ជាតិ
កញ្ញា ធី ចន្ទ័រក្សា ជម្នះសិក្សាជំនាញ«វិស្វកម្មស្វ័យប្រវត្តិកម្ម»នៅបរទេស ទោះមានការជំទាស់ពី​គ្រួសារ
01, Jul 2022 , 8:59 am        
រូបភាព
កញ្ញា ធី ចន្ទ័រក្សា និស្សិតឆ្នាំទី២ លើជំនាញវិស្វកម្មស្វ័យប្រវត្តិកម្ម នៅសាកលវិទ្យាល័យ Dongyang Mirae University ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
កញ្ញា ធី ចន្ទ័រក្សា និស្សិតឆ្នាំទី២ លើជំនាញវិស្វកម្មស្វ័យប្រវត្តិកម្ម នៅសាកលវិទ្យាល័យ Dongyang Mirae University ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ភ្នំពេញ៖ ទោះបីមានការជំទាស់ពីគ្រួសារ តែកញ្ញា ធី ចន្ទ័រក្សា បានព្យាយាមស្វែងរកអាហារូបករណ៍រៀននៅបរទេសតាមក្ដីស្រមៃរបស់ខ្លួន។ បច្ចុប្បន្ន យុវតីរូបនេះ កំពុងសិក្សាឆ្នាំទី២ ជំ​នាញ​វិស្វកម្មស្វ័យប្រវត្តិកម្ម ឬ Automation engineering នៅសាកលវិទ្យាល័យ Dongyang Mirae University ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ដ្បិតការសិក្សាជំនាញនេះ ពិបាកបន្តិចសម្រាប់ ច័ន្ទរក្សា ប៉ុន្តែយុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺរូបនេះ នៅតែព្យាយាមជម្នះ មិនបោះបង់ឡើយ ហើយក៏តាំងសិក្សា​មិនឱ្យចាញ់បុរសនោះទេ។  យុវតីវ័យ២២ឆ្នាំរូបនេះ ក៏ចង់សិក្សារដល់ថ្នាក់បណ្ឌិត នៅសាធារណរដ្ឋកូរ៉េផងដែរ ហើយយកចំណេះដែលខ្លួនទទួលបាននោះ ​ចូលរួមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិកនៅកម្ពុជាវិញ។

 
ធំធាត់ក្នុងគ្រួសារកសិករ កញ្ញា ធី ចន្ទ័រក្សា ធ្លាប់ជាអតីតសិស្សឆ្នើមរូបវិទ្យា និងប្រឡងជាប់និទ្ទេស B កម្រិតមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧។ នាង បានចាកចេញពីស្រុកកំណើត មកបន្តការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញទូរគមនាគម និងអេឡិចត្រូនិក។ 
 
បើនិយាយដល់ជំនាញនេះ ពុំសម្បូរសិស្សជាស្រ្តីរៀននោះទេ ដោយសារជំនាញនេះ ត្រូវប្រើកម្លាំង និងការស្រាជ្រាវច្រើន ពាក់ព័ន្ធនឹងការសរសេរកូដ ឌីហ្សាញ និងអេឡិចត្រូនិក។ ថ្វីបើ ពិបាកបន្តិច តែ យុវតីរូបនេះ ព្យាយាមជម្នះចិត្តខ្លួនឯងមិនឱ្យចាញ់បុរសនោះទេ។ 
 
ដោយសារការស្រឡាញ់ និងគំនិតចង់បង្កើតនូវរបបគំហើញបច្ចេកវិទ្យាថ្មីៗ យុវតី ធី ចន្ទ័រក្សា បានស្វះស្វែងរកអាហារូបករណ៍រៀននៅបរទេស។ ជាសំណាង គួបផ្សំជាមួយការខិតខំប្រឹងប្រែង នៅឆ្នាំ២០២០ នាងត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្ដល់អាហារូបរណ៍សិក្សាជំនាញ វិស្វកម្មស្វ័យប្រវត្តិកម្ម នៅសាកលវិទ្យាល័យ Dongyang Mirae University ក្នុងទីក្រុងសេអ៊ូល។ 


