ជាតិ
សេដ្ឋកិច្ច
កម្ពុជាស្នើឱ្យម៉ុងហ្គោលី ពិនិត្យលទ្ធភាពចុះ MOU ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម
30, Jun 2022 , 7:59 pm        
រូបភាព
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (ស្តាំ) និងលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា (ឆ្វេង) ។ រូបថត ៖ MOC ។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (ស្តាំ) និងលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា (ឆ្វេង) ។ រូបថត ៖ MOC ។
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជាកំពុងពិនិត្យលទ្ធភាពចុះអនុស្សាណៈនៃការយោគយល់គ្នា (MOU) ជាមួយម៉ុងហ្គោលី ទៅលើវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនូវការនាំចេញទំនិញសក្តានុពល លើវិស័យកសិកម្ម និងទំនិញសំខាន់ៗដទៃទៀត ដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។


សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។ ជំនួបភាគីទាំងពីរនេះ ប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែមិថុនា​ ។ 
 
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា បានលើកឡើងពីបរិយាកាសធុរកិច្ចនៅកម្ពុជា​ រួមមានការចរចាបង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ជាពិសេសការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ ដើម្បីសម្រួលដល់វិនិយោគិន ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា​ ។ 
 
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ជំរុញឱ្យភាគីម៉ុងហ្គោលី ពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។
 
លោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា បានគាំទ្រចំពោះសំណើក្នុងការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនេះ។ ជាពិសេសគោលដៅកសិកម្ម និងទំនិញសំខាន់ៗដទៃទៀត ដែលអាចជាតម្រូវការទីផ្សាររបស់ម៉ុងហ្គោលី។
 
គូសបញ្ជាក់ដែរថា កម្ពុជានិងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦០។ តាមរយៈទំនងនេះភាគីទាំងពីរប្តេជ្ញាបន្តពង្រឹង ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕
 

Tag:
 ម៉ុងហ្គោលី MOU
© រក្សាសិទ្ធិដោយ thmeythmey.com