អន្តរជាតិ
អ្នក​ជំនាញ​ UN ​ហៅ​ការ​សន្យា​របស់​របប​យោធា​មីយ៉ាន់ម៉ា​រឿង​រៀបចំ​ការ​បោះឆ្នោត​ថា «មិន​ទំនង»
02, Jul 2022 , 7:30 pm        
រូបភាព
លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា
លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា
ដោយ: VOA
ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី - ការ​សន្យា​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ថា ​នឹង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ ឆ្នាំ​ក្រោយ​គឺ​មាន​លក្ខណៈ «មិន​ទំនង»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា កាលពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​កន្លង​ទៅ​នេះ។

 
លោក Andrews បាន​ព្រមាន​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាញ់បោក​ការ​ឃោសនា​របស់​របប​យោធា​មីយ៉ាន់ម៉ា ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ការ​ដឹកនាំ​របស់​របប​នេះ​មាន​ភាព​ស្រប​ច្បាប់។
 
លោក​បាន​បញ្ជាក់​ថា យោធា​មីយ៉ាន់ម៉ា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង «ការ​បង្កើត​ភាព​ស្រប​ច្បាប់» សម្រាប់​របប​ដឹកនាំ​របស់​ខ្លួន បន្ទាប់ពី​ខ្លួន​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi នៅ​ក្នុង​ការ​ដណ្ដើម​អំណាច​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក។
 
លោក Andrews បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ថា៖ «ការ​លើកឡើង​ណា​មួយ​ដែល​ថា​អាច​មាន​លទ្ធភាព​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ ២០២៣ ខាង​មុខ​គឺ​ជា​រឿង​មិន​ទំនង។ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​មិន​អាច​កើតឡើង​បាន​ទេ ប្រសិនបើ​អ្នក​ឃុំឃាំង​អ្នក​ដែល​ប្រឆាំង​នឹង​អ្នក។ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​មិន​អាច​កើតឡើង​បាន​ទេ ប្រសិនបើ​អ្នក​កាត់ទោស​ប្រហារ​ជីវិត​អ្នក​ដែល​ប្រឆាំង​នឹង​អ្នក»។
 
លោក Andrews បាន​បន្ថែម​ថា៖ «ម៉ាស៊ីន​ឃោសនា​របស់​ពួកគេ​ដំណើរការ​ឥត​ឈប់ ហើយ​ពួកគេ​នឹង​ប្រមូល​ភ័ស្តុតាង​ទាំង​ឡាយ​ណា​ដែល​ពួកគេ​អាច​រក​បាន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មើល​ទៅ​ឃើញ​ថា​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ពួកគេ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត​ដើម្បី​កុំ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​ឃោសនា​នេះ»។
 
យោធា​មីយ៉ាន់ម៉ា​បាន​ដណ្ដើម​កាន់កាប់​អំណាច​ដោយ​ផ្ដល់​ហេតុ​ផល​ថា​ដោយសារ​មាន​ការ​លួច​បន្លំ​ជា​ទូទៅ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០។ របប​យោធា​នេះ​បាន​តែងតាំង​សមាជិក​ថ្មី​នៅ​ក្នុង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត។ គណៈកម្មការ​នេះ​បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​ពហុ​បក្ស​ថ្មី​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ភាព​សេរី​និង​យុត្តិធម៌។
 
លោក Andrews បាន​និយាយ​ថា សមាគម​អាស៊ាន (ASEAN) ត្រូវតែ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​របប​យោធា​មីយ៉ាន់ម៉ា​ឱ្យ​បញ្ឈប់​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់។
 
លោក​បាន​បន្ត​ថា ផែនការ​ឯកភាព​ប្រាំ​ចំណុច​របស់​អាស៊ាន​គួរតែ​ពង្រឹង​បន្ថែម​ដើម្បី​រួម​បញ្ចូល​សកម្មភាព​ច្បាស់លាស់​និង​ពេលវេលា​ជាក់លាក់​ជាង​នេះ។
 
លោក Andrews លើកឡើង​ដូច្នេះ​ថា៖ «ការ​ឯកភាព​ប្រាំ​ចំណុច​នេះ​គឺ​គ្មាន​ន័យ​នោះ​ទេ ប្រសិនបើ​វា​គ្រាន់តែ​ចែង​នៅ​លើ​ក្រដាស​នោះ។ ឱកាស​តែ​មួយ​គត់​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​គឺ​ការ​អនុវត្ត​ជាក់ស្ដែង​ដោយ​មាន​ន័យ ដោយ​មាន​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ពេល​វេលា​ច្បាស់លាស់»។
 
លោក Andrews បាន​សរសើរ​ប្រទេស​ម៉ាឡេស៊ី​ចំពោះ​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​មីយ៉ាន់ម៉ា​បាន​ចូលរួម​ប្រឡូក​នៅ​ក្នុង​សកម្មភាព​នានា។ រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​មីយ៉ាន់ម៉ា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​សភា​ជាប់​ឆ្នោត​ដែល​មិន​អាច​ចូល​កាន់​តំណែង​នៅ​ក្នុង​រដ្ឋសភា​មីយ៉ាន់ម៉ា​បាន​ដោយសារតែ​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi។
 
