អន្តរជាតិ
ការសិក្សា៖ អណ្ដើកជាសត្វឈាមត្រជាក់ អាយុវែង និងមិនងាយចាស់​តាមអាយុ
02, Jul 2022 , 9:30 pm        
រូបភាព
សត្វអណ្តើក Jonathan ដែលមានអាយុ ១៩០ឆ្នាំ។ រូបភាព៖ AFP
សត្វអណ្តើក Jonathan ដែលមានអាយុ ១៩០ឆ្នាំ។ រូបភាព៖ AFP
ភាវៈមានជីវិតទាំងអស់សុទ្ធតែត្រូវស្លាប់ តែភាវៈខ្លះមិនប្រែទៅចាស់ទ្រុឌទ្រោមតាមអាយុ​ឡើយ បើ​ទោះវាមានអាយុច្រើនក្ដី។ ពពួកសត្វល្មូន ត្រី​ សត្វល្អិត និងថល​ជលិក​ទាំងអស់ គឺជាពពួកសត្វឈាមត្រជាក់ដែលអ្នកវិទ្យាសាស្ត្របានរកឃើញថាវាមិន​ងាយ​ចាស់ជរា និង​មានអាយុវែង។ ជាក់ស្ដែង អណ្ដើកលូតលាស់រាប់ឆ្នាំទម្រាំពេញវ័យ ហើយបន្ទាប់​ពី​ពេញវ័យ វាលែងប្រែប្រួលរូបរាងនិងទំហំទៀត​ហើយ វានៅតែមានរូបរាង​ដដែលរហូត​ដល់ថ្ងៃស្លាប់។

 
ការសិក្សាថ្មីពីរចុះផ្សាយលើទិនានុប្បវត្តិ Science បានសង្កេតពីភាពចាស់របស់ពពួកសត្វ​ឈាមត្រជាក់ដូចជាពពួកល្មូន និងថលជលិក ៧៧ប្រភេទផ្សេងៗគ្នានៅជុំវិញពិភព​លោក។ អ្នកវិទ្យាសាស្ត្របានរកឃើញថាពពួកសត្វឈាមត្រជាក់ខ្លះមានអាយុវែងខ្លាំងរហូតដល់ជាងមួយសតវត្សក៏​មាន ហើយវាវិវដ្ដទៅរកភាពចាស់យឺតខ្លាំងគួរឱ្យ​កត់​សម្គាល់ ឬសត្វខ្លះមិន​ចាស់ទាល់តែ​សោះបើទោះមានអាយុច្រើន។
 
ជាក់ស្ដែង កន្ធាយអាចរស់នៅរហូតដល់ ៨០ឆ្នាំ ខណៈអណ្ដើកអាចមានអាយុរហូតដល់ ១៥០ឆ្នាំឯណោះ។ សត្វទាំងពីនេះវិវដ្ដខ្លួនទៅរកភាពចាស់យឺតណាស់ ហើយវានឹងលែង​ប្រែប្រួលរូបរាងបន្ទាប់ពីវាពេញវ័យ បើទោះវាមានអាយុច្រើនក៏ដោយ។ ការអះអាងរបស់​អ្នកស្រាវជ្រាវដែលថា ពពួកសត្វឈាមត្រជាក់មិនងាយចាស់ មិនមែនមានន័យថាអាយុមិន​កើនឡើង ហើយមិនស្លាប់នោះទេ។ សត្វទាំងអស់សុទ្ធតែកើនអាយុ គ្រាន់តែវាមិនប្រែប្រួល​រូបរាងដែលមើលទៅឃើញចាស់ទ្រុឌទ្រោមតាមអាយុ។  
 
ទាក់ទិននឹងហេតុផលដែលពពួកសត្វល្មូន និងថលជលិកមិនងាយចាស់ ការសិក្សាចាស់​មួយ​បានពន្យល់ថា ដោយសារពពួកសត្វឈាមត្រជាក់ទាំងនោះពឹងលើសីតុណ្ហភាពខាង​ក្រៅមកតម្រូវសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះដំណើរដុតរំលាយអាហារមានល្បឿនយឺត ធ្វើឱ្យ​ភាពចាស់នៃរូបរាង​កាយក៏យឺតដែរ។ ចំណែកពពួកឈាមក្ដៅ ដូចជាមនុស្ស ឬកណ្ដុរ មាន​ដុតរំលាយអាហារ​លឿន ដែលធ្វើឱ្យភាពចាស់វិវដ្តលឿនតាមនោះដែរ។ 
 
យ៉ាងណាមិញ ការសិក្សាថ្មីនេះយល់ឃើញផ្ទុយពីការសិក្សាចាស់។ ទំនាក់ទំនងនៃការ​រំលាយអាហារ និង​ភាពចាស់ ត្រឹមត្រូវតែចំពោះសត្វអណ្តើក និងកន្ធាយប៉ុណ្ណោះ ក្នុង​ចំណោមពពួកសត្វឈាម​ត្រជាក់ទាំងអស់។ ម្យ៉ាងវិញទៀត សត្វអណ្ដើក និងកន្ធាយអាច​រស់នៅបាន​យូរ និងមិន​​ងាយចាស់ព្រោះវាមានលក្ខខណ្ឌជីវសាស្ត្រពិសេស ដូចជាមាន​ស្នូករឹង​ការពារខ្លួនពីមជ្ឈដ្ឋានខាងក្រៅ មិនឱ្យសត្វដទៃស៊ី និងគ្រោះថ្នាក់ផ្សេងៗ។ ជាឧទា​ហរណ៍នា​ពេលថ្មីៗនេះ អណ្ដើកយក្ស Jonathan បានក្លាយជាសត្វលើដីដែលចំណាស់ជាង​គេបំផុតក្នុងពិភពលោក បន្ទាប់ពីឈានចូលអាយុ ១៩០ឆ្នាំ។
 
គួរបញ្ជាក់ថា ពពួកសត្វឈាមត្រជាក់រួមមានដូចជា អណ្ដើក កន្ធាយ ពស់ បង្គួយ ក្រពើ កង្កែប គីង្គក់ កញ្ចាញ់ចេក  ត្រីជាច្រើនប្រភេទ និងសត្វល្អិតទាំងអស់៕
 

Tag:
 អណ្តើក
© រក្សាសិទ្ធិដោយ thmeythmey.com