អន្តរជាតិ
ក្រៅពីកណ្ដុរ តើសត្វអ្វីខ្លះដែលអ្នកវិទ្យាសាស្ត្រយកទៅពិសោធន៍?
03, Jul 2022 , 7:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្នុងការសិក្សាភាគច្រើន អ្នកវិទ្យាសាស្ត្រតែងយកពពួកសត្វកកេរដូចជា​កណ្ដុរ មកពិសោធ​ ព្រោះវាមានសែន (gene) ដូចមនុស្សស្ទើរតែ ១០០ភាគរយ។ ក្រៅពី​នេះ គេក៏យកពពួក​សត្វស្វា សេះ ទន្សាយ ត្រី​ កង្កែប ឆ្កែ ឆ្មា និង​ពពួកសត្វបក្សីដែរ ដែល​ផ្អែក​លើហេតុផល​ខុសៗគ្នាទៅតាម​ការពិសោធនីមួយៗ។

 
ការយកសត្វទៅពិសោធន៍ ជាការប្រើសត្វក្នុងដំណើរការសិក្សាបង្កើតអ្វីមួយថ្មី ឬស្វែងយល់​ពីជំងឺ និងស្វែងរក​វិធីព្យាបាលជំងឺជាដើម។ ភាគច្រើនអ្នកវិទ្យាសាស្ត្រតែងយកសត្វទៅធ្វើ​តេស្តផលិតផល​ដូចជាឱសថ និងផលិតផល​គ្រឿងសម្អាងដើម្បីបញ្ជាក់ពីគុណភាព សុវត្ថិ​ភាព និងប្រសិទ្ធ​ភាពមុនបញ្ចេញ​ឱ្យមនុស្ស​ប្រើប្រាស់។ ពេលខ្លះ អ្នកវិទ្យាសាស្ត្រយកសត្វ​ដែលកើតជំងឺស្រដៀងមនុស្ស ទៅសិក្សាដើម្បីរកវិធីព្យាបាលមនុស្ស។
 
ជារៀងរាល់ឆ្នាំ សត្វជាង ១០០លានក្បាលត្រូវបានប្រើប្រាស់សម្រាប់ធ្វើតេស្តក្នុងការសិក្សា​ផ្សេងៗ។ ក្នុងនោះ សត្វដែលអ្នកវិទ្យាសាស្ត្រនិយមប្រើច្រើនជាងគេគឺកណ្ដុរ និងពពួកសត្វ​កកេរផ្សេងៗទៀត។ ក្រៅពីនេះ គេអាចប្រើប្រាស់សត្វច្រើនប្រភេទទៀតរួមមាន កង្កែប ឆ្កែ ឆ្មា ទន្សាយ ស្វា ត្រី និងសត្វស្លាបជាដើម។ សត្វទាំងនេះត្រូវបានសម្លាប់នៅក្នុងមន្ទីរពិសោធ​សម្រាប់ការសិក្សាជីវវិទ្យា ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិ​បាល ការពិសោធ​ឱសថ អាហារ និងគ្រឿងសម្អាង។ នេះបើតាមការចុះផ្សាយរបស់អង្គការគាំពារសិទ្ធិសត្វ PETA។
 
ការជ្រើសរើសសត្វយកមកធ្វើតេស្តសាកល្បងក្នុងការសិក្សាត្រូវបានផ្អែកលើហេតុផល​ផ្សេងៗគ្នា តាមការពិសោធ។ ជាក់ស្ដែង ការផលិតឱសថ និងវ៉ាក់សាំងផ្សេងៗ ដូចជា​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយកកណ្ដុរទៅពិសោធសិន មុនយកមកឱ្យមនុស្សប្រើ​ប្រាស់។ លើសពីនេះ កណ្ដុរបានយកទៅពិសោធ ក្នុងការសិក្សាពីប្រព័ន្ធប្រសាទ និង​សមត្ថភាពយល់ដឹង។ នេះដោយសារ មនុស្ស និងសត្វកណ្តុរ ស្ថិតក្នុងអំបូរថនិកសត្វ មានលក្ខខណ្ឌជីវសាស្ត្រ​ស្រដៀងគ្នាខ្លាំង។ បើទោះវាមានរូបរាងខុសគ្នាក៏ដោយ ភាវៈទាំង​ពីរមាន​សែនស្ទើរតែ​ទាំងអស់ បំពេញមុខងារដូចគ្នា និងមានសរីរាង្គដូចគ្នា ដូចជាបេះដូង ខួរក្បាល សួត តម្រងនោម។ 
 
