ជាតិ
ការប្រែប្រួលអាកាសធាតុ និងតម្លៃ ធ្វើឱ្យកសិករមួយចំនួនកាប់ដើមចន្ទីចោល
25, Jun 2022 , 8:19 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ កសិករមួយចំនួន កំពុងបារម្ភពីដំណាំស្វាយចន្ទី ក្រោយតម្លៃគ្រាប់ស្វាយចន្ទីស្រស់ មិនឋិតថេរ។ កត្តាភ្លៀងខ្លាំង ធ្វើឱ្យចន្ទីមិនកាន់ក្ដឹប និងគ្រាប់ចន្ទីភាគច្រើន ក្រៀមស្វិត។ អ្នកជំនាញ ជំរុញឱ្យសហគ្រិនវិនិយោគលើសិប្បកម្មកែច្នៃចន្ទីក្នុងស្រុកបន្ថែម ដោយសារគ្រាប់ស្វាយចន្ទីច្នៃ លក់បានតម្លៃខ្ពស់។

 
កាលពីដើមឆ្នាំ២០២២កន្លងទៅ ដំណាំស្វាយចន្ទីតាមតំបន់មួយចំនួ​ន ត្រូវខូចខាតដោយសារបម្រែបម្រួលអាកាសធាតុ។ ផ្កាស្វាយចន្ទី ត្រូវក្រៀមស្វិតមិនចេញក្តឹប  និងខ្លះក្តឹបហើយជ្រុះទៅវិញ។ ងាកមកបច្ចុប្បន្នវិញ គ្រាប់ស្វាយចន្ទីស្រស់ ១គីឡូក្រាម ធ្លាក់ចុះតម្លៃពី ៥០០០រៀលទៅ៣០០០រៀល។ តម្លៃនេះ អាចចំណេញតិចតួច ប្រសិនបើចន្ទីមិនជ្រុះក្ដឹបច្រើន។ ប៉ុន្តែបើចន្ទីជ្រុះ ក្ដឹបច្រើនវិញ តម្លៃនេះ មិនអាចទប់ទល់ថ្លៃជី ថ្នាំ និងកម្លាំងពលកម្មបានទេ។  
 
លោក ណុក ប៊ុនថន ជាកសិករដាំស្វាយចន្ទីមានផ្ទៃដីទំហំ ៥ហិកតានៅខេត្តកំពង់ធំ។ ម្ចាស់ចន្ទីរូបនេះ រអ៊ូរទាំរឿងជី និងថ្នាំឡើងថ្លៃ តែតម្លៃចុះថោក ។ គ្រាប់ចន្ទីរបស់ មានតម្លៃទាបជាងមុន ដែលធ្វើឱ្យរូបលោក បាត់បង់ចំណូល និងខាតបង់ថវិកា​ប្រមាណ ២០ភាគរយ។  លោក ប៊ុនថន បញ្ជាក់ថា ស្វាយចន្ទីរបស់លោកឆ្នាំនេះ ប្រមូលផលយឺត ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យការលូតលាស់ដំណាំស្វាយចន្ទី មិនសូវល្អ ហើយផ្កា និងក្តឹបក្រៀមស្វិត។
 
កសិកររូបនេះ លើកឡើងថា៖ «ភ្លៀងធ្លាក់ខ្លាំង ហើយស្វាយចន្ទី មិនសូវល្អ ឯផ្កា និងក្តឹបក្រៀមស្វិត។ ហើយអ្នកទិញគេឱ្យតម្លៃទាប ប៉ុន្តែជីវិញឡើងថ្លៃគុណនឹងពីរ។»


 លោក ​អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា

លោក ណុក ប៊ុនថន បានបញ្ជាក់ថា ឈ្មួញក៏ពិបាក ទទួលទិញគ្រាប់ស្វាយចន្ទី​ដែរ ដោយសារគ្រាប់ចន្ទីមិនសូវល្អស្រាប់។ បើទោះដំណាំស្វាយចន្ទីរបស់លោក នៅតែជួបនឹងបញ្ហាបែបនេះក្តី ក៏លោកមិនកាប់ដើមចន្ទីចោលនោះឡើយ ពីព្រោះលោកត្រូវចំណាយថវិកា​ និងពេលវេលាច្រើន ក្នុងការដាំដំណាំផ្សេងទៀត។
 
