ជាតិ
ភ្នំពេញបន្តជាប់ឆ្នោតជាសមាជិកការិយាល័យអចិន្ត្រៃយ៍នៃសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
01, Jul 2022 , 9:37 pm        
រូបភាព
កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩៥ និងសន្និបាតលើកទី៤២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ត្រូវបានរៀបចំនៅក្នុងទីក្រុងអាបីដហ្សង់ (Abidjan) នៃប្រទេសកូតឌីវ័រ (Côte d'Ivoire) ពីថ្ងៃទី២៨-៣០ ខែមិថុនា។

 
នៅក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង រាជធានីភ្នំពេញបានទទួលសំឡេងឆ្នោតគាំទ្រជាសមាជិករបស់ការិយាល័យនេះ២ឆ្នាំបន្តទៀតដល់ឆ្នាំ២០២៤។ ភ្នំពេញគឺជារាជធានីតែមួយគត់នៅអាស៊ីដែលបានក្លាយជាសមាជិកក្នុងការិយាល័យអចិន្ត្រៃយ៍ដែលមានសមាជិកសរុប២៨រូប។
 
លោក នួន ផារ័ត្ន ជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានចាត់ជាតំណាងលោកអភិបាលរាជធានី ឃួង ស្រេង ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៅក្នុងប្រទេសកូតឌីវ័រនោះ។ 
 



កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩៥ និងកិច្ចប្រជុំសន្និបាតលើកទី៤២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) ប្រធានសមាគម AIMF និងជាអភិបាលទីក្រុងប៉ារីស, លោក Robert Beugré Mambé រដ្ឋមន្ត្រី និងជាអភិបាលទីក្រុង Abidjan ព្រមទាំងថ្នាក់ដឹកនាំនៃប្រទេស Côte d'Ivoire ជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំរបស់ការិយាល័យអចិន្ត្រៃយ៍នោះដែរ លោកស្រី អាន អ៊ីដាល់ហ្គោ ក៏បានជាប់ឆ្នោតបន្តជាប្រធានសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះដដែល។
នៅក្នុងក្របខណ្ឌនៃការរៀបចំកិច្ចប្រជុំជាប្រចាំរបស់ខ្លួន នៅឆ្នាំ២០២២នេះ សមាគមអន្តរជាតិនេះ បានបង្កើនការចាប់អារម្មណ៍របស់ខ្លួនទៅដល់ប្រធានបទសំខាន់មួយដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុទៀតផង។ 
 


កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ និងសន្និបាតលើកទី៣៩ របស់សមាគម ក៏ដូចជាខួបទី ៤០ឆ្នាំ នៃការបង្កើតសមាគមអន្តរជាតិនេះផងដែរ៕ 
 





© រក្សាសិទ្ធិដោយ thmeythmey.com