ជាតិ
ពីនេះ ពីនោះ
លោក ហែម វណ្ណា ចំណាយពេល៥ឆ្នាំ ដើម្បីផលិតភាពយន្តឯកសារ «ក្រុមកីឡាផ្កាឈូក»
01, Jul 2022 , 7:59 am        
រូបភាព
ការចាក់បញ្ចាំងភាពយន្តឯកសាររឿង «ក្រុមកីឡាផ្កាឈូក» របស់លោក ហែម វណ្ណា នៅសាលមហោស្របចតុមុខ។
ការចាក់បញ្ចាំងភាពយន្តឯកសាររឿង «ក្រុមកីឡាផ្កាឈូក» របស់លោក ហែម វណ្ណា នៅសាលមហោស្របចតុមុខ។
ភ្នំពេញ៖ «ក្រុមកីឡាផ្កាឈូក»​ ជាភាពយន្តឯកសារមួយ ក្រោមការផលិតរបស់ លោក ហែម វណ្ណា និង សហផលិតករ លោក តូម៉ាសូ កូឡូញ៉ែស ដែលនិយាយពីជីវិតពិតរបស់អ្នកប្ដូរយេនឌ័រពីស្ត្រី ទៅបុរស ចំនួនបីរូប ស្ថិតនៅក្នុងក្រុមបាល់ទាត់ «ផ្កាឈូក»។ ខ្សែភាពយន្តនេះ ត្រូវបានចំណាយពេល៥ឆ្នាំ ដើម្បីផលិតវាឡើង។



ភាពយន្តឯកសារក្រោមចំណងជើង «ក្រុមកីឡាផ្កាឈូក» ឬជាភាសាអង់គ្លេស «Lotus Sport Club» ជាស្នាដៃមួយ ក្រោមការដឹកនាំរបស់ លោក ហែម វណ្ណា និង សហផលិត លោក តូម៉ាតូ កូឡូញ៉ែស។ ខ្សែភាពយន្តដែលរយៈពេលជាង៧០នាទីនេះ បានរៀបរាប់ពីជីវិតពិតរបស់អ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្ដូរយេនឌ័រពីស្ត្រី ទៅបុរស នៅក្នុងក្រុមបាល់ទាត់មួយឈ្មោះថា «ផ្កាឈូក» ក្នុងខេត្តកំពង់ឆ្នាំង។ 
  

លោក ហែម វណ្ណា អ្នកដឹកនាំរឿង «ក្រុមកីឡាផ្កាឈូក»។

ក្នុងភាពយន្តឯកសារនេះ រៀបរាប់ពីបញ្ហាចាកស្រេះ ភាពកំសត់ សប្បាយ ជាមួយជីវិតរបស់អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជា។ តួអង្គសំខាន់ក្នុងរឿងនេះ មានដូចជា លោក វ៉ែន សុវណ្ណ និងប្រពន្ធ, លោក ឡន ស្រីល័ក្ខ និង លោក កើ ទីម៉ាស ដែលជាក្រុមអ្នកប្ដូរយេនឌ័រ។ 
 
នាមហោស្របភាពយន្ត​អន្តរជាតិកម្ពុជាលើកទី១១ លោក ហែម វណ្ណា រៀបរាប់ជុំវិញភាពយន្តឯកសាររបស់ខ្លួនដូច្នេះ៖ « ភាពយន្តនេះចាប់ផ្ដើមថតតាំងពីឆ្នាំ២០១៤ ដោយប្រើរយៈពេល៥ឆ្នាំ។ មូលហេតុដែលខ្ញុំចាប់ផ្ដើមផលិតភាពយន្តឯកសារនេះ ដោយសារភាគច្រើនខ្ញុំផលិតទាក់ទងនឹង rest awareness មានន័យថាឱ្យមនុស្សដឹងពីបញ្ហាណាមួយក្នុងសង្គម មានតាំងពីការរំលោភផ្លូវភេទ, ការជួញដូរមនុស្ស, សិទ្ធិមនុស្ស, កុមារ ដែលខ្ញុំធ្លាប់ធ្វើពីមុនមក»។ 
 
