កីឡាអន្តរជាតិ
អន្តរជាតិ
​ក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយរើសបុគ្គលិក១២ម៉ឺននាក់ ជួយសម្រួលអ្នកគាំទ្រអំឡុង World Cup កាតា
30, Jun 2022 , 8:29 am        
រូបភាព
ក្រុមហ៊ុនបដិសណ្ឋារកិច្ចសណ្ឋាគារ Accor ប្រកាសរើសបុគ្គលិកបណ្តោះអាសន្នជាង១២ម៉ឺននាក់ ពីក្រៅប្រទេសដើម្បីជួយរៀបចំបន្ទប់ជាង៦៥ម៉ឺន របស់សណ្ឋាគានៅកាតា ត្រៀមទទួលអ្នកគាំទ្ររបស់ព្រឹត្តិការណ៍ World Cup 2022។ ប្រធានក្រុមហ៊ុន Accor លោក Sebastien Bazin លើកឡើងបែបនេះថ្ងៃទី២៨ ខែមិថុនា។


កាតា កំពុងពង្រឹងបន្ថែមការងារដើម្បីចៀសវាងការខ្វះខាតកន្លែងស្នាក់នៅសម្រាប់អ្នកគាំទ្រ មុនពេលការប្រកួត World Cup មកដល់នាចុងឆ្នាំ ២០២២។ កាតាបានជួលក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor ដែលជាក្រុមហ៊ុនប្រតិបត្តិការសណ្ឋាគាធំបំផុតរបស់អឹរ៉ុប ដើម្បីជួយរៀបចំកន្លែងស្នាក់នៅ។
 
«យើងប្តេជ្ញានឹងជួលមនុស្សច្រើននាក់ ដើម្បីជួយសម្រួលដល់ការរៀបចំបន្ទប់ជាង៦៥ម៉ឺនបន្ទប់ ស្ថិតនៅសណ្ឋាគាជាង៦០០កន្លែងនៅកាតា។ ហើយការងារទាំងនេះក៏ត្រូវបញ្ចប់វិញនៅចុងខែធ្នូក្រោយការប្រកួតបានបញ្ចប់។»។ លោក ​Bazin និយាយបែបនេះ។
 
នាយកប្រតិបត្តិក្រុមហ៊ុន Accor រូបនេះក៏បានអះអាងបន្ថែមថា ការជ្រើសរើសបុគ្គលិកផ្នែកបដិសណ្ឋារកិច្ច កំពុងតែធ្វើឡើងនៅតំបន់អាស៊ី, អនុតំបន់សាហារ៉ា, តំបន់អឺរ៉ុប និងតំបន់អាម៉េរិកខាងត្បូង ហើយក្នុងនោះក៏មានអ្នកជំនាញផ្នែកដឹកជញ្ជូន ក៏ដូចជាផ្នែកទំនាក់ទំនង។ 
 
កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ អ្នករៀបចំកម្មវិធី World Cup កាតាក៏បានប្រកាសគម្រោងរៀបចំការបោះតង់បែបប្រពៃណីជាង១ពាន់នៅតាមតំបន់វាលខ្សាច់ ជាយទីក្រុងឌូហាផងដែរ។
 
បើតាមអ្នករៀបចំកម្មវិធីដដែល បច្ចុប្បន្នបន្ទប់ស្នាក់នៅជាង១០០,០០០បន្ទប់ បានត្រៀមរួចរាល់ ដើម្បីទទួលអ្នកគាំទ្រជាមួយជម្រើសជាច្រើន។ កាតា ក៏បានត្រៀមបន្ទប់សណ្ឋាគា នៅលើកប៉ាល់ទេសចរណ៍ធំៗ២គ្រឿង​ ដែលមានជាង ៤ពាន់បន្ទប់ សម្រាប់ការស្នាក់នៅតាមតំបន់មាត់ទឹករបស់ប្រទេសមួយនេះ។
 
យ៉ាងណាមិញ តម្លៃក្នុងការស្នាក់នៅអំឡុង World Cup និងជម្រើសការស្នាក់នៅ នៅតែជាបញ្ហាចោទ ដោយសារកង្វះខាតកន្លែងស្នាក់ រួមទាំងតម្លៃថ្លៃ។ តម្លៃសម្រាប់បន្ទប់គ្រែ២ នៅតាមជាយទីក្រុងឌូហា មានតម្លៃជាង៣៩០ដុល្លារក្នុងមួយយប់ និងការស្នាក់នៅលើកប៉ាល់ទេសចេណ៍ដែលចតតាមតំបន់មាត់ទឹកជាប់ទីក្រុង ក្នុងមួយយប់តម្លៃជាង ១៦៥០ដុល្លារ។ នេះបើតាមគេហទំព័ររបសស់ភ្នាក់ងារទំនងកន្លែងស្នាក់នៅ Qatar 2022៕
 

Tag:
 Qatar World Cup 2022
  Accor
© រក្សាសិទ្ធិដោយ thmeythmey.com