ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រជែងនៅ៣៨ឃុំ-សង្កាត់ បក្សកម្ពុជានិយមជាប់ជាជំទប់ទី២នៅឃុំភ្នំលៀប ខេត្តបន្ទាយមានជ័យ
03, Jul 2022 , 10:00 pm        
រូបភាព
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្ស_កម្ពុជានិយម និងលោក យស លឿត (រូបក្នុងរង្វង់) ដែលជាប់ជាជំទប់ទី២នៅភ្នំលៀប
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្ស_កម្ពុជានិយម និងលោក យស លឿត (រូបក្នុងរង្វង់) ដែលជាប់ជាជំទប់ទី២នៅភ្នំលៀប
ដោយ: ថ្មីៗ
គណបក្ស​កម្ពុជានិយម ដែលដឹកនាំ​ដោយ លោក​យ៉ែម បុញ្ញឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះជាតិ ទទួលបានអាសនៈ១ ពីការ​ប្រកួត​ប្រជែង​ក្រុម​ប្រឹក្សាឃុំ-សង្កាត់អាណត្តិ​ទី៥ ក្នុងចំណោម៣៨ឃុំ-សង្កាត់នៅ១០រាជធានី-ខេត្ត។ គណបក្ស​ថ្មីមួយនេះ បាន​កៅអីជំទប់ទី២​នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 
នៅឃុំភ្នំលៀប ដែលមាន​១១អាសនៈ លោក យស លឿត ពីគណបក្ស​កម្ពុជានិយម ជាប់ជាជំទប់ទី២ ដោយ​លោក សួង សំផុង ពីគណបក្ស​ប្រជាជន​កម្ពុជា បន្តជាប់ជាមេឃុំ រីឯលោក ឃិត អាន ពីគណបក្សភ្លើងទៀន បានតំណែងជា​ជំទប់ទី១។
 
សមាជិកក្រុម​ប្រឹក្សាចំនួន​៨នាក់ទៀត មាន​ អ្នកស្រី ក្រាក់ សារ៉េត, លោក លិវ អៀង, លោក ស្វាង ធី, លោក ដន សំអាត, លោក ម៉ាន យ៉ុន, លោក ហ៊ុន គាន, លោក ម៉ៅ វ័ន មកពីគណបក្ស​ប្រជាជន​កម្ពុជា និងលោក តុប ណាន ពីគណបក្សភ្លើងទៀន។
 
មន្ត្រីគណបក្សកម្ពុជានិយម បាន​លើកឡើងថា វាមិន​ចម្លែកឡើយដែល​គណបក្ស​ថ្មី និងទើបទទួលបានសិទ្ធិ​៣ខែ ទទួលបាន១អាសនៈ ដែលជាការ​សម្រេច​ជ្រើស​រើស​ផ្លូវ​តស៊ូ​ចូលរួម​ប្រកួតជាជាងនៅស្ងៀមមិនធ្វើអ្វីសោះ។ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្ស បានអបអរសាទ​រ លោក យស លឿត។ លោក​បាន​សរសេរថា៖ «សូមជូនពរ​ លោក​ យស​ លឿត​ ឲ្យ​បានជោគជ័យគ្រប់ភារកិច្ច​ ក្នុងការបម្រើ ការពារ​ យុត្តិធម៌​ ជូនប្រជាពលរដ្ឋ​ និងសង្គមជាតិខ្មែរយើង»។
 
យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។
 
បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក៕ 
 

Tag:
 បោះឆ្នោត
  កម្ពុជានិយម
© រក្សាសិទ្ធិដោយ thmeythmey.com