កីឡាអន្តរជាតិ
អន្តរជាតិ
FIFA សម្រេចប្រើបច្ចេកវិទ្យា Offside ពាក់កណ្តាលស្វ័យប្រវត្តិនៅ World Cup កាតា
02, Jul 2022 , 10:00 am        
រូបភាព
ប្រព័ន្ធបច្ចេកវិទ្យា Offside ពាក់កណ្តាលស្វ័យប្រវត្តិនឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍ World Cup នាប្រទេសកាតាឆ្នាំនេះតែម្តង។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១ ខែកក្កដា។


តាមការប៉ាន់ស្មានរបស់ FIFA បច្ចេកវិទ្យានេះ នឹងជួយសម្រួលដល់ការសម្រេចចិត្តពីសំណាក់អាជ្ញាកណ្តាលលើទីលាន អំឡុងពេលសម្រេចចិត្តពិន័យលើបាល់ក្នុងជំហ Offside ហើយវាក៏ជួយឱ្យចំណេញពេលវេលាដល់ការប្រកួត។ បច្ចេកវិទ្យានេះទៀតសោត នឹងជួយកាត់បន្ថយពេលវេលានៃការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន ដោយពិនិត្យវីដេអូ ពីរយៈពេល៧០វិនាទី ឱ្យនៅសល់ត្រឹមតែរយៈពេល ២០ ឬ ២៥វិនាទីតែប៉ុណ្ណោះ។
 
ទីតាំងកាម៉េរាជាច្រើននឹងត្រូវដាក់ពង្រាយជុំវិញកីឡដ្ឋាន ដោយមានប្រព័ន្ធទំនាក់ទំនង ឬ (Chip) ស្ថិតនៅក្នុងគ្រាប់បាល់ ដើម្បីកំណត់រាល់ចលនា និងទីតាំងលើទីលានប្រកួតរបស់កីឡាករនីមួយៗ។ ទិន្នន័យទាំងអស់ពីកាមេរ៉ា ក៏ដូចជាគ្រាប់បាល់ នឹងបញ្ជូនព័ត៌មានទៅកាន់ក្រុមមន្រី្តអាជ្ញាកណ្តាលវីដេអូ ជាលក្ខណៈ 3D animation ហើយពេលការសម្រេចរបស់ VAR និងត្រូវបង្ហាញនៅលើផ្ទាំងទូរទស្សន៍យក្សក្នុងទីលាននីមួយៗ ជាលក្ខណៈ 3D animation ដូចគ្នា។



បើតាមសម្តី FIFA បច្ចេកវិទ្យានេះនឹងជួយសម្រួលការងារយ៉ាងច្រើន ដល់ការងាររបស់ក្រុមអាជ្ញាកណ្តាលវីដេអូ (VAR) សម្រាប់ការសម្រេចចិត្តពិន័យលើជំហ Offside និងចំណេញពេលវេលាដល់ការប្រកួត។
 
«យើងបានធ្វើការងារជាមួយប្រព័ន្ធបច្ចេកវិទ្យាវីដេអូបានយ៉ាងស៊ីសង្វាក់គ្នា ជាពិសេសទាក់ទង់នឹងការអន្តរាគមន៍អំពីការព្រួយបារម្ភភាពមិនស្មើភាពគ្នាលើទីលាន។ ប៉ុន្តែយើងក៏បានរកឃើញថាវាបានធ្វើឱ្យមានការខាតបង់ពេលវេលា អំឡុងពេលមានការត្រួតពិនិត្យកើតឡើង ចំពោះរឿង Offside។»។ លោក Pierluigi Collina ប្រធានក្រុមប្រឹក្សាអាជ្ញាកណ្តាល FIFA និយាយបែបនេះ។


 
បច្ចេកវិទ្យានេះក៏ត្រូវបានធ្វើតេស្តសាកល្បងរួចរាល់ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ធំៗ ២ អំឡុងរយៈពេល៧ខែក្រោយមកនេះ ហើយ FIFA ក៏រំពឹងថា វាអាចដំណើរបានយ៉ាងរលូនសម្រាប់ World Cup នៅប្រទេសកាតា។
 
ព្រឹត្តិការណ៍ World Cup 2022 នៅកាតា នឹងចាប់ផ្តើមឡើងរយៈពេល ២៨ថ្ងៃ ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ។ បច្ចេកវិជ្ជា Offside ពាក់កណ្តាលស្វ័យប្រវត្តិនេះក៏នឹងប្រើប្រាស់គ្រប់កីឡដ្ឋានដែលទទួលការប្រកួតទាំងអស់៕
 

Tag:
 FIFA
  Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com