 
ការទទួលបានអាហារូបករណ៍នេះ ពិតជាសំខាន់សម្រាប់យុវតី តស៊ូ។ ប៉ុន្តែ គ្រួសារបស់គេ បានព្យាយាមជំទាស់ជាច្រើនលើកច្រើនសា ព្រោះមិនចង់ឱ្យកូនស្រីតែម្នាក់ ទៅរស់នៅឆ្ងាយពីស្រុកទេស។ ជាមួយគ្នានេះ រក្សា និងបងប្រុសម្នាក់ទៀត បាននិយាយបញ្ចុះបញ្ចូល និងលើកហេតុផលវិជ្ជមាន រហូតដល់ឪពុកម្ដាយរបស់គេយល់ព្រម។ 
 
យុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«មុនដំបូងគ្រួសារខ្ញុំជំទាស់ អត់ឱ្យទៅរៀនទេ ដោយសារខ្ញុំជាកូនស្រីតែម្នាក់ នៅក្នុងគ្រួសារ។ មួយវិញទៀត នៅខ្មែរខ្ញុំរៀនដល់ឆ្នាំទី២ហើយ អ៊ីចឹង គាត់ខ្លាចខាតឆ្នាំផង។ ខ្ញុំពន្យល់គាត់ (ឪពុកម្ដាយ)ថា ការទៅរៀននៅបរទេសទទួលបានបទពិសោធច្រើន ហើយខ្ញុំអាយុជាង២០ ចង់រៀបផ្លូវដើរដោយខ្លួនឯង ទោះវាខុស ឬត្រូវក៏ដោយ»។ 
 
កញ្ញា ធី ចន្ទ័រក្សា បានលើកឡើងថា នេះជាឱកាសល្អដែលបានសិក្សានៅកូរ៉េ ដែលជាប្រទេសខ្លាំងផ្នែកបច្ចេកវិទ្យា។ នាងតាំងចិត្តរៀនសូត្រឱ្យខ្លាំង ដើម្បីលើកមុខមាត់ប្រទេសជាតិ ទោះប្រឈមនឹងការលំបាកមួយចំនួនដូចជា ភាសាទំនងទំនង អាកាសធាតុ ម្ហូបអាហារ និងច្បាប់ទម្លាប់ថ្មីជាដើម។ 
 
ចំពោះ ការសិក្សាជំនាញ វិស្វកម្មស្វ័យប្រវត្តិកម្មនេះ ក៏មិនស្រួលប៉ុន្មានដែរ ព្រោះត្រូវរៀន និងទំនាក់ទំនងជាភាសាកូរ៉េ។ ដូច្នេះ ក្នុងមួយថ្ងៃ នាងបានសម្រាកត្រឹមតែ ៣ទៅ៤ម៉ោងប៉ុណ្ណោះ។ ក្រៅពីនោះ ត្រូវចំណាយពេលរៀន និងស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗ។ 
 
កញ្ញា ធី ចន្ទ័រក្សា រៀបរាបយ៉ាងដូច្នេះ៖«មែនទែនទៅ ការរៀនជំនាញនេះ ពុំមានកាលវិភាគត្រឹមត្រូវនោះទេ គឺខ្ញុំរៀនតាំងពីព្រឹកដល់យប់ ពីយប់ដល់ព្រឹកវិញ។ ព្រោះវាមមាញឹកនឹង Project ច្រើន និងមុខរៀនច្រើនផ្សេងៗទៀត។ និយាយទៅ អត់មានពេលដើរលេង ឬសម្រាកច្រើនទេ។ ខ្ញុំចង់បោះបង់ ត្រឡប់ទៅខ្មែរវិញប៉ុន្មានដងហើយ ព្រោះវាពិបាកខ្លាំង។ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា យើងមកដល់ចំណុចកណ្ដាលហើយ អ៊ីចឹងយើងត្រូវទៅមុខទៀត ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ»។


