពីហានិភ័យដែលកសិករមិនអាចសងបំណុលបាន លោក វឿន តបថា មិនមានព័ត៌មានអំពីហានិភ័យបែបនេះនេះឡើយ ប៉ុន្តែបានអះអាងថា ស្ថានការណ៍មានភាពប្រសើរឡើង ដោយសារហានិភ័យប្រាក់កម្ចីមានត្រឹមតែ១,៧ភាគរយប៉ុណ្ណោះ។
 
សម្រាប់​លោក សាវឿន វិញ រឿងដល់ពេល​រអន្តរាគមន៍​ជួយ​កសិករ គឺ​លើសពីដល់ពេលទៅហើយ។
 
«រដ្ឋាភិបាលគួរតែអន្តរាគមន៍ភ្លាមៗ ដើម្បីធានាថា កសិករខ្នាតតូចអាចទទួលបានប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់ទាបសម្រាប់ការធ្វើកសិកម្ម។ ហើយវា ក៏ត្រូវអនុវត្តលើសម្ភារកសិកម្មសំខាន់ៗមួយចំនួនផងដែរ។ ការ​ធ្វើ​ដូច្នេះ មិន​ត្រឹម​តែ​ជួយ​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងជួយ​អ្នក​ប្រើ​ប្រាស់​ដែរ»។ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជាលើកឡើងបែបនេះ។
 
ទោះជាយ៉ាងនេះក្តី ប្រធានសមាគមកសិករដដែល នៅតែជំរុញឱ្យរដ្ឋាភិបាលធ្វើការឱ្យពិតប្រាកដលើដំណោះស្រាយរយៈពេលវែង រួមទាំងផ្តល់ជំនួយបច្ចេកទេសដល់កសិករ និងបង្កើតគោលនយោបាយសមស្របដែលប្រមូលធាតុចូលពីកសិករផងដែរ។
 
លោក សាវឿន ថ្លែងថា៖ «កសិករគួរត្រូវអនុញ្ញាតឱ្យបញ្ចេញមតិ និងក្ដីបារម្ភរបស់ពួកគេ ដែលគួរបញ្ចូលជាធាតុចូលផងដែរ»។
 
ជុំវិញបញ្ហាអន្តរាគមន៍នេះ​ លោក វឿន ដែលជាប្រធានសមាគមនមីក្រូហិរញ្ញវត្ថុវិញ លើកឡើងថា សមាគមរបស់លោក បានធ្វើការយ៉ាងដិតដល់ដើម្បីតាមដានដំណើរការក្នុងវិស័យកសិកម្ម។ លោកកត់សម្គាល់ទៀតថា សមាគមរបស់លោក ក៏បានបង្កើតភាពជាដៃគូជាមួយភាគីពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យកសិកម្ម ដើម្បីផ្តល់ការគាំទ្រដល់កសិករទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងធានាពីសេវាកម្មផ្តល់ប្រាក់កម្ចីដែលមានការទទួលខុសត្រូវ និងនិរន្តរភាព។
 
ឱកាសដើម្បីដើរចេញកសិកម្មដែលពឹងផ្អែកលើសារធាតុគីមី?
 
ជាមួយនឹងវិបត្តិបែបនេះ វាក៏អាចជាឱកាសមួយសម្រាប់កសិករក្នុងការទទួលយកវិធីសាស្រ្តដែលប្រើជីគីមីតិច ហើយមាននិរន្តរភាពជាងមុន សំដៅរក្សាគុណភាពដី និងកាត់បន្ថយការចំណាយដូចគ្នា។
 
កម្មវិធីមួយដែលជំរុញការផ្លាស់ប្តូរនេះ កំពុងដំណើរការដោយអង្គការទស្សនៈពិភពលោកកម្ពុជា (World Vision Cambodia) និងគាំទ្រដោយអង្គការ Australian Aid ដែលជួយប្រជាជនប្រមាណ៥០០០គ្រួសារក្នុងខេត្តតាកែវ និងខេត្តកណ្តាល ឱ្យផ្លាស់ប្តូរពីការប្រើប្រាស់ជីគីមីទៅជាកសិកម្មសរីរាង្គ និងជួយស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគេផងដែរ។
 
អ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការទស្សនៈពិភពលោក លោក អ៊ឹម ថាណូ និយាយ គម្រោងនេះ មិនតម្រូវឱ្យកសិករធ្វើកសិកម្មសរីរាង្គ១០០ភាគរយនោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាជាការចាប់ផ្តើមកិច្ចពិភាក្សាស្តីពីស្តង់ដារនៃការប្រើប្រាស់សារធាតុគីមី និងការបង្កើនសមត្ថភាពរបស់កសិករក្នុងការស្វែងរកជម្រើសផ្សេង។
 
