ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ មកដល់កម្ពុជាតាមការសន្យា ហើយត្រៀមចូលបំភ្លឺនៅតុលាការ
04, Jul 2022 , 4:19 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
ដោយ: ថ្មីៗ
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការអះអាងលោក ជូង ជូងី មេធាវីការពារក្តី។


 
លោកមេធាវី ជូង ជូងី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅម៉ោងជិត៤រសៀល នាថ្ងៃទី៤​ ខែកក្កដា ឆ្នាំ២០២២ថា៖«ឥឡូវ [ឯឧត្តម សុន ឆ័យ] មកជួបខ្ញុំនៅការិយាល័យរបស់ខ្ញុំ។ ខ្ញុំ កំពុងភាក្សាជាមួយគាត់ពីផ្លូវច្បាប់»។ 
 
លោកមេធាវី ថែមទាំងអះអាងទៀតថា លោក សុន ឆ័ន នឹងចូលបំភ្លឺនៅចំពោះមុខអយ្យការ។ បើតាមលោកមេធាវី តំណាងអយ្យការ ហៅលោក សុន ឆ័យ ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបន្ទាប់មក នៅថ្ងៃទី១៥ ខែកក្កដា តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ 
 
តំណាងអយ្យការ ចេញដីកាកោះហៅលោក ឲ្យចូលបំភ្លឺតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាម្តងរួចមកហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តែលោកខកខាន ដោយសារពេលនោះ លោក ស្ថិតនៅប្រទេសអូស្រ្តាលី។ លោក បានចេញទៅអូស្រ្តាលី កាលពីថ្ងៃទី១១ ខែមិថុនា។ 
 
គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានដាក់បណ្តឹងប្តឹងលោក សុន ឆ័យ ដោយសារការធ្វើអត្ថាធិប្បាយរបស់លោកជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជុំវិញដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ លោក និយាយថា ការបោះឆ្នោតឃុំ-សង្កាត់នេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សតែមួយ ដែលលោក ចង់សំដៅលើគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ រួមទាំងការរិះគន់របស់លោកលើចំណុចអវិជ្ជមានជាច្រើនលើដំណើរការបោះឆ្នោយ។ 
 
គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ទាមទារដូចគ្នាឲ្យតុលាការដាក់ទោសលោក សុន ឆ័យ តាមច្បាប់។ អ្វីដែលខុសគ្នា គឺគណបក្សប្រជាជនកម្ពុជា ទាមទារឲ្យលោក បង់ប្រាក់ជិត១លានដុល្លារជាការសងជំងឺចិត្ត ឯគ.ជ.ប ទាមទារឲ្យលោក សុំទោស៕ 
 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com