អន្តរជាតិ
កូរ៉េខាងជើង ចោទអាម៉េរិកព្យាយាមបង្កើតសម្ព័ន្ធយោធានៅអាស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលខ្លួន
27, Jun 2022 , 9:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែមិថុនា បានចោទអាម៉េរិកចង់បង្កើតសម្ព័ន្ធយោធាស្រដៀងនឹងអង្គការណាតូ (NATO) នៅក្នុងតំបន់អាស៊ី។ ក្រុងព្យុងយ៉ាង បានរិះគន់ក្រុងវ៉ាស៊ីនតោនថា លាក់ពុត និងគ្មានការផ្លាស់ប្តូរមហិច្ឆតាផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន។ បើតាមកូរ៉េខាងជើង សកម្មភាពរបស់អាម៉េរិកជំរុញឱ្យខ្លួនត្រូវអភិវឌ្ឍសមត្ថភាពការពារជាតិ។

 
 
នាពេលថ្មីៗនេះ កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានធ្វើសមយុទ្ធយោធារួមគ្នា។ ទន្ទឹមនេះ អាម៉េរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នាមួយ ដោយសម្ញែងនាវាដឹកយន្តហោះចម្បាំងផង។ នេះជាសមយុទ្ធរវាងអាម៉េរិក និងកូរ៉េខាងត្បូងលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ដែលមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំងបែបនេះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក យូន សុកយ៉ល បានទៅអេស្ប៉ាញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូផង។ 
 
ទាក់ទិននឹងបញ្ហានេះ ក្រុងព្យុងយ៉ាង បានចោទអាម៉េរិកចង់បង្កើតសម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់អាស៊ី ដើម្បីប្រឆាំងខ្លួន។ 
 
«ខណៈពេលធ្វើសមយុទ្ធយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូង អាម៉េរិកកំពុងឈានទៅរកការបង្កើតអង្គការណាតូបែបអាស៊ី»។ ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៦ ខែមិថុនា ដោយចោទក្រុងវ៉ាស៊ីនតោនជាថ្មីថា មានការលាក់ពុត។ បើតាមក្រុងព្យុងយ៉ាង រដ្ឋបាលក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្តូរមហិច្ឆតារបស់ខ្លួន ក្នុងការផ្តួលរលំរដ្ឋាភិបាលខ្លួនឡើយ។ 
 
បើតាមក្រសួងការបរទេសកូរ៉េខាងជើង ដោយអាម៉េរិកបន្តអនុវត្តគោលនយោបាយបែបនេះ ក្រុងព្យុងយ៉ាង ត្រូវការអភិវឌ្ឍសមត្ថភាពការពារឱ្យខ្លាំងជាងមុន ដើម្បីទប់ស្កាត់សកម្មភាពបែបអរិភាព ដែលបង្កដោយក្រុងវ៉ាស៊ីនតោន។ យ៉ាងណាមិញ ក្រសួងកូរ៉េខាងជើង មិនបានបញ្ជាក់ពីការអភិវឌ្ឍកម្លាំងមីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើយ។ 
 
កន្លងមក អាម៉េរិក និងកូរ៉េខាងត្បូង បានបង្ហាញពីក្តីបារម្ភជុំវិញការសាកល្បងនុយក្លេអ៊ែរជាថ្មីរបស់កូរ៉េខាងជើង នៅក្រោមដី បន្ទាប់ពីមានរបាយការណ៍មួយចំនួន។ ក្រុងព្យុងយ៉ាង ធ្វើតេស្តនុយក្លេអ៊ែរចុងក្រោយនៅក្នុងឆ្នាំ ២០១៧។ អាម៉េរិក ជាញយៗធ្លាប់ស្នើកូរ៉េខាងជើងចូលតុចរចាឡើងវិញ ដោយគ្មានលក្ខខណ្ឌជាមុន ប៉ុន្តែសំណើទាំងនោះ តែងត្រូវបានបដិសេធ។ 
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក យូន សុកយ៉ល បានបង្ហាញជំហយ៉ាងតឹងរ៉ឹង ដាក់កូរ៉េខាងជើង ពោលគឺខុសពីរដ្ឋបាលរបស់លោក មូន ចេអ៊ីន ដែលបានស្វែងរកកិច្ចចរចាសន្តិភាពជាមួយក្រុងព្យុងយ៉ាង៕ 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com