 
បច្ចុប្បន្ន យុវតីរូបនេះ កំពុងសិក្សាឆ្នាំទី២ ផ្ដោតសំខាន់លើជំនាញឌីហ្សាញ សរសេរកូដ អេឡិចត្រូនិក។ លើពីការសិក្សាក្នុងថ្នាក់ ជារើយៗ នាងតែងតែអនុវត្តលើការគូសរូបរាងរ៉ូបូត(Robot) ធ្វើសៀគ្វីអគ្គិសនី និងសរសេរកូដ ដែលអាចធ្វើឱ្យរ៉ូបូតមានចលនាជាដើម។ ម្ដងម្កាល នាងក៏ត្រូវបានគ្រូ ជ្រើសរើសឱ្យទៅបង្រៀនជំនាញអេឡិចត្រូនិក ដល់កុមារកូរ៉េផងដែរ។ 
 
វិស្វកម្មស្វ័យប្រវត្តិកម្ម ឬ Automation engineering ជាជំនាញមួយពិបាក ប៉ុន្តែមានទីផ្សារការងារច្រើន ស្របពេលដែលកម្ពុជា ក៏កំពុងខ្វះខាតអ្នកជំនាញស្រាវជ្រាវ និងបង្កើតបច្ចេកវិទ្យាថ្មីៗនេះដែរ។ យុវតីរូបនេះ មានបំណងរៀនដល់ថ្នាក់បណ្ឌិតនៅកូរ៉េ ដើម្បីក្លាយជាផ្នែកមួយចូលរួមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កម្ពុជា។
 
កញ្ញា ធី ចន្ទ័រក្សា ប្រាប់ដូច្នេះថា៖«មើលទៅជំនាញនេះ ខ្ញុំចាប់អារម្មណ៍ស្រឡាញ់ ព្រោះវាទាក់ទងនឹងការបង្កើតអ្វីថ្មីៗ ដែលធ្វើការដោយខ្លួនឯង(Automatic)។ ជាក់ស្ដែង យើងឃើញមានដូចជា រ៉ូបូត ម៉ាស៊ីនឆុងកាហ្វេ ដែលដំណើរដោយខ្លួនឯង អ៊ីចឹង ទោះវាពិបាកយ៉ាងមិចក៏ខ្ញុំរៀនជំនាញហ្នឹងដែរ។ មួយវិញទៀត ខ្ញុំឃើញប្រទេសខ្មែរ អត់ទាន់មានអ្នកធ្វើនៅឡើយ។ ដូច្នេះ ខ្ញុំចង់យកចំណេះដឹងដែលបានរៀន ទៅអនុវត្តនៅប្រទេសយើង។ បង្កើតអ្វីដោយខ្លួនឯង ដែលជាស្នាដៃកូនខ្មែរ»។ 
 
ការមកសិក្សានៅប្រទេសកូរ៉េ យុវតីរូបនេះ មើលឃើញថា ការទំនាក់ទំនង និងការគោរពច្បាប់ទម្លាប់ពិតជាសំខាន់។ ទន្ទឹមនេះ នាង លើកទឹកចិត្តឱ្យ យុវជនខ្មែរ ជាពិសេសស្រ្តី ដែលមានបំណងមករៀនជំនាញ វិស្វកម្មស្វ័យប្រវត្តិកម្ម ឬ Automation engineering កុំបោះបង់ក្ដីស្រមៃ ទោះបី លំបាកបន្តិច ប៉ុន្តែវាការតស៊ូដ៏អស្ចារ្យ៕ 
 

Tag:
 ធី ច័ន្ទរក្សា
  វិស្វកម្មស្វ័យប្រវត្តិកម្ម
  អាហារូបករណ៍
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com