ជាតិ
ក្រោយកាត់បន្ថយនិស្សិតហាត់ការ អ៊ីស្រាអែល ចង់បានពលករពីកម្ពុជាទៅបម្រើការងារកសិកម្ម
01, Jul 2022 , 10:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល
ភ្នំពេញ៖ ស្របពេល ចំនួននិស្សិតទៅហាត់ការងារកសិកម្ម ត្រូវបានកាត់បន្ថយនោះ រដ្ឋាភិបាល អ៊ីស្រាអែល ចង់ចុះអនុស្សារណៈយោគយល់គ្នា(MOU) ដើម្បីនាំយកពលករពីកម្ពុជាទៅបម្រើការងារកសិកម្មនៅប្រទេសរបស់ខ្លួន។​

 
ក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូត ទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានឱ្យដឹងថា ភាគី​អ៊ីស្រាអែល មានបំណងចុះអនុស្សារណៈយោគយល់គ្នា(MOU) ស្ដីពីការនាំយកពលករកម្ពុជា ទៅបម្រើការក្នុងវិស័យកសិកម្ម។ ឯកអគ្គរដ្ឋទូត រំពឹងថា នឹងទទួលបានការសហការពីក្រសួងការងារ ដើម្បីឈានដល់ចុះហត្ថលេខាក្នុងរយៈពេលដ៏ខ្លី។ 
 
លោក វេង សា ខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគាំទ្រចំពោះគម្រោងនាំយកពលករកម្ពុជា ទៅបម្រើការងារផ្នែកវិស័យកសិកម្មអ៊ីស្រាអែលនេះ។ លោក បន្ថែមថា ប្រសិនបើ គម្រោងជោគជ័យ នឹងជួយពង្រឹងសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្ដី និងការអនុវត្ត ជាពិសេសការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបៗពីប្រទេសជឿនលឿនផ្នែកកសិកម្មមួយនេះ។ 
 
ក្នុងជំនួបដដែល លោក ក៏បានស្នើឱ្យ រដ្ឋាភិបាលអ៊ីស្រាអែល បង្កើន ឬរក្សាកូតានិស្សិតទៅហាត់ការងារលើជំនាញកសិកម្មត្រឹម ២០០នាក់ក្នុងមួយឆ្នាំ ព្រោះ និស្សិតដែលទៅរៀននៅអ៊ីស្រាអែលកន្លងមក ត្រូវកាត់បន្ថយ។ ជាក់ស្ដែង នៅឆ្នាំ២០២២នេះ មាននិស្សិត៣១៦នាក់ បានដាក់ពាក្យទៅសិក្សាជំនាញកសិកម្មនៅអ៊ីស្រាអែល បន្ថែមទៀត។ ប៉ុន្តែ លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ជាក់ថា ឆ្នាំនេះកូតាដែលត្រូវជ្រើសរើសមានតែ ១០០នាក់ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១មានចំនួន ២០០នាក់។
 
ចំពោះ សំណើនេះ ពុំត្រូវបានឆ្លើយតបភ្លាមៗនោះទេ។ ប៉ុន្តែ លោកស្រី Orna SAGIV បញ្ជាក់ថា រដ្ឋាភិបាលអីស្រាអែល នឹងពិចារណារក្សាតាមការស្នើសុំរបស់កម្ពុជា។  
 
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៨មក កម្ពុជាបានបញ្ចូននិស្សិតចំនួន ១ ៤៦៩នាក់ទៅសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building។ និស្សិតកម្ពុជា ដែលបានទៅសិក្សានៅអ៊ីស្រាអែល ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត៕ 
 

Tag:
 អ៊ីស្រាអែល
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com