កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិកថា FIFA នឹងទទួលបានសំណង ៩២ លានដុល្លារទៀត ពីការស៊ើបអង្កេតអំពើពុករលួយ
01, Jul 2022 , 5:32 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងទទួលបានសំណងចំនួន ៩២ លានដុល្លារបន្ថែមទៀត ជុំវិញការទ្រទ្រង់គម្រោងអំពើពុករលួយក្នុងវិស័យបាល់ទាត់។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាម៉េរិក (USJD) នៅថ្ងៃទី៣០ ខែមិថុនា។


កាលពីខែសីហាឆ្នាំមុន USJD និយាយថា FIFA នឹងទទួលប្រាក់សំណងចំនួន ២០១ លានដុល្លារ សម្រាប់ការខាតបង់ក្នុងវិស័យបាល់ទាត់ ដោយប្រាក់ទាំងនោះ ត្រូវបានស្ថាប័នខ្លួនរឹបអូសពីគណនីធនាគាររបស់អតីតមន្ត្រី FIFA ដែលជាប់ពាក់ព័ន្ធអំពើពុករលួយ។ 
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយកដ្ឋាន USJD នឹងបន្ថែមទឹកប្រាក់ប្រមាណ ៩២ លានដុល្លារទៀតដល់ FIFA ជាសំណងជុំវិញការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងបាល់ទាត់។
 
សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងជើង និងកណ្តាល (CONCACAF) និង CONMEBOL នៅអាម៉េរិកខាងត្បូង សុទ្ធតែមានឈ្មោះក្នុងចំណោមស្ថាប័នរងគ្រោះ ដែលត្រូវទទួលបានប្រាក់សំណងខាងលើនេះ។
 
ចាប់តាំងពី USJD បើកការស៊ើបអង្កេតអំពើពុករលួយក្នុងបាល់ទាត់នៅឆ្នាំ ២០១៥ ចុងចោទបុគ្គល និងសាជីវកម្ម ជាង៥០ មកពីជាង ២០ ប្រទេសផ្សេងៗគ្នា បានប្រឈមមុខនឹងការចោទប្រកាន់ទាក់ទងនឹងការសូកប៉ាន់ សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទីផ្សារជាដើម។
 
លោក Michael J Driscoll ជំនួយការនាយកទទួលបន្ទុកនៅការិយាល័យស៊ើបអង្កេត (FBI) រកឃើញថា ទឹកប្រាក់មិនប្រក្រតីជាច្រើនបានធ្លាក់ក្នុងដៃមន្ត្រីពុករលួយ និងអាជីវកម្មនៅក្នុងកម្មវិធីកីឡាបាល់ទាត់ធំៗ ពិសេសអំឡុងពេលលោក Sepp Blatter នៅដឹកនាំ៕
 

Tag:
 FIFA
  USJD
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com