ជាតិ
ក្រោយខកខាន២ឆ្នាំ «រុក្ខទិវា» នឹងប្រារព្ធឡើងវិញនៅបាត់ដំបង ក្រោមព្រះអធិបតីព្រះមហាក្សត្រ
26, Jun 2022 , 7:59 am        
រូបភាព
ព្រះមហាក្សត្រ នា «រុក្ខទិវា» ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ធំ។ រូបភាពពីគេហទំព័ររដ្ឋបាលខេត្តកំពង់ធំ។_
ព្រះមហាក្សត្រ នា «រុក្ខទិវា» ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ធំ។ រូបភាពពីគេហទំព័ររដ្ឋបាលខេត្តកំពង់ធំ។_
ក្រសួងកសិកម្ម រុក្ខា្របមាញ់ និងនេសាទ នឹងរៀបចំ «រុក្ខទិវា ៩កក្កដា» ឡើងវិញនៅឆ្នាំ២០២២នេះ  ក្នុងខេត្តបាត់ដំបង បន្ទាប់ពី​ខកខាន​អស់​រយៈពេល២ឆ្នាំ។ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងចូលរួមជាព្រះអធិបតីក្នុងពិធីនេះ។


បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរក្នុងប្រទេសកម្ពុជា ក្រសួងកសិកម្ម នឹងប្រារព្ធ «រុក្ខទិវា ៩កក្កដា» ឡើងវិញនៅក្នុងឆ្នាំនេះ។ ទិវានេះ នឹងប្រារព្ធនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើសំបូរមាស ភូមិសំបូរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុប ២៦ហិកតា។ នេះបើតាមគេហទំព័រក្រសួងកសិកម្ម។ 
 
«​រុក្ខទិវា​» ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស​ដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស។ ​ទិវានេះ ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ពិធីប្រពៃណី​ជាតិ​មួយ​ហៅ​ថា​ «ពិធី​រុក្ខទិវា» ដែល​បាន​កំណត់​ដោយ​ព្រះរាជកិច្ច កាលពីឆ្នាំ១៩៥២។ 
 
បច្ចុប្បន្ន «រុក្ខទិវា» ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដោយចែង​ក្នុង​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ឆ្នាំ២០០២ ត្រង់មាត្រា​៦០ នៃជំពូក​ទី១២។ ក្នុងមាត្រានេះបានចែងថា ដើម្បី​ជំរុញ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សារៈសំខាន់ និង​ផល​ប្រយោជន៍​ព្រៃឈើ ទិវាពលកម្ម​ដាំ​កូន​ឈើ ជា​ប្រពៃណី​ជាតិ​ហៅ​ថា «រុក្ខទិវា» ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៩ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ព្រះរាជ​តំណាង៕
 

Tag:
 ThmeyThmey
  រុក្ខទិវា ៨កក្កដា
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com