មូលហេតុចម្បងមួយទៀត ដែលលោក ហែម វណ្ណា ចាំអារម្មណ៍លើការផលិតភាពយន្តឯកសារពី លោក វ៉ែន សុវណ្ណ នេះ ដោយសារខ្លួនជាអ្នកខេត្តកំពង់ឆ្នាំងជាមួយគ្នា និងលោកតែងសង្កេតមើលការរស់នៅរបស់គាត់។ ម្យ៉ាងទៀត លោក សុវណ្ណ ក៏ជា​អ្នកប្ដូរយេនឌ័រ ដែលព្យាយាមបើកដំណើរការក្រុមបាល់ទាត់របស់ខ្លួន ដោយធនធានខ្លួនឯងផ្ទាល់ ថែមទៀតផង។ 


 លោក វ៉ែន សុវណ្ណ។

តាមរយៈភាពយន្តឯកសារនេះ លោក វណ្ណា យល់ឃើញថាវាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានឆ្លុះបញ្ចាំងពីថតភាពសង្គម ដែលកំពុងកើតឡើងមានជាក់ស្ដែង។ មួយវិញទៀត តាមរយៈភាពយន្តឯកសារនេះ ក៏មានតម្លៃផ្នែកអប់រំ ដល់អ្នកទស្សនា និងសាធារណជនទូទៅផងដែរ។
 
នាថ្ងៃចាក់បញ្ចាំង នៅថ្ងៃទី២៩ ខែមិថុនានោះ លោក វ៉ែន សុវណ្ណ ដែលជាគ្រូបង្វឹក និងជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់នារី «ផ្កាឈូក» ប្រចាំខេត្តកំពង់ឆ្នាំង បានបង្ហាញពីអារម្មណ៍ត្រេកអរ និងរំជួលចិត្តជាខ្លាំង បន្ទាប់ពីបានទស្សនាខ្សែជីវិតរបស់ខ្លួន តាមរយៈខ្សែភាពយន្តឯកសារមួយនេះ។ 
 
លោកនិយាយទាំងភ្នែករលីងរលោងដូច្នេះ៖ « ខ្ញុំមានអារម្មណ៍រំភើប ហើយស្រក់ទឹកភ្នែកខ្លួនឯង ដោយសារកំសត់ពេក ពីជីវប្រវត្តិពិតតាំងពីចាប់ផ្ដើម(ក្លឹបបាល់ទាត់នារី) រហូតដល់បច្ចុប្បន្ន»។ មិនសុខពីលោក សុវណ្ណ លោក ឡន ស្រីល័ក្ខ និង លោក កើ ទីម៉ាស ក៏សប្បាយចិត្ត រំជួលចិត្ត និងមិនអាចទប់ទឹកភ្នែក អំឡុងពេលទស្សនា សាច់រឿងពិតរបស់ខ្លួនពួកគេឡើយ។ 


លោក ឡន ស្រីល័ក្ខ

ជាមួយគ្នានេះ ពួកគេទាំងបីនាក់ ក៏បានលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រឯទៀត កុំអស់សង្ឃឹមក្នុងជិវិត និងត្រូវបន្តដំណើរទៅមុខបន្តទៀត។ ចំពោះសាធារណជនមួយចំនួន ដែលនៅបន្តរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបញ្ឈប់សកម្មភាពទាំងនោះ ហើយពួកគេសង្ឃឹមថា នឹងលែងមានការរើសអើងដល់អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។
 
គួរជម្រាបផងដែរថា មហោស្របភាពយន្ត​អន្តរជាតិកម្ពុជា (CIFF) លើកទី១១នេះ ទៅចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា។ ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក្រោមការរៀបចំ គណៈកម្មការភាពយន្តកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា សហការនឹងឧស្សាហកម្មភាពយន្តធំៗ រោងភាពយន្ត ផលិតករភាពយន្តជាដើម។ 
 
មហោស្របភាពយន្ត​អន្តរជាតិកម្ពុជាលើកទី១១នេះ មានភាពយន្តជាង១៤៤ មកពី ២៦ប្រទេស រួមទាំងភាពយន្តខ្នាតខ្លី ភាពយន្តឯកសារ និងគំនូរជីវចល។ ខ្សែភាពយន្តទាំងនោះ នឹងដាក់បញ្ចាំងនៅទីតាំងចាក់បញ្ចាំងធំៗក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Legend, Major Cineplex, Prime Cineplex, វិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា, មហោស្រពចតុមុខ, សណ្ឋាគារ Rosewood ភ្នំពេញ,ហាង Java Creative Café និង Factory Phnom Penh៕ 
 


លោក កើ ទីម៉ាស។

Tag:
 ThmeyThmey25
  ភាពយន្តឯកសារ
 ​ ក្រុមកីឡាផ្កាឈូក
  ហែម វណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com