អន្តរជាតិ
លោកពូទីន៖ ទណ្ឌកម្មរបស់លោកខាងលិចធ្វើឱ្យរុស្ស៊ី និងបេឡារុស កាន់តែរួបរួមគ្នា
02, Jul 2022 , 2:00 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ដោយ: ថ្មីៗ
ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជួយពន្លឿនការបង្រួបបង្រួមរវាងរុស្សី និងបេឡារុស។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់បែបនេះនៅក្នុងវេទិកាមួយ តាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងនៅក្នុងថ្ងៃទី១ ខែកក្កដា។

 
បន្ទាប់ពីរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ប្រទេសលោកខាងលិច និងអាស៊ី បានដាក់ទណ្ឌកម្មលើក្រុងមូស្គូ និងក្រុងមីនស្កិ៍ ដើម្បីដាក់សម្ពាធឱ្យឈប់ឈ្លានពានក្រុងកៀវ និងគាំទ្រក្រុងមូស្គូ។ ទាក់ទិននឹងបញ្ហានេះ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានយល់ថា សម្ពាធរបស់លោកខាងលិច មានតែជួយពន្លឿនការបង្រួបបង្រួមរវាងរុស្ស៊ី និងបេឡារុសប៉ុណ្ណោះ។ 
 
«សម្ពាធនយោបាយ និងទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុខមកពីសំណាក់លោកខាងលិច គឺជំរុញយើងឱ្យពន្លឿនដំណើរការបង្រួបបង្រួម»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកាតំបន់រុស្ស៊ី និងបេឡារុសតាមប្រព័ន្ធវីដេអូ ក្នុងថ្ងៃទី១ ខែកក្កដា។ ត្រង់ចំណុចនេះ ប្រធានាធិបតីរុស្ស៊ី បានពន្យល់ថា ការរួមគ្នាបែបនេះ គឺងាយស្រួលក្នុងការកាត់បន្ថយផលប៉ះពាល់ ដែលបង្កដោយទណ្ឌកម្មមិនស្របច្បាប់ពីសំណាក់លោកខាងលិច រួមទាំងងាយស្រួលបង្កើនច្រវាក់ផលិតកម្មតាមការត្រូវការរបស់ប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times។ 
 
ក្នុងវេទិកាដដែល លោក Alexander Lukashenko ដែលជាប្រធានាធិបតីតែមួយគត់គាំទ្រប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានលើកឡើងថា អតីតរដ្ឋរបស់សហភាពសូវៀត គួរតែចាប់អារម្មណ៍លើការពង្រឹងទំនាក់ទំនងរវាងបេឡារុស និងរុស្ស៊ី ប្រសិនបើចង់រក្សាអធិបតេយ្យ និងឯករាជ្យភាព។ បើទោះមិនបានសំដៅដល់ប្រទេសណាមួយ ប៉ុន្តែលោកទំនងសំដៅទៅអ៊ុយក្រែន ដែលចង់ចូលរួមជាសមាជិករបស់អង្គការណាតូ។ 
 
សូមបញ្ជាក់ថា បេឡារុស គឺជាប្រទេសមួយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ចាប់តាំងពីសហភាពសូវៀតដួលរលំ ដោយប្រទេសទាំងពីរថែមទាំងបានផ្តល់សិទ្ធិស្នាក់នៅ និងជាប្រជាជនថែមទៀត ប៉ុន្តែរក្សាអធិបតេយ្យដាច់ពីគ្នា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com