លោក​បាន​ជំរុញ​ប្រទេស​ដទៃ​ទៀត​ឱ្យ​ធ្វើ​ដូច​គ្នា​នេះ​ដែរ ដោយ​លោក​បាន​ហៅ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ថា​ជា «រដ្ឋាភិបាល​ស្រប​ច្បាប់» ដែល​កំពុង​តតាំង​ជាមួយ​នឹង​របប​យោធា​មីយ៉ាន់ម៉ា​ដ៏​ឃោរឃៅ។
 
លោក Andrews បាន​និយាយ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​ក៏​អាច​ផ្ដល់​កម្លាំង​ធនធាន​ផ្សេងៗ​ផង​ដែរ​នៅ​ក្នុង​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​កុំ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​ប្រើ​ជំនួយ​ទាំង​នោះ​ជា «អាវុធ​នៃ​សង្គ្រាម»។
 
របប​យោធា​មីយ៉ាន់ម៉ា​បាន​ប្រឈម​នឹង​ការ​ប្រឆាំង​ជា​ទូទៅ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន។ បន្ទាប់ពី​ទាហាន​និង​ប៉ូលិស​បាន​ប្រើ​កម្លាំង​ដោយ​ប្រល័យ​ដើម្បី​បង្ក្រាប​លើ​បាតុកម្ម​ដោយ​សន្តិវិធី​មក ការ​បះបោរ​ប្រដាប់​អាវុធ​កម្រិត​ទាប​បាន​កើតឡើង​នៅ​តាម​ទីក្រុង​និង​តំបន់​ជនបទ​នានា។
 
បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (AAPP) របស់​ប្រទេស​មីយ៉ាន់ម៉ា អ្នក​តវ៉ា​និង​អ្នក​ឃើញ​ហេតុការណ៍​បាតុកម្ម​នោះ​ជាង ២.០០៧ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​កង​កម្លាំង​យោធា បើ​ទោះបីជា​របប​យោធា​មីយ៉ាន់ម៉ា​បាន​កំណត់​ចំនួន​អ្នក​ស្លាប់​ត្រឹម​ប្រហែល​មួយ​ភាគ​បី​នៃ​ចំនួន​នេះ​ក៏ដោយ។
 
លោក Andrews បាន​កោត​សរសើរ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា ជាពិសេស​ជាតិ​សាសន៍​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម។ ប៉ុន្តែ លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រព្រឹត្តិ​មក​លើ​ពួកគេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។
 
លោក​បាន​បញ្ជាក់​ថា ជន​ភៀសខ្លួន​ដែល​លោក​បាន​និយាយ​ជាមួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​លើកឡើង​អំពី​បញ្ហា​មួយ​ចំនួន​ដូចជា ការ​ភ័យ​ខ្លាច​ថា​អាច​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ឃុំឃាំង​សម្រាប់​ជន​ភៀស​ខ្លួន ឱកាស​អប់រំ​មិន​គ្រប់គ្រាន់​សម្រាប់​កុមារ និង​ករណី​ដែល​ប៉ូលិស​គំរាម​ទារ​ប្រាក់​ជាដើម។
 
លោក Andrews បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​រាយការណ៍​នានា​ដែល​ថា​កុមារ​រាប់​រយ​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​ផង​ដែរ ប្រហែល​ជា​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង។ ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​កាន់​មណ្ឌល​ឃុំឃាំង​ទាំង​នោះ​តាំង​ពី​ឆ្នាំ ២០១៩ មក។
 
ទាក់ទិន​នឹង​ផែនការ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​ការ​ចេញ​បណ្ណ​សម្គាល់​ខ្លួន​ដោយ​ផ្ទាល់​សម្រាប់​ជន​ភៀស​ខ្លួន លោក Andrews បាន​លើកឡើង​ថា ដំណើរការ​នេះ​គួរតែ​មាន​តម្លាភាព។
 
លោក​បាន​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​គួរតែ​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ពិភាក្សា​និង​ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​ដើម្បី​រៀបចំ​គោល​នយោបាយ​នានា​ឱ្យ​បាន​ច្បាស់លាស់​និង​មិន​ប្រែប្រួល។
 
ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជាក់​កាលពី​ខែ​មេសា​ថា ខ្លួន​នឹង​កំណត់​ថា​តើ​ជន​ភៀស​ខ្លួន​ណា​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន តាម​រយៈ​ការ​ចេញ​បណ្ណ​សម្គាល់​ខ្លួន​ដោយ​ផ្ទាល់​ទៅ​ឱ្យ​ជន​ភៀស​ខ្លួន​ទាំង​នោះ។
 
ទោះបីជា​បណ្ណ​សម្គាល់​ខ្លួន​នេះ​មិន​បាន​ផ្ដល់​ឋានៈ​ជា​ជន​ភៀសខ្លួន​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ក៏ដោយ ក៏​គេ​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​ជន​ភៀស​ខ្លួន​និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ប្រហែល ១៨០.០០០ នាក់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម​នោះ គេ​ក៏​ឃើញ​មាន​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​និង​ជាតិ​សាសន៍​ភាគ​តិច​ផ្សេង​ទៀត​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ជាង ១០០.០០០ នាក់​ផង​ដែរ។
 
ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ការ​កំណត់​អត្តសញ្ញាណ​ត្រឹមត្រូវ​នៅ​ឡើយ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុស​ច្បាប់​តាម​ផ្លូវ​សមុទ្រ​មក៕
 
ប្រែ​សម្រួល​ដោយ អ៊ូ ចរិយា
 

© រក្សាសិទ្ធិដោយ thmeythmey.com