តម្លៃគ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ចុះ តែគ្រាប់ស្វាយចន្ទីច្នៃ នៅតែមានតម្លៃខ្ពស់។ លោក ណុក ប៊ុនថន ពន្យល់ដូច្នេះ៖ «គ្រាប់ស្វាយចន្ទី ដែលគេច្នៃហើយ មានតម្លៃថ្លៃបែប​នេះ ខ្ញុំយល់ថាតម្លៃប៉ិននេះមិនថ្លៃទេ ហើយក៏សាកសមដែរ ព្រោះការចំណាយរបស់គេក៏ច្រើន។ ខ្ញុំក៏ធ្លាប់ឃើញគេធ្វើដែរ វាលំបាកណាស់ទម្រាំបាន ១គីឡូក្រាមហើយលក់ចេញ»។
 
ជុំវិញបញ្ហានេះ លោក ​អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា បើទោះជាស្វាយចន្ទីមានតម្រូវការច្រើនយ៉ាងណាក្តី ប៉ុន្តែវិបត្តិអាកាសធាតុ ធ្វើឱ្យដំណាំស្វាយចន្ទីធ្លាក់គុណភាព។ រីឯសិប្បករ ដែលពួកគេទិញយកទៅកែច្នៃ ក៏ពិបាកចម្រាញ់យកគ្រាប់ស្វាយចន្ទីដែរល្អផងដែរ។ ចំណែកបញ្ហាសំខាន់ ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃនោះគឺ កម្ពុជាមិនមានរោងចក្រផលិតខ្លួនឯង ទើបបណ្តាឈ្មួញនៅប្រទេសជិតខាង ជាអ្នកកំណត់តម្លៃ។ មួយវិញទៀត ពិភពលោកជួប ​នឹងវិបត្តសេដ្ឋកិច្ច ស្រាប់ផងនោះ ទើបធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចកម្ពុជា។
 
​ប្រធានសមាគមរូបនេះ ថ្លែងដូច្នេះ ៖ «ផ្ទៃដីដំាដំណាំស្វាយចន្ទីជិត ៨០ម៉ឺនហិកតា ត្រូវបានកសិករកាប់ដើមចោលជិត ១០ម៉ឺនហិកតា បន្ទាប់ពីគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃ និងខូចគុណភាព។ ដូច្នេះយើងគួរតែ មានឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្ងួត នៅតាមតំបន់សហគមន៍  ដូចដែរសមាគមកម្ពុជាយើងមាន។ មួយវិញទៀតក្រុមហ៊ុន​នៃប្រទេសជិតខាង ទិញគ្រាប់ស្វាយចន្ទីរបស់យើងនៅឆ្ងាយ ពួកគេត្រូវការពេលច្រើនដើម្បីដឹកជញ្ចូន ទើបតម្រូវឱ្យសមាគមស្តុកទុកគ្រាប់ស្វាយចន្ទីដែលហា​លស្ងួត ជៀសពីការខូតខាត។»
 
ជាមួយគ្នានេះ លោក អួន ស៊ីឡុត បានលើកទឹកចិត្តកសិករ ដែលជួបបញ្ហានេះកុំទាន់បាក់ទឹកចិត្ត ជាពិសេស សហគ្រិន ដែលច្នៃគ្រាប់ស្វាយចន្ទីត្រូវពង្រឹងសិប្បកម្មរបស់ខ្លួនផងដែរ។ នេះមិនត្រឹមតែ អាចលើកកម្ពស់ ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ​សហគ្រិនទាំងនោះបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋ និងកសិករដាំស្វាយចន្ទីមានទីផ្សារស្រាប់ផងដែរ។
 
បើតាម លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានលើកពីបញ្ហាមួយចំនួន ធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃទាប។ កសិករដាំស្វាយចន្ទីក្នុងខេត្តរតនគិរីនេះ បារម្ភថា ចន្ទីស្រស់ នឹងកាន់តែមានតម្លៃទាប។ 
 
ប្រធានមន្ទីររូបនេះបញ្ជាក់ថា៖ «គ្រាប់ស្វាយចន្ទីឆ្នាំនេះធ្លាក់ថ្លៃ គឺជាបញ្ហាមួយ។  ឯឈ្មួញវិញក៏រើសណាស់ដែរ​ព្រោះគេយកតែគ្រាប់ណាល្អទេ។ ចំណែកតម្លៃប្រេងខ្ពស់ ធ្វើឱ្យការដឹកជញ្ជូនមានតម្លៃខ្ពស់»។
 
