ជាតិ
លោក ថោង ខុន រំពឹងថា«សៀវភៅទេសចរណ៍ថ្នាក់ទី១១» នឹងជំរុញកំណើនអ្នកជំនាញទេសចរណ៍
01, Jul 2022 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជននិងកីឡា ដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ ជាផ្លូវការក្នុងកម្មវិធីសិក្សានៅព្រឹកថ្ងៃទី៣០មិថុនា។​ ក្រសួងទេសចរណ៍រំពឹងថា សៀវភៅទេសចរណ៍នេះនឹងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ ឱ្យត្រូវតាមតម្រូវការរបស់ក្រសួង ដែលត្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ប្រមាណ ១លាននាក់ក្នុងឆ្នាំ២០២៥។



ផលិតផលទេសចរណ៍នៅតាមរាជធានី-ខេត្តនានា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ក៏ដូចជាប្រជែងទីផ្សារបរទេស។ ទន្ទឹមនឹងនោះតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏កើនឡើងដែរ ជាពិសេសក្រោយពីជំងឺកូវីដ-១៩ធូរស្រាល។ 
  

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន​​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងក្នុងកម្មពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ នាទីស្ដីការក្រសួងទេសចរណ៍​ថា បច្ចុប្បន្នធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅ​មានកម្រិតទាំងគុណភាព និងចំនួន។ ការណ៍នេះតម្រូវឱ្យមានការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនេះបន្ថែមទៀត។ 
លោក ថោង ខុន​ លើកឡើងដូច្នេះ៖ « ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ»។
 
នៅឆ្នាំ​ ២០២៥ ក្រសួងទេសចរណ៍ចង់ឱ្យមានអ្នកជំនាញទេសចរណ៍ ១លាននាក់ និងឆ្នាំ ២០៣០មានអ្នកជំនាញ​ប្រមាណ ១លាន៥០ម៉ឺននាក់។​ យ៉ាងណាមិញក្រសួងទេសចរណ៍មានសុទិ្ឋដ្ឋិនិយមលើសៀវភៅទេសចរណ៍ថ្នាក់ទី១១ ថាជាឧបករណ៍តម្រង់ទិសដល់សិស្សានុសិស្សឱ្យធ្វើការ ប្រកបដោយជំនាញក្នុងវិស័យទេសចរណ៍។ 


 
«សៀវភៅទេសចរណ៍ថ្នាក់ទី១១» មានប្រមាណ ៧០ទំព័រ ដែលបានលម្អិតពីចំណេះដឹងផ្នែកទេសចរណ៍ ដូចជាផលិតផលទេសចរណ៍ ទីតាំងទេសចរណ៍ ផលប្រយោជន៍ទេសចរណ៍ ការបដិសណ្ឋារកិច្ច​ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងការរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ផងដែរ។ សៀវភៅនេះត្រូវបាននិពន្ធ និងរៀបរៀងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា។
 
លោក ថោង ខុន​ ក៏បានស្នើឱ្យក្រសួងអប់រំជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ប្រើប្រាស់សៀវភៅទេសចរណ៍ទេសចរណ៍ថ្នាក់ទី១១នេះ ដើម្បីជាទន់ក្នុងការកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យត្រូវតាមតម្រូវការ។ លើសពី រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះក៏បានស្នើឱ្យគ្រឹះស្ថានអប់រំដែលមិនទាន់មានកម្មវិធីទេសចរណ៍​ ជួយរៀបចំឱ្យមានថ្នាក់សិក្សាលើជំនាញទេសចរណ៍ ជាពិសេសនៅតាមគោលដៅទេសចរណ៍ដែលមិនមានសាលាបណ្តុះបណ្តាលជំនាញនេះ។
 

 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com