អន្តរជាតិ
ប្រជាជនអាម៉េរិក ៤៤ភាគរយរកការងារបន្ថែម ដើម្បីបង្កើនចំណូល តែអ្នក​ជំនាញថាមិនសូវមានប្រសិទ្ធភាព
02, Jul 2022 , 8:30 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
បច្ចុប្បន្ន អត្រាប្រជាជនអាម៉េរិកដែលមានការងារ ឬមុខរបរច្រើនជាង១ កើនឡើងជាលំដាប់។ ពួកគេខិតខំធ្វើការច្រើនកន្លែង ដើម្បីបង្កើនចំណូលប្រចាំខែ ខណៈប្រទេសកំពុងជួបបញ្ហាសេដ្ឋ​កិច្ច និងមានអតិផរណាខ្ពស់។ ​នេះបើផ្អែកលើការស្ទង់មតិតាម​ប្រព័ន្ធអនឡាញរបស់វេបសាយ Insuranks ដែលជាទីផ្សារធានារ៉ាប់រងអាជីវកម្មខ្នាតតូច។ ផ្ទុយ​ទៅវិញ អ្នកជំនាញបានពន្យល់ថា ការមានមុខរបរ​លើសពី១ មិនប្រាកដថាអាចបង្កើនចំណូលប្រចាំ​ខែនោះទេ។

 
ការស្ទង់មតិរបស់ទីផ្សារធានារ៉ាប់រងអាជីវកម្មខ្នាតតូច Insuranks បានបង្ហាញថាប្រជាជន​អាម៉េរិក ៤៤ភាគរយ បានចាប់ផ្ដើមធ្វើការ ឬមានរបរបន្ថែមយ៉ាងហោច​ណាស់១ទៀត ផ្សេងពី​ការងារគោល ដើម្បីបង្កើនចំណូល។ នេះដោយសារ តម្លៃទំនិញបាន​ឡើងថ្លៃយ៉ាងខ្លាំង ស្របពេល​អាម៉េរិកមានវិបត្តិអតិផរណាខ្ពស់ មិនធ្លាប់ជួបក្នុង​រយៈពេល ៤០ឆ្នាំចុងក្រោយ។ 
 
បញ្ហាសេដ្ឋកិច្ចជាចំណែកដ៏ធំធ្វើឱ្យជីវភាពប្រជាជន​អាម៉េរិកជួបការលំបាក។​ ក្នុងចំណោមប្រជា​ជន ៤៤ភាគរយខាងលើ ការស្ទង់មតិបានរកឃើញថា ប្រជាជន ២៨ភាគរយបានសម្រេចចិត្ត​ធ្វើការ និងចាប់របរផ្សេងមួយទៀត ដោយសារបញ្ហាអតិផរណា។ ទាក់ទិននឹងការងារក្រៅម៉ោង​ដែលជារបរបន្ថែមនោះ បុគ្គលិកម្នាក់ៗជាមធ្យមត្រូវធ្វើការ ១៣ម៉ោង​ក្នុងមួយសប្ដាហ៍ ហើយ​ទទួលបានប្រាក់ ៤៨៣ដុល្លារក្នុងមួយខែ។ 
 
មុនពេលសម្រេចចិត្តបន្ថែមការងារ ឬស្វែងរករបរក្រៅម៉ោងការងារគោល មនុស្សម្នាក់ៗ គួរតែមាន​គោលដៅច្បាស់លាស់ ថាតើពួកគេធ្វើដើម្បីបង្កើនចំណូល ឬចង់បង្កើនចំណេះជំនាញថ្មីបន្ថែម​ពីលើចំណេះដែលបានពីការងារគោល។ ទំហំប្រាក់ខែ ពេលវេលាធ្វើការ និងកម្លាំងពលកម្មក៏ជា​ចំនុច​ដែលត្រូវពិចារណាមុនសម្រេចចិត្តធ្វើការបន្ថែមដែរ។ នេះបើតាមអ្នកជំនាញផ្នែកការងារ លោក Gorick Ng។
 
ប្រសិនបើមនុស្សសម្រេចចិត្តធ្វើការដើម្បីបង្កើនចំណូល អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោកស្រី Peula Pant បានពន្យល់ថា ការធ្វើការលើសពីការងារ​ចម្បង ៨ម៉ោង ឬមានមុខរបរច្រើនប្រហែលជាមិនអាច​ជួយឱ្យមនុស្សបង្កើនចំណូលប្រចាំខែ​ប្រកបដោយប្រសិទ្ធភាពឡើយ។ លោកស្រីបានបន្ថែមថា ប្រសិនបើមនុស្សម្នាក់ៗមានការងារគោលប្រកបដោយវិជ្ជាជីវៈមួយដែលផ្ដល់ប្រាក់ខែខ្ពស់សមរម្យហើយ វាគួរតែយកពេលនៅសល់​ខិតខំដុសខាត់សមត្ថភាព អភិវឌ្ឍចំណេះដឹងបន្ថែម ដើម្បីស្នើ​ឡើងដំណែងវិញទើបជាការល្អ។ មនុស្សគួរមានជំនាញច្បាស់លាស់មួយពិតប្រាកដជាជាងការ​ទៅធ្វើការងារច្រើនមុខ ដែលខុសៗ​គ្នា។ 
 
យ៉ាងណាមិញ ការ​បន្ថែមមុខរបរអាចជាជម្រើសមួយសម្រាប់រកចំណូលបន្ថែម ប្រសិនបើគម្លាត​នៃចំណូល និងការចំណាយមានទំហំធំខ្លាំង។ មួយវិញទៀត ការមានមុខងារច្រើនជាង១ អាចជា​ជម្រើសល្អសម្រាប់និស្សិត​ ព្រោះពួកគេអាចមានពេលវេលាច្រើន ហើយវាជាពេលដែលពួកគេគួរ​សិក្សា​ពីការងារឱ្យបានច្រើនបំផុតក្នុងជីវិត ជាជាងចាប់ផ្ដើមគិតពីរឿងរៀបការ៕
 

Tag:
 អាម៉េរិក
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com