កីឡាអន្តរជាតិ
អន្តរជាតិ
Rashfordថា ត្រៀមខ្លួនរួចរាល់ និងផ្ដោតអារម្មណ៍សម្រាប់ Premier League
04, Jul 2022 , 11:32 am        
រូបភាព
រូបភាព Facebook៖ Manchester United
រូបភាព Facebook៖ Manchester United
ខ្សែប្រយុទ្ធបិសាចក្រហម Manchester United Marcus Rashford អះអាងថា ការចូលរួមការហ្វឹកហាត់ត្រៀមបើករដូវកាលថ្មីស្ថិតក្រោមការគ្រប់គ្រងលោក Erik ten Hag នឹងជួយគេវិលត្រលប់ទៅភាពខ្លាំងដូចកាលពីមុនវិញ។ Rashford ក៏អះអាងថា បានត្រៀមខ្លួនរួចរាល់ និងផ្តោតអារម្មណ៍សម្រាប់ Premier league។


Rashford បង្ហាញទម្រង់លេងមិនសូវបានល្អឡើយ នារដូវកាល ២០២១-២២ កន្លងទៅ ដោយរូបគេរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៥លើក។ មានពេលវេលាលេងត្រឹមតែរយៈពេល ១,២៣២នាទី នៅ Premier league ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស អំឡុងការប្រកួតព្រឹត្តិការណ៍ ​​UEFA Nations league កាលពីខែមិថុនាថែមទៀត។ 
 
សហព័ន្ធបាល់ទាត់អង់គ្លេសក៏បានដាស់តឿនកីឡាករទាំងពីរឱ្យខិតខំហ្វឹកហាត់ឡើងវិញដើម្បីមានឈ្មោះទៅព្រឹត្តិការណ៍ World Cup នៅកាតា។
 
បើតាមគេហទំព័រផ្លូវការរបស់ក្លិប ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ថារូបគេបានត្រៀមខ្លួនខ្លាំងដោយមិនបានសម្រាកឡើយអំឡុងវិស្សមកាល ហើយរូបគេរំពឹងអាចរីកចម្រើនទម្រង់លេងជាថ្មីពីការហ្វឹកហាត់របស់លោក Ten Hag។
 
«ពិតណាស់ខ្ញុំមិនមានពេលសម្រាកច្រើនឡើយអំឡុងវិសម្សកាលរដូវក្តៅ ដូច្នេះវារាងប្លែកកបន្តិចដោយសារខ្ញុំបានរៀបចំគម្រោងរបស់ខ្ញុំ ហើយហ្វឹកហាត់ឱ្យបានយូរជាងពេលមុនដើម្បីទម្រង់លេងដ៏ល្អមួយមកវិញ។ […] ខ្ញុំមិនគិតថាខ្ញុំធ្លាប់មានការហ្វឹកហាត់ត្រៀមបើករដូវកាលថ្មីដ៏ល្អបែបនេះឡើយ ចាប់តាំងពីឆ្នាំ ២០១៩ ហើយខ្ញុំបានត្រៀមខ្លួនរួចរាល់ និងផ្តោតអារម្មណ៍សម្រាប់ការប្រកួតរដូវកាលថ្មី Premier League។» នេះបើតាមសម្តី Rashford។
 
លើសពីនេះខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ក៏បានអះអាងបន្ថែមថា ក្រុមទាំងមូលរីករាយដែលបានវិលទោជំរុំហ្វឹកហាត់ម្តងទៀត និងទទួលបានការណែនាំច្រើនពីលោក Ten Hag ចំពោះការលេងជាក្រុមឱ្យបានល្អ និងឱ្យចូលចិត្តរាល់ការប្រកួតរបស់ក្រុម។
 
សូមរំលឹកថា ក្រុមបិសាចក្រហមនឹងធ្វើដំណើរសម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីនៅថ្ងៃទី ៧ខែសីហា ក្នុងនោះក៏មានការប្រកួតទល់ក្រុម Liverpool នៅប្រទេសថៃ និងប្រកួតដ៏ខ្លាំងចុងក្រោយមួយទៀតទល់ក្រុម Atletico Madrid នាចុងខែកក្កដា៕
 
 
 

Tag:
 Marcus Rashford
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com