អ្នកស្រី ឡឹង ម៉ានុត ជាម្ចាស់សហគ្រាសគ្រាប់ស្វាយចន្ទីចម្ការលើ ឡឹង​ ម៉ា​នុត ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ អ្នកស្រីបានចាប់ផ្តើមបើកសហគ្រាសនេះ ក្នុងឆ្នាំ២០១៦ ដោយមានចម្ការស្វាយចន្ទីទំហំ ២០ហិកតា ក្រៅពីនោះអ្នកស្រី ក៏បានបញ្ជាទិញពីសមាគមស្វាយចន្ទីផងដែរ។
 


អ្នកស្រី ឡឹង ម៉ានុត បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា មូលហេតុ ដែលធ្វើឱ្យផលិតផលគ្រាប់ស្វាយចន្ទីរបស់អ្នកស្រីមានតម្លៃខ្ពស់ គឺចាប់តាំងពីជំហានដំបូង រហូតសម្រេចបានផលិតផលមួយនោះ វាមិនមែនជារឿងងាយស្រួលនោះទេ។ ការចំណាយលើកម្មករ ទាំងកម្លាំង ពេលវេលា គឺសុទ្ធតែត្រូវការភាពម៉ត់ចត់។ រីឯគ្រាប់ស្វាយចន្ទីដែល អ្នកស្រីទទួលទិញពីកសិករវិញ គឺមានតម្លៃ ៥ ៥០០រៀលទៅ ៦ ០០០រៀល។
 
សហគ្រិនវ័យ២៥ឆ្នាំរូបនេះ រៀបរាប់ដូច្នេះ៖ «នៅពេលដែលយើងយកគ្រាប់ចន្ទីទៅបក ១គីឡូក្រាម យើងនឹងទទួលបានសាច់ចន្ទីតែ ១០០ទៅ២០០ក្រាមប៉ុណ្ណោះ។ ក្រៅពីនេះយើងត្រូវចំណាយអ្នកបកសំបកគ្រាប់ចន្ទី ការចម្អិន ការវិចខ្ចប់ទៀត ដូច្នេះការចំណាយក៏មិនតិចដែរ។ នេះហើយជាមូលហេតុធ្វើឱ្យ ផលិតផលគ្រាប់ស្វាយចន្ទីរបស់យើងមានតម្លៃខ្ពស់។»
 
អ្នកស្រី ម៉ានុត បន្តថា ផលិតផលគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី មានពីរប្រភេទគឺ គ្រាប់ស្វាយចន្ទីមានសំបករសជាតិផ្អែម សម្បូរពណ៌ផ្កាឈូក។ ឯមួយប្រភេទទៀត គឺចន្ទីអត់សំបករសជាតិដើម។ អ្នកស្រីបន្តថា ផលិតផលរបស់អ្នកភាគច្រើនចែកចាយ​ ទៅតាមផ្សារទំនើប ម៉ាតតូច ធំ​។ ចំពោះតម្លៃ ១គីឡូក្រាម អ្នកស្រីអាចលក់បានតម្លៃ ៥ម៉ឺនរៀល។
 
អ្នកស្រី ឡឹង ​ម៉ានុត បន្ថែមថា ក្នុងនាមជាសហគ្រិនមួយរូប ក្នុងចំណោមសហគ្រិនដទៃទៀត អ្នកស្រីមានចិត្តសប្បាយរីករាយជាខ្លាំង ក្រោយពីបានចូលរួមលើកកម្ពស់វិស័យកសិកម្ម ផ្តល់ទីផ្សារដល់កសិករដាំស្វាយចន្ទី។ នេះក៏ជាសកម្មភាពមួយ ក្នុងការគាំទ្រផលិតផលក្នុងស្រុកផងដែរ។
 
គួរបញ្ជាក់ផងដែរថា រយៈពេល ៣ខែចុងក្រោយ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីស្រស់ បានត្រឹម ២៧ម៉ឺនតោនប៉ុណ្ណោះ។ ដោយធ្លាក់ចុះជិត ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១៕
 

Tag:
 ThmeyThmey25
  ដំណាំស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com