ជាតិ
បង្កងទឹកសាប និងកូនត្រីចម្រុះជាង១លានក្បាល ត្រូវលែងចូលក្នុងអាងត្រពាំងថ្ម
01, Jul 2022 , 6:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រលែងត្រីចូលទៅក្នុងអាងត្រពាំងថ្ម នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២_
សម្ដេច ហ៊ុន សែន ប្រលែងត្រីចូលទៅក្នុងអាងត្រពាំងថ្ម នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២_
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងពូជត្រីចម្រុះចំនួន ១លានក្បាល និងកូនបង្កងទឹកសាប ២០ម៉ឺនក្បាល ចូលទៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


នៅក្នុងកម្មវិធីអបអរសាទរទិវាមច្ឆាជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា កាលពីឆ្នាំ២០១១ អាងត្រពាំងថ្ម ធ្លាប់ត្រូវបានលែងពូជត្រី និងបង្កងទឹកសាបចូលម្ដងរួចហើយ។ ប៉ុន្តែ ដោយសារតែការនេសាទច្រើនលើសលប់ បានធ្វើឱ្យបាត់បង់វត្តមានបង្កង និងថយចុះផលត្រីជាបន្តបន្ទាប់។ 
 
ចំពោះមុខ ក្រសួងកសិកម្ម បានលែងកូនបង្កងទឹកសាបថ្មីប្រមាណ២០ម៉ឺនក្បាល និងកូន ព្រមទាំងមេពូជត្រីជាង១លានក្បាលបន្ថែមទៀតទៅក្នុងអាងត្រពាំងថ្ម ដែលមានទំហំ ១១៨៩ហិកតា។ ក្នុងនោះ មានប្រភេទ ត្រី ឆ្ពិន ប្រា និងត្រីកន្ទរ រួមទាំងត្រីជិតផុតពូជមួយចំនួនទៀតមានដូចជា ត្រីគល់រាំង អណ្ដែក កន្ធាយ និងកង្កែប ដើម្បីធ្វើឱ្យសម្បូរឡើងវិញនូវមច្ឆាជាតិចម្រុះរបស់កម្ពុជា។ 
 
អាងត្រពាំងថ្ម មានទំហំសរុប ១១៨៩ហិកតា ក្នុងនោះមានកន្លែងអភិរក្សជលផល ៣១,២ហិកតា ដែលសម្បូរទៅដោយត្រីជាច្រើនប្រភេទដូចជា ត្រីត្រឱន ឆ្ពិន ឆ្លាំង ផ្ទក់ រ៉ស់ អណ្ដែង ក្រាញ់ អន្ទង់ជាដើម។ លើសពីនេះ ក៏មានប្រភេទត្រីធំៗមួយចំនួនទៀតដូចជា ត្រីឆ្ដោ សណ្ដាយ និងក្រាយផងដែរ។ 
 
ក្នុងមួយថ្ងៃមានពលរដ្ឋ ៣០០ទៅ៤០០នាក់ អាស្រ័យផលនេសាទនៅអាងត្រពាំងថ្មមួយនេះ។ បើតាមរដ្ឋមន្រ្តីកសិកម្ម ក្នុងម្នាក់ អាចរកត្រីបានប្រហែល ៣ទៅ៥គីឡូក្រាមក្នុងមួយថ្ងៃ ឬសរុប ប្រជានេសាទអាចរកត្រីបាន១៤០០គីឡូក្រាមក្នុងមួយថ្ងៃ។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងដែរថា ការលែងកូនត្រី គឺជារឿងចាំបាច់ ដើម្បីធ្វើឱ្យបរិមាណត្រីកើនឡើងវិញ។ ដូច្នេះ ការលែងកូនត្រីនេះ មិនត្រូវធ្វើតែមួយថ្ងៃនោះទេ គឺត្រូវធ្វើសកម្មភាពរាល់ថ្ងៃ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីប្ដូរមកវិញនូវចំណីអាហារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។
 
បច្ចុប្បន្ន បរិមាណត្រីបានថយចុះបន្តបន្ទាប់ ដោយសារទឹករាក់ ខណៈចំនួនប្រជាជនបានកើនឡើងពី៥លាននាក់ទៅ១៧លាននាក់ក្នុងរយៈពេល៤៣ឆ្នាំ។ សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះថា៖«ឥឡូវនេះ ទឹករាក់ ត្រីតិច ប្រជាជនច្រើន។ ជារៀងរាល់ឆ្នាំបឹង បួររបស់យើងតែងតែមានគោក និងរាក់ ដោយសារហូចចាក់នូវដីល្បាប់ និងស្លឹកឈើ។ ដូច្នេះ ចំនួនត្រីរបស់យើង ក៏កាន់តែតិច»៕  
 
 

Tag:
 បង្កងទឹកសាប
  កូនត្រី
  អាងទឹកត្រពាំងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com