ជាតិ
ទូតអ៊ីស្រាអែល ចាត់ទុកជំនួបជាមួយលោក ហ៊ុន ម៉ាណែត ជាច្រកនៃការចាប់ផ្តើមកិច្ចសហការផ្នែកកងទ័ព
01, Jul 2022 , 9:59 pm        
រូបភាព
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង អ្នកស្រី អរណា សាហ្គីវ (រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង អ្នកស្រី អរណា សាហ្គីវ (រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)
អ្នកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីស្រាអែលប្រចាំកម្ពុជា តែមាននិវេសនដ្ឋាននៅថៃ បានចូលជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ខ្លឹមនៃជំនួបនេះ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការកងទ័ពជើងគោក ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា។ 

 
«ចំពោះទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា លោកជំទាវ [ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល] បានសម្តែងការគាំទ្រ និងបានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការបើកច្រកសម្រាប់ការសម្លឹងមើលឱកាសនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំង២ នាពេលអនាគត»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា។ 
 
ជាមួយគ្នានេះ អ្នកស្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា-អ៊ីស្រាអែល ក្នុងរយៈពេលយូរឆ្នាំកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ អ្នកស្រី លើកឡើងថា មាននិស្សិតកម្ពុជាជាច្រើន បានទៅសិក្សា និងហាត់ការក្នុងវិស័យកសិកម្ម នៅអ៊ីស្រាអែល។ ក្រៅពីនេះ អ្នកស្រី រំលេចពីវិស័យសក្តានុពលមួយចំនួនទៀតរវាងកម្ពុជា-អ៊ីស្រាលអែល ដូចជា ធនធានទឹក ថាមពល ការងារ និង បច្ចេកវិទ្យា ជាដើម។ 
 
រីឯលោក ហ៊ុន ម៉ាណែត បានរម្លឹកពីចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជា-អ៊ីស្រាអែល ដែលគិតចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៦៧មក។ លោក ថ្លែងទៅកាន់អ្នកស្រី អរណា សាហ្គីវ ថា បច្ចុប្បន្ននេះ កម្ពុជា-អ៊ីស្រាអែល មានកិច្ចសហប្រតិបត្តិការល្អលើវិស័យសំខាន់ៗជាច្រើន រួមមាន ទេសចរណ៍ អប់រំ ហើយជាពិសេស វិស័យកសិកម្ម។ 
 
ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា បានសរសេរពីប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដូច្នេះថា៖«ចំពោះវិស័យសេដ្ឋកិច្ច និងយោធា ទោះបីសកម្មភាពកិច្ចសហប្រតិបត្តិការនៅមានកម្រិត ប៉ុន្តែ ក៏ស្ថិតក្នុងលទ្ធភាព និងសក្តានុពលដែលអាចបន្តពង្រឹងឲ្យបានរីកចម្រើនទៅមុខផងដែរ ដែលអាចជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេសឲ្យកាន់តែជិតស្និទ្ធ»៕ 
 
 

Tag:
 កម្ពុជា-អ៊ីស្រាអែល
  ហ៊ុន ម៉ាណែត
  Orna Sagiv
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com