ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ៖ សេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ ប៉ុន្តែត្រូវប្រឈមវិបត្តិប្រេងសាំងឡើងថ្លៃ
01, Jul 2022 , 9:29 am        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជាហាក់មានសន្ទុះកើនឡើងសន្សឹមៗ ក្រោយពីត្រូវបានញាំញីជាមួយជំងឺកូវីដ-១៩ ។ ប៉ុន្តែសន្ទុះសេដ្ឋកិច្ចឡើងវិញក៏ត្រូវប្រឈមមុខនឹងវិបត្តិប្រេងសាំងឡើងថ្លៃនេះ។



ធនាគារពិភពលោក (WB) បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី៣០មិថុនា ជុំវិញរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock។ របាយការណ៍នោះបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ខណៈសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញ​ ក្រោយពីការធ្លាក់ចុះដោយសារការរាតត្បាតជំងឺកូវីដ-១៩។ 
 
៦ខែ ដើមឆ្នាំ២០២២​ ការនាំចេញកម្ពុជាមានទំហំទឹកប្រាក់ ៤,៨ពាន់លានដុល្លារ គឺកើន ២៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាងឡើង ខណៈការនាំចេញទៅសហរដ្ឋអាម៉េរិកក៏កំពុងតែស្ទុះឡើងវិញផងដែរ។ 
 
សន្ទុះនៃកំណើនសេដ្ឋកិច្ចនេះ ទំនងនឹងត្រូវបានទាញទម្លាក់ចុះមកវិញបន្តិច ខណៈការឡើងថ្លៃនៃប្រេងសាំង និងវិបត្តិស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើងៗ។ នៅកម្ពុជា គ្រួសារក្រីក្រ និងជនងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជារងផលបពាល់ច្រើនជាងគេ ពីវិបត្តិប្រេងសាំងឡើងថ្លៃនេះ។ នេះបើតាមរបាយការណ៍ធនាគារពិភពលោក។
 
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លើកឡើងថា៖ «យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ»។  
 
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជារូបនេះ បានបន្ថែមថា ៖ «ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនមកវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត» ។ 
 
ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ក្នុងការជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ រួមមាន ភាពចាំបាច់នៃការបន្តប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, ការបន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន ជាមួយការជំរុញការនាំចេញ។ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារជាដើម ។
 
ធនាគារពិភពលោកបានស្នើកម្ពុជា​ នូវយុទ្ធសាស្ត្រកាត់បន្ថយថ្លៃចំណាយមួយចំនួន ទៅលើវិស័យភស្តុភារកម្ម (Logistics )  ដោយត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៕
 
 

Tag:
 WB ប្រេងសាំង អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com