កីឡាអន្តរជាតិ
អន្តរជាតិ
ពានរង្វាន់អាហ្វ្រិក AFCON ពន្យារទៅឆ្នាំ ២០២៤ វិញ ដោយសារបញ្ហាអាកាសធាតុ
04, Jul 2022 , 10:32 am        
រូបភាព
ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាហ្វ្រិក Africa Cup of Nations ដែលប្រទេសកូដឌីវ័រធ្វើម្ចាស់ផ្ទះ ត្រូវសម្រេចលើកពេលធ្វើនៅឆ្នាំ ២០២៤ វិញ ដោយសារបញ្ហាអាកាសធាតុ។


លោក Patrice Motsepe ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (Caf) នៅថ្ងៃទី៣ ខែកក្កដាប្រកាសថា ការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំក្រោយ នឹងត្រូវលេងនៅ ឆ្នាំ ២០២៤ ។
 
ដើមឡើយកូដឌីវ័រត្រូវរៀបចំការប្រកួតពានរង្វាន់អាហ្វ្រិកអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២៣។ ប៉ុន្តែដោយសារខែនេះ ជារដូវវស្សានៅប្រទេសកូដឌីវ័រ និងមានភ្លៀងធ្លាក់ច្រើន ទើបមានការស្នើឱ្យផ្លាស់ប្តូរការប្រកួតវិញ។
 
សហព័ន្ធកីឡាបាល់ទាត់នៅតំបន់អាហ្វ្រិកភាគច្រើន លើកឡើងថារដូវវស្សា នឹងផ្តល់ការរំខានខ្លាំងអំឡុងពេលប្រកួត ព្រមទាំងមានហានិភ័យខ្ពស់សម្រាប់សុខភាពកីឡាករ។
 
មួយវិញទៀត ដោយសារការប្រកួត World Cup នៅកាតាត្រូវធ្វើឡើងក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២នេះ ទើប Caf សម្រេចពន្យារពេលការប្រកួត African Nations Cup វគ្គផ្តាច់ព្រ័ត្ររំលងមួយឆ្នាំតែម្តង ពោលគឺនឹងត្រូវរៀបចំនៅខែមករា និងកុម្ភៈ ឆ្នាំ២០២៤ ។ 
 
កន្លងមកកាម៉េរូន ដែលធ្វើម្ចាស់ផ្ទះពានអាហ្វ្រិក ក៏បានលើកពេលមករៀបចំនៅក្នុងអំឡុងខែមករា និងកុម្ភៈនៅឆ្នាំ២០២២ នេះដែរ។ ជាធម្មតា African Nations Cup ធ្វើឡើងរៀងរាល់២ឆ្នាំ ឬ៣ឆ្នាំម្តង នៅក្នុងខែមិថុនា និងកក្កដា៕
 
 

Tag:
 AFCON
  Africa Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com