អន្តរជាតិ
រុស្ស៊ីថា ខ្លួនគ្រប់គ្រងតំបន់លូហានទាំងស្រុង បន្ទាប់ពីដណ្តើមបានក្រុង Lysychansk
04, Jul 2022 , 12:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រមុខការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី៣ ខែកក្កដាថា កម្លាំងទ័ពរុស្ស៊ី និងសម្ព័ន្ធមិត្ត បានគ្រប់គ្រងតំបន់លូហានពេញទីហើយ បន្ទាប់ពីដណ្តើមបានក្រុងសំខាន់ចុងក្រោយ។ យ៉ាងណាមិញ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនឯណោះ បានសន្យាយកក្រុង និងតំបន់ដែលបាត់បង់ផ្សេងទៀតមកវិញ។

 
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី រដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu បានអះអាងថា កម្លាំងយោធារុស្ស៊ី រួមទាំងក្រុមប្រដាប់អាវុធក្នុងតំបន់ បានកាន់កាប់តំបន់លូហានពេញទីហើយ បន្ទាប់ពីដណ្តើមបានក្រុង Lysychansk។ ទឹកដីភាគច្រើននៅលូហាន ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមផ្ដាច់ខ្លួនតាំងពីផ្ទុះសង្រ្គាមឆ្នាំ២០១៤ មក។
 
«ដោយនាយឧត្តមសេនីយ៍ Sergei Shoigu រាយការណ៍ប្រាប់លោកពូទីន… កម្លាំងទ័ពរុស្ស៊ី និងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាមានិតលូហាន បានគ្រប់គ្រងពេញលេញលើក្រុងLysychansk»។ ក្រសួងការពារជាតិរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៣ ខែកក្កដា។ 
 
បន្ទាប់ពីសេចក្តីថ្លែងការណ៍ខាងលើ ខាងអ៊ុយក្រែន ក៏បានបញ្ជាក់ពីការដកថយយោធាចេញពីក្រុង Lysychansk ក្នុងតំបន់លូហាននេះដែរ។ យ៉ាងណាមិញ កម្លាំងទ័ពអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តប៉ះទង្គិចគ្នា នាតំបន់ជាយក្រុង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។​
 
ក្នុងសន្និសីទសារព័ត៌មានមួយរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ក្នុងក្រុងកៀវ លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងថា អ៊ុយក្រែនមិនអាចផ្ដល់ព័ត៌មានចុងក្រោយបានទេដោយសារវានៅតែមានការប្រយុទ្ធគ្នា។ មិនតែប៉ុណ្ណោះ ក្នុងវីដេអូនាយប់ថ្ងៃទី៣ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន បានសន្យាដណ្តើមយកក្រុង Lysychansk និងតំបន់ដែលបាត់បង់ត្រលប់វិញ។ 
 
«វានឹងមានថ្ងៃមួយ ដែលយើងនឹងប្រកាសដូចគ្នាចំពោះតំបន់ដុនបាស»។ លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះ ក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម Facebook។ 
 
ការគ្រប់គ្រងតំបន់លូហានបានបែបនេះ ជាជោគជ័យដ៏សំខាន់មួយសម្រាប់រុស្ស៊ី ដែលកន្លងមក បានប្រកាសចង់រំដោះតំបន់ដុនបាសទាំងមូល។ មិនតែប៉ុណ្ណោះ ការបាត់បង់តំបន់លូហានរបស់អ៊ុយក្រែន​ នឹងបើកផ្លូវឱ្យរុស្ស៊ីអាចធ្វើប្រតិបត្តិការដណ្តើមយកដែនដីផ្សេងទៀត។ 
 
គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ប្រជាជនស៊ីវិលនៅអ៊ុយក្រែនប្រមាណ ៤៧៣១នាក់ បានបាត់បង់ជីវិត ខណៈ ៥៩០០នាក់ បានរងរបួស ក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com