កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ចាត់ទុក Inter ជាផ្ទះ ក្រោយចូលរួមជាថ្មីក្នុងនាមកីឡាករខ្ចីជើងពី Chelsea
30, Jun 2022 , 12:09 pm        
រូបភាព
​Romelu Lukaku ថ្ងៃទី២៩ ខែមិថុនា បានវិលត្រលប់ចូលរួមជាមួយ Inter Milan ក្នុងនាមកីឡាករខ្ចីជើងពីក្រុម Chelsea ដោយជោគជ័យ។


កាលពីរដូវកាល ២០២១-២២ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកបានវិលត្រលប់ទៅទឹកដី Stamford Bridge ក្នុងតម្លៃផ្ទេរប្រមាណជាង ១០៨លានដុល្លារពីក្រុម Inter Milan។ ប៉ុន្តែ Lukaku បង្ហាញខ្លួនមិនបានល្អឡើយឱ្យក្រុមតោខៀវ ដោយលេងបានត្រឹមតែ៤៤ប្រកួត ហើយរកបានត្រឹមតែ១៥គ្រាប់ប៉ុណ្ណោះ។
 
Romelu Lukaku បានចូលរួមជាមួយក្លិប Inter Milan កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨៨​.៥លានដុល្លារ ហើយរដូវកាល ២០២០-២០២១ ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះបានជួយក្រុមរបស់អ៊ីតាលីមួយនេះឈ្នះពានរង្វាន់ Serie A លើកដំបូងក្រោយខកខានរយៈពេល៩ឆ្នាំ។
 
ក្រោយពេលទៅដល់ទឹកដីអ៊ីតាលីជាថ្មី និងបានធ្វើតេស្តសុខភាពរួចរាល់ នៅថ្ងៃទី២៩ ខែមិថុនា Lukaku បានចុះកិច្ចសន្យាជាកីឡាកររបស់ក្រុម Inter Milan ជាកីឡាករខ្ចីជើង។ ខ្សែប្រយុទ្ធរូបនេះបានចាត់ទុកក្រុមអ៊ីតាលីដូចជាផ្ទះដែរ។
 
«ខ្ញុំពិតជាសប្បាយចិត្តពេលបានវិលមកវិញ វាប្រៀបដូចជាការមកដល់ផ្ទះវិញអ៊ីចឹង។ ទាំងគ្រួសារខ្ញុំ និងខ្ញុំពិតជារីករាយជាមួយមនុស្សនៅទៅនេះ អ្នកគាំទ្រ និងមិត្តរួមក្រុម។ ខ្ញុំពិតជាចង់ត្រលប់មកវិញ ហើយពេលនេះខ្ញុំពិតជាចង់ទៅចូលរួមជាមួយមិត្តរួមក្រុមម្តងទៀតណាស់។»។ Lukaku និយាយបែបនេះក្នុងសន្និសីទកាសែត។
 
ចាប់តាំងចូលរួមជាមួយ Inter កាលឆ្នាំ ២០១៩ ដល់ ២០២១ Lukaku រកបានគ្រាប់បាល់រហូតដល់ទៅ ៦៤គ្រាប់ក្នុងការបង្ហាញខ្លួន៩៥ប្រកួត។ ឆ្នាំ២០២១ ទៀតសោត ខ្សែប្រយុទ្ធវ័យ២៩ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខណ្ឌ Serie A៕
 

Tag:
 Romelu Lukaku
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com