អន្តរជាតិ
ការចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយធំ អាចកាត់បន្ថយហានិភ័យជំងឺ​វង្វេង ៤០ភាគរយ
03, Jul 2022 , 8:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អ្នកដែលទទួលវ៉ាក់សាំងបង្ការជំងឺផ្ដាសាយធំយ៉ាងតិចម្ដង អាចកាត់បន្ថយហានិភ័យនៃ​ការវិវដ្តទៅរកជំងឺវង្វេង បាន ៤០ភាគរយ ធៀបនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ​ផ្ដាសាយធំ។ នេះបើតាមការសិក្សាថ្មីមួយចុះផ្សាយលើទិនានុប្បវត្តិ Alzheimer’s Disease។

 
ការសិក្សាថ្មីមួយ ធ្វើឡើងដោយសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព Texas បានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំយ៉ាងហោចណាស់​មួយដង ទំនងជាមានហានិភ័យវិវដ្ដទៅមានជំងឺវង្វេងទាបជាងអ្នកមិនបានចាក់វ៉ាក់សាំង ៤០ភាគរយ។ ការសិក្សាធ្វើឡើងក្នុងរយៈពេល ៤ឆ្នាំ ដោយមានអ្នកចូលរួមបានចាក់វ៉ាក់​សាំង​បង្ការជំងឺផ្ដាសាយធំហើយជាង ៩៣ម៉ឺននាក់ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងជាង ៩៣​ម៉ឺននាក់ ដែលសុទ្ធតែមានអាយុ ៦៥ឆ្នាំឡើងទៅ។
 
ជាលទ្ធផល អ្នកចូលរួមការសិក្សាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយហើយប្រហែល ៥,១ភាគរយប៉ុណ្ណោះត្រូវបានរកឃើញថាបានវិវដ្ដទៅជាជំងឺវង្វេង។ ចំណែកអ្នកចូល​រួមដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយដល់ទៅ ៨,៥ភាគរយឯណោះ ដែលបាន​កើតជំងឺវង្វេងអំឡុងពេលតាមដានក្នុងការសិក្សានេះ។
 
លើសពីនេះ អ្នកដឹកនាំការនិពន្ធការសិក្សាលោក Avram S. Bukhbinder បានអះអាងថា​ភាពធ្ងន់ធ្ងរនៃការវិវដ្តទៅជាជំងឺវង្វេងអាស្រ័យលើចំនួនដងនៃការចាក់វ៉ាក់សាំងផង​ដែរ។ ប្រសិនបើមនុស្សបានចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយរៀងរាល់ឆ្នាំ នោះហានិភ័យនៃការវិវដ្ត​ទៅមានជំងឺវង្វេងនឹងមានអត្រាទាបបំផុត។
 
គួរបញ្ជាក់ថា ការសិក្សាកន្លងមកបានរកឃើញការថយចុះហានិភ័យនៃជំងឺវង្វេង ក៏ត្រូវបាន​ផ្សារភ្ជាប់ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ រួមទាំងវ៉ាក់សាំងបង្ការជំងឺតេតា​ណូស បង្ការជំងឺស្វិតដៃជើង និងជំងឺដទៃទៀតផងដែរ។ ក្នុងឆ្នាំ២០២២  ជំងឺវង្វេងបាន​ប៉ះពាល់ដល់ប្រជាជនអាម៉េរិក​ជាង ៦លាននាក់ឯណោះ។ ហេតុនេះ មនុស្សគួរយកចិត្ត​ទុកដាក់លើវិធីបង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងដែលនឹងកើនឡើងជាលំដាប់នៅ​ថ្ងៃអនាគត៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com