កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! កាតា ​ចំណាយ២២០ពាន់លានដុល្លារដើម្បីរៀបចំ World Cup 2022
01, Jul 2022 , 8:29 am        
រូបភាព
ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ម្ចាស់ផ្ទះកាតា បានចំណាយប្រាក់រហូតដល់២២០ពាន់លានដុល្លារអាម៉េរិក ដែលជាការចំណាយច្រើនបំផុតជាកំណត់ត្រា។ ការចំណាយដ៏ច្រើននេះ ភាគច្រើនលើការសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។



នៅពេលប្រទេសមួយឈ្នះការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសំខាន់ដូចជាអូឡាំពិក ឬ World Cup ការចំណាយគឺស្ទើរតែជាបញ្ហា។ បញ្ហាអាចមានតិច ឬច្រើនដោយមើលលើស្ថានភាពជាក់ស្តែង ដូចជាហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់តាមតម្រូវការ និងការសាងសង់ថ្មីជាច្រើន។
 
ដើម្បីត្រៀមដឹកនាំធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ កាតាត្រូវបានរាយការណ៍ថា បានចំណាយលើការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួន ដែលមានតម្លៃចន្លោះពី ៦,៥ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារក្នុងមួយកីឡដ្ឋាន។ មានតម្លៃថ្លៃ ដ្បិតកីឡដ្ឋានទាំងនោះសុទ្ធ តែបានបំពាក់សម្ភារទំនើបៗដូចជាម៉ាស៊ីនត្រជាក់ជាដើម។ នេះបើតាមយោងតាមការចុះផ្សាយរបស់កាសែតសេដ្ឋកិច្ចកីឡា frontofficesports។
 
ក្រៅពីកីឡដ្ឋានថ្មី ប្រទេសអារ៉ាប់ដែលទទួលបានសិទ្ធិរៀបចំកីឡាបាល់ទាត់ពិភពលោក ជាលើកដំបូងមួយនេះ បានចំណាយប្រាក់រាប់រយពាន់លានដុល្លារទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតដូចជាសណ្ឋាគារ ទីតាំងដឹកជញ្ជូនក្រោមដីដ៏ទំនើប និងអាកាសយានដ្ឋានជាច្រើន។
 
ខាងក្រោមនេះ ជា​ថ្លៃ​ចំណាយ​សម្រាប់រៀបចំ​ការ​ប្រកួត World Cup ចាប់​តាំង​ពី​សហរដ្ឋ​អាម៉េរិក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ ១៩៩៤មក៖
- អាម៉េរិក ឆ្នាំ១៩៩៤៖ ៥០០លានដុល្លារ
   - បារាំង ឆ្នាំ១៩៩៨៖ ២,៣ពាន់លានដុល្លារ
    - កូរ៉េ/ជប៉ុន ឆ្នាំ២០០២៖ ៧ពាន់លានដុល្លារ
    - អាល្លឺម៉ង់ ឆ្នាំ២០០៦៖ ៤,៣ពាន់លានដុល្លារ
    - អាហ្វ្រ៊ិកខាងត្បូង ឆ្នាំ២០១០៖ ៣,៦ពាន់លានដុល្លារ
    - ប្រេស៊ីល ឆ្នាំ២០១៤៖ ១៥ពាន់លានដុល្លារ
    - រុស្ស៊ី ឆ្នាំ២០១៨៖ ១១,៦ពាន់លានដុល្លារ
    - កាតា ឆ្នាំ២០២២៖ ២២០ ពាន់លានដុល្លារ៕
 

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com