«គម្រោងរបស់យើងជួយពួកគាត់ឱ្យយល់ និងគិតគូរពីតម្លៃផលិតកម្ម និងប្រាក់ចំណេញដែលអាចទទួលបាន។ ប្រាកដណាស់ ពួកគាត់មានឆន្ទៈបន្តបាន លុះត្រាតែពួគាត់អាចរកប្រាក់ចំណេញបានដែរ»។ លោក ថាណូ បញ្ជាក់បែបនេះ មុនបន្តថា កសិករអាចបន្ថែមប្រាក់ចំណេញត្រឹមតែ៣០ភាគរយប៉ុណ្ណោះដោយប្រើសារធាតុគីមី ខណៈការប្រើប្រាស់ជីសរីរាង្គ ឬជីកំប៉ុស ឱ្យពួកគាត់ចំណេញរហូតដល់៨០ភាគរយឯណោះ។
 
«ប្រសិនបើប្រើសារធាតុគីមី ពួកគេអាចមិនចំណេញសោះ ឬចំណេញតិចតួច»។ ប្រធានកម្មវិធីដដែលសង្កត់ធ្ងន់បែបនេះ។
 
ស្របពេលតម្លៃសារធាតុគីមីកើនឡើងខ្លាំង ប្រធានកម្មវិធីរបស់អង្គការទស្សនៈពិភពលោកនៅកម្ពុជារូបនេះ អះអាងដែរថា វាអាចជាឱកាសដ៏ល្អក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរការយល់ឃើញក្នុងចំណោមកសិករ។ លោកបន្ថែមថា កសិករ​ដែល​លោកធ្លាប់​បាន​ជួប ​​​បង្ហាញការ​រីករាយ បន្ទាប់​ពី​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើ​សារធាតុ​គីមី ព្រោះ​ពួក​គាត់​អាច​សន្សំ​ប្រាក់​បាន​ច្រើន ហើយ​អ្នក​ខ្លះទៀត​ចាប់​ផ្ដើម​ផលិត​ជី​សរីរាង្គ​ដើម្បី​លក់​អ្នក​ផ្សេង​ទៀតផង។
 
កសិករថាន និង​ភាច ​ទទួល​ស្គាល់​ថា ជាទូទៅ​ពួកគាត់​មិន​ធ្វើ​ជីកំប៉ុស​សម្រាប់​ការ​ធ្វើ​កសិកម្ម​របស់​ពួកគាត់​ទេ ព្រោះ​ការ​ទិញ​ជីគីមី​ពី​ទីផ្សារ​​ងាយស្រួល​ជាង។ លោក ភាច ពន្យល់ថា៖ «យើងដឹងពីរបៀបធ្វើជីកំប៉ុស។ ប៉ុន្តែភាគច្រើនមិនចាប់អារម្មណ៍វា ហើយទិញជីគីមីពីទីផ្សារវិញ។ ចំណែក​​ខ្ញុំ​វិញ វា​ត្រូវ​ចំណាយ​ពេល​បន្តិច​ក្នុង​ការ​ធ្វើ​ជីកំប៉ុស»។
 
នៅ​ពេល​សួរ​ថា​​នឹង​បោះបង់ ឬ​កាត់​បន្ថយ​ការប្រើជី​គីមី​ ​​បើ​តម្លៃ​នៅ​តែ​បន្ត​ឡើង​នោះ ទាំងលោកស្រីថាន និងលោក​ភាច យល់​ស្របដូចគ្នា​ថា ការ​ធ្វើ​ជីកំប៉ុស​ដោយ​ខ្លួន​ឯង ​អាច​ក្លាយ​ជា​ជម្រើស​តែ​មួយ​គត់។
 
«ពិតណាស់ យើងនៅតែពឹងផ្អែកជីគីមី។ ប៉ុន្តែប្រសិនបើវាបន្តឡើងថ្លៃទៀត ខ្ញុំច្បាស់ជាគ្មានជម្រើសអ្វីក្រៅពីពិចារណាផលិតជីកំប៉ុស ដើម្បីជំនួសជីគីមីនោះទេ។ ប្រសិនបើយើងព្យាយាម ខ្ញុំគិតថាយើងអាចផលិតបានគ្រប់គ្រាន់»។ លោក ភាច បង្ហាញយោបល់បែបនេះ។

លោក តន ចាន់រិទ្ធារ៉ា រួមចំណែកក្នុងអត្ថបទនេះ។
 

© រក្សាសិទ្ធិដោយ thmeythmey.com