អន្តរជាតិ
ប្រជាជនហ្សាការតាត្រូវជីកអណ្ដូងដើម្បីមានទឹកស្អាតប្រើ តែវានឹងធ្វើឱ្យ​ទីក្រុង​លិចកាន់តែលឿន
03, Jul 2022 , 3:30 pm        
រូបភាព
រូបភាព៖ National Geographic
រូបភាព៖ National Geographic
ជាច្រើនឆ្នាំកន្លង ប្រជាជនឥណ្ដូណេស៊ី មិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នោះទេ ហើយទឹកស្អាត ផ្គត់ផ្គង់ដោយអាជ្ញាធរ ក៏មានភាពរអាក់រអួល​ទៀត។ ហេតុនេះ ប្រជាជនឥណ្ឌូណេស៊ី ក្នុងរដ្ឋធានីហ្សាការតា​បានសម្រេចចិត្តជីកអណ្ដូង​ទឹកដោយខ្លួនឯងនៅតាមផ្ទះសម្រាប់ប្រើ។ យ៉ាងណាមិញ អ្នកជំនាញដោះស្រាយបញ្ហាទឹក​បានអះអាងថា សកម្មភាពជីកអណ្ដូងនេះ​នឹងធ្វើឱ្យក្រុងហ្សាការតា កាន់តែប្រឈមនឹងការលិច​ដោយទឹកសមុទ្រលឿនជាងធម្មតា។

 
ប្រជាជនឥណ្ឌូណេស៊ី ក្នុងរដ្ឋធានីហ្សាការតា បានជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ដោយវា​មានសភាពល្អក់ មានដី និងភក់លាយឡំ ហើយ​ពេលខ្លះទឹកមិនចេញតាមបំពង់បង្ហូររបស់រដ្ឋ​ជាដើម។ ហេតុនេះ ប្រជាជនហ្សាការតា ចាប់ផ្ដើមជីកអណ្ដូងនៅតាមផ្ទះដោយខ្លួនឯង ដើម្បី​ដោះស្រាយបញ្ហា។ 
 
«ជួនកាល ទឹកមានពណ៌សល្អក់ និងមានក្លិន។ នៅពេលផ្សេងទៀត វាមានពណ៌ត្នោតល្អក់ និងពោរពេញដោយភក់»។ លោក Sigit Hariyanto ប្រជាជនម្នាក់រស់ក្នុងតំបន់ប្រាប់សារព័ត៌មាន Channel News Asia បែបនេះ ដោយសំដៅទៅលើទឹកបំពង់ផ្គត់ផ្គង់ដោយរដ្ឋ។
 
យ៉ាងណាមិញ ការទាញយកទឹកក្រោមដី តាមរយៈការជីកអណ្ដូងច្រើនពេក ជាមូលហេតុ​ចម្បងនៃការបាក់ស្រុតដី បង្កឱ្យឆាប់លិចក្រោយទឹកសមុទ្រ។ ហ្សាការតា ជារដ្ឋធានីដែល​មានផ្ទៃដីធូរៗមិនហាប់ និងជាដី​ល្បាប់។ ដូច្នេះ ការទាញយកទឹកក្រោមដី ដោយការជីក​អណ្ដូងបានធ្វើឱ្យទីក្រុងធំបំផុតរបស់​ឥណ្ឌូណេស៊ី​មួយនេះលិចក្នុងកម្ពស់ ២៦សង់ទីម៉ែត្រ​ក្នុងមួយឆ្នាំទៅក្នុងទឹកសមុទ្រ។
 
«ប្រជាជនបានជីកអណ្តូង និងទាញយកទឹកក្រោមដីជាច្រើនជំនាន់មកហើយនៅឥណ្ឌូ​ណេស៊ី។ វាពិបាកក្នុងការផ្លាស់ប្តូរឥរិយាបថនេះ។ វាជាការលំបាកដើម្បីធ្វើឱ្យពួកគេយល់ពី​ផលវិបាកនៃសកម្មភាពជីកអណ្ដូងរបស់ពួកគេ ពីព្រោះការបាក់ដីកើតឡើងបន្តិចម្តងៗក្នុង​រយៈពេលច្រើនឆ្នាំទៅមុខទៀត»។ លោកស្រី Nila Ardhianie នាយកវិទ្យាស្ថាន Amrta សម្រាប់ដោះស្រាយបញ្ហាទឹកបានប្រាប់សារព័ត៌មានដដែលបែបនេះ។ បច្ចុប្បន្ន ប្រជាជនចំនួន ១១លាននាក់នៅហ្សាការតាកំពុងពឹងផ្អែកលើការប្រើប្រាស់ទឹកអណ្ដូង។
 
ទន្ទឹមនេះ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងព្យាយាមកាត់បន្ថយបញ្ហាបាក់ដី ដោយការសាងសង់​ប្រព័ន្ធលូបញ្ឈរដើម្បីរំដោះទឹកជំនន់។ មកដល់ពេលនេះ រដ្ឋាភិបាលក្រុងហ្សាការតាបានសាងសង់​លូបញ្ឈរចំនួន ៧២០០០នៅទូទាំងរដ្ឋធានី ហើយការបាក់ដីបានថយចុះនៅក្នុងតំបន់ដែល​មានប្រព័ន្ធបង្ហូរទឹក។ ចាប់ពីឆ្នាំ២០២៣ រដ្ឋាភិបាលនឹងចាត់វិធានការទប់ស្កាត់ការជីក​អណ្ដូងនៅក្នុងសង្កាត់ពាណិជ្ជកម្មចំនួនប្រាំបួន។ 
 
ដោយឡែក អ្នកជំនាញភូមិសាស្ត្រ Heri Andreas យល់ថា រដ្ឋាភិបាលគួរតែផ្តោតលើការ​ស្វែងរកជម្រើសផ្សេងសម្រាប់ប្រជាជនជំនួសឱ្យការជីកអណ្ដូងទាញយកទឹកក្រោមដីជាមុនសិន ព្រោះប្រជាជនត្រូវការទីកស្អាតសម្រាប់ប្រើប្រាស់។
 
សព្វថ្ងៃនេះ ជាង ៩០ភាគរយនៃតំបន់ឆ្នេរនៃរដ្ឋធានីហ្សាការតា កំពុងស្ថិតនៅខាងក្រោមនីវ៉ូ​ទឹកសមុទ្រ ដែលធ្វើឲ្យងាយទទួលរងទឹកជំនន់តាមឆ្នេរសមុទ្រ។ រដ្ឋធានីហ្សាការតាបានក្លាយ​ជាទីក្រុងលិចទឹកលឿនបំផុតនៅលើពិភពលោក។ ចំណែកទន្លេក៏មិនអាចបង្ហូរទឹកចូលទៅ​ក្នុងសមុទ្រដោយគ្មានជំនួយពីស្ថានីយ៍បូមទឹកធំៗដែរ ដែលធ្វើឲ្យរដ្ឋធានីនេះជួបវិបត្តិទឹក​ជំនន់ធ្ងន់ធ្ងរ ប៉ះពាល់ដល់អ្នកស្រុករាប់ពាន់នាក់ក្នុងមួយឆ្នាំៗ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com