ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ពន្យារពេលផាកពិន័យម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់ថ្ងៃ៣ កក្កដា
01, Jul 2022 , 10:25 am        
រូបភាព
អាជីវករដែលប្រកបរបរតាមអនឡាញសម្រុកទៅចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី៣០ខែមិថុនា ។
អាជីវករដែលប្រកបរបរតាមអនឡាញសម្រុកទៅចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី៣០ខែមិថុនា ។
ដោយ ៖ ធន់ សេងហុង 
 
ក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យារពេលផាកពិន័យ ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់ថ្ងៃ៣ កក្កដា។ ក្នុងអំឡុងពេលនេះ ម្ចាស់អាជីវកម្ម ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគេចផុតពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២។​



ក្រសួងពាណិជ្ជកម្ម បានប្រាប់ទៅដល់សហគ្រាស ក្រុមហ៊ុនបរទេស អាជីវករ ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬអ្នករកស៊ីតាមអនឡាញ ឱ្យបានដឹងថា ក្រសួងបានពន្យារពេលការផាកពិន័យ ចំពោះការយឺតយ៉ាវលើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជករ រហូតដល់ថ្ងៃទី៣ កក្កដា ឆ្នាំ២០២២ ។ 
 
ការសម្រេចពន្យាពេលនេះ ដោយសារមើលឃើញថា អាជីវករ សហគ្រាស ក្រុមហ៊ុន និងអ្នករកស៊ីតាមអនឡាញជាច្រើនលើសលប់ បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ 
 
ដូច្នេះ អាជីវករ សហគ្រាស ក្រុមហ៊ុន និងអ្នករកស៊ីតាមអនឡាញ អាចទៅដាក់ពាក្យសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្ត និងសហគ្រាសឯកបុគ្គលនៅរៀងរាល់ម៉ោងធ្វើការ។ 
 
សូមជម្រាបថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
 

Tag:
 រកស៊ីតាមអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com