ជាតិ
កម្ពុជា ជាប់លេខ២៨ ក្នុងការផ្តល់កងកម្លាំងដល់អង្គការសហប្រជាជាតិ
30, Jun 2022 , 10:59 pm        
រូបភាព
រូបពី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
រូបពី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ដោយ៖ វ៉ន​ ស៊ីចេន
 
ភ្នំពេញ៖ អង្គការសហប្រជាជាតិ វាយតម្លៃថា កម្ពុជាទទួលបានលំដាប់ថ្នាក់លេខ២៨ ចំណោម១២២ប្រទេស ក្នុងការផ្តល់កងកម្លាំងដល់អង្គការសហប្រជាជាតិ។​ ដោយឡែក កងកម្លាំងមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មចំនួន ៥ប្រទេសគឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២។

 
លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ ជួបពិភាក្សាការងារជាមួយ លោកជំទាវ Vicky Singmin ប្រចាំប្រទេសឥណ្ឌូណេស៊ី និងលោក Jan Scazighino ស្ថានទូតកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី២៩ មិថុនា ។ ​ ដោយបានស្នើឲ្យភាគីកាណាដា ជួយរក្សាសន្តិភាពពិសេសជំនាញ (EOD) នៅកម្ពុជា ដែលផ្តោតសំខាន់លើនារីរក្សាសន្តិភាព និងបញ្ជូនទៅចូលរួមវគ្គហ្វឹកហ្វឺនផ្នែករក្សាសន្តិភាពនៅកាណាដា ។ ជាពិសេសផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំង២។ 
 
លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ បានថ្លែងក្នុងកិច្ចពិភាក្សាថា ចាប់តាំងពី ឆ្នំា២០០៦ កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ចំនួន៨៣០២នាក់ ក្នុងនោះកម្លាំងនារី ចំនួន៥៨០នាក់ ទៅកាន់បេសកកម្មចំនួន១១ របស់អង្គការសហប្រជាជាតិ។ លោក បន្ថែមថា​ បច្ចុប្បន្នកងកម្លាំងមួកខៀវកម្ពុជា ចំនួន៨០១នាក់ ក្នុងនោះ នារីចំនួន១១៨នាក់ កំពុងបំពេញបេសកកម្ម នៅ៥ប្រទេសរួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។
 
ជាមួយគ្នានេះ លោកជំទាវ Vicky Singmin ប្រចាំឥណ្ឌូណេស៊ី កោតសរសើរ​ ចំពោះ​កងទ័ពមួកខៀវកម្ពុជា ផ្នែកប្រតិបត្តិការរក្សាសន្តិភាពបោសសម្អាតមីននៅកម្ពុជា និងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ 
 

Tag:
 លោក សែម សុវណ្ណី
  កងកម្លាំងមួកខៀវកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com