ក្រៅពីយកកណ្ដុរទៅពិសោធ សត្វកំប្រុក Woodchuck ត្រូវបានយកទៅពិសោធជំងឺរលាក​ថ្លើមប្រភេទB របស់មនុស្ស ព្រោះសត្វនេះមានវីរុសរលាកថ្លើមស្រដៀងគ្នានឹងវីរុសមនុស្ស​ដែរ។ សត្វឆ្មាត្រូវបានប្រើក្នុង​ការសិក្សាពីជំងឺ Toxoplasmosis ដែលកើតលើមនុស្ស និងបង្កពីបារ៉ាស៊ីតក្នុង​អាហារឆៅ ព្រោះវាកើតជំងឺនេះដោយសារស៊ីសត្វកណ្ដុរ បក្សី និងសត្វដែល​មានបារ៉ាស៊ីត។ ចំណែកទន្សាយត្រូវប្រើក្នុង​ដំណើរ​ការផលិតគ្រឿងសម្អាង។ ការពិសោធ​ដែលជ្រើសរើសទន្សាយ ភាគច្រើនផ្ដោតទៅលើភាពងាយស្រួលពិសោធជាជាងការពិចារ​ណាបែបវិទ្យាសាស្ត្រ ដូចជាវាមានមាឌតូច ស្លូត ងាយគ្រប់គ្រង។ សេះត្រូវបានប្រើជាគំរូក្នុង​ការសិក្សាព្យាបាលមុខរបួសរបស់​មនុស្ស ដោយសារតែភាពស្រដៀងគ្នានៃសរីរាង្គស្បែក។ រីឯសត្វស្វាត្រូវបានប្រើសម្រាប់​ការសិក្សាអំពីជំងឺអេដស៍។
 
គួររំលឹកថា បញ្ហាយកសត្វទៅពិសោធពោរពេញដោយភាពចម្រូងចម្រាសរវាងផ្នត់គំនិតនៃ​ការអភិវឌ្ឍ និងបញ្ហាមនុស្សធម៌។ ការពិសោធលើសត្វត្រូវបានគេមើលឃើញ​ថា វាមានអត្ថ​ប្រយោជន៍​យ៉ាងច្រើនមិនអាចប្រកែកបានចំពោះមនុស្ស ហើយភាពរីកចម្រើនផ្នែកវេជ្ជសាស្រ្ត​គឺមិន​អាចទៅរួច​ទេ បើគ្មានការពិសោធ។ ទន្ទឹមនឹងអត្ថប្រយោជន៍ អំពើឃោរឃៅ អមនុស្ស​ធម៌ កើតឡើងលើសត្វក្នុងពេលពិសោធបានធ្វើឱ្យស្ថាប័នគាំពារសិទ្ធិសត្វជាច្រើន និងប្រជា​ជនមួយចំនួនបង្ហាញភាពមិនពេញចិត្ត។ ជាក់ស្ដែង អូស្ត្រាលី កូឡុំប៊ី នូវែលសេឡង់ កូរ៉េខាងត្បូង តៃវ៉ាន់ តួកគី និងរដ្ឋមួយចំនួនរបស់ប្រេស៊ីល​បានអនុម័តច្បាប់រឹតបន្តឹង ឬហាមឃាត់តែម្ដង លើការយកសត្វទៅធ្វើតេស្តគ្រឿងសម្អាង៕  
 

Tag:
 កណ្តុរ
© រក្សាសិទ្ធិដោយ thmeythmey.com