ជាតិ
ភ្នំពេញចូលរួមបង្ហាញសកម្មភាពប្រឆាំងការប្រែប្រួលអាកាសធាតុក្នុងកិច្ចប្រជុំនៅកូតឌីវ័រ
02, Jul 2022 , 1:57 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងក្របខណ្ឌនៃការជួបប្រជុំសមាជិកនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) កិច្ចប្រជុំស្ដីពីវិធានការរបស់ទីក្រុងលើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ (Cop des villes) ក៏ត្រូវបានរៀបចំជាលើកដំបូងផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីក្រុងអាប៊ីហ្សង់ ក្នុងប្រទេសកូតឌីវ័រ កាលពីថ្ងៃទី១ខែកក្កដា។

 
 
រាជធានីភ្នំពេញនៃប្រទេសកម្ពុជាដែលជាសមាជិកការិយាល័យអចិន្ត្រៃយ៍នៃសមាគម (AIMF) មានវត្តមាននៅក្នុងកិច្ចប្រជុំជាអន្តរជាតិនេះផងដែរ។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ គឺជាតំណាងរបស់លោកអភិបាលរាជធានី ឃួង ស្រេង ដើម្បីចូលរួមធ្វើបទបង្ហាញអំពីសកម្មភាព និងគោលនយោបាយអភិវឌ្ឍរាជធានី ដែលត្រូវឆ្លើយតបទៅនឹងការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ។ 
 
លោក នួន ផារ័ត្ន បានថ្លែងប្រាប់អភិបាលក្រុងជាច្រើនមកពីជុំវិញពិភពលោកថា បើទោះជាកម្ពុជាកំពុងមានឋានៈជាប្រទេសកំពុងអភិវឌ្ឍ ហើយជាប្រទេសដែលបញ្ចេញឧស្ម័នតិចយ៉ាងណាក៏ដោយ កម្ពុជាបានព្យាយាមចូលរួមឱ្យអស់ពីលទ្ធភាពទៅក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ បទអន្តរាគមរបស់លោកអភិបាលរងរាជធានីភ្នំពេញត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុកនៃសមាគម AIMF
 
លោក នួន ផារ័ត្ន បានធ្វើបទអន្តរាគមន៍ជាភាសាបារាំងស្ដីពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងកិច្ចការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដែលគេអាចស្ដាប់បានយ៉ាងដូច្នេះថា៖«ថវិកាជាតិប្រយុទប្រឆាំងការប្រែប្រួលអាកាសធាតុត្រូវបានបង្កើនឡើង៣ដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ កម្ពុជាបានបង្កើនការប្រើប្រាស់ប្រព័ន្ធដើរដោយថាមពលព្រះអាទិត្យ ៤០០មេហ្កាវ៉ាត់ តំណាងឱ្យ១៥ភាគរយនៃថាមពលប្រើប្រាស់ក្នុងប្រទេសសរុប។ គម្រោងសូឡានឹងត្រូវបង្កើនដល់ ៤២ភាគរយក្នុងឆ្នាំ២០៣០។»។ 
 
មិនត្រឹមតែបានបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលកណ្ដាលនោះទេ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបក្នុងរាជធានីភ្នំពេញ លោក នួន ផារ័ត្នក៏បានបង្ហាញសកម្មភាពមួយចំនួនរបស់ភ្នំពេញ ដែលកំពុងអនុវត្តកិច្ចប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុផងដែរ។
 
លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖«យើងបានបង្កើនទីធ្លាបៃតងក្នុងទីក្រុង, ធ្វើបច្ចុប្បន្នភាពផែនការដឹកជញ្ជូនដើម្បីបង្កើនសមត្ថភាពនៃការដឹកជញ្ជូនសាធារណៈ និងកាត់បន្ថយបរិមាណនៃការប្រើប្រាស់យានយន្តឯកជន, រៀបចំផែនការមេឡើងវិញដែលទាក់ទងនឹងប្រព័ន្ធលូ និងការរំដោះទឹកជំនន់ រួមទាំងប្រព័ន្ធចម្លៀសពលរដ្ឋក្នុងករណីជំនន់ ដែលគម្រោងនេះត្រូវបានគាំទ្រដោយAIMF៕
 










© រក្សាសិទ្ធិដោយ thmeythmey.com