កីឡាជាតិ
ជាតិ
CPL៖ ណាហ្គាវើលដ៍ ជួបវិសាខា ខណៈភ្នំពេញក្រោន ប៉ះព្រះខ័នរាជស្វាយរៀង
05, Jul 2022 , 2:57 pm        
រូបភាព
ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ថតជាក្រុមមុនពេញការប្រកួតទល់នឹងក្រុមបឹងកេត (ប្រភព Cambodia Premier League2022)
ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ថតជាក្រុមមុនពេញការប្រកួតទល់នឹងក្រុមបឹងកេត (ប្រភព Cambodia Premier League2022)
ដោយ៖ហៀក ឆក

ក្រុមវិសាខា ត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលស្វាគមន៍ភ្ញៀវ ណាហ្គាវើលដ៍ នាម៉ោង៦ល្ងាច ថ្ងៃទី៥ កក្កដា។ ក្នុងពេលជាមួយគ្នា ក្រុមព្រះខ័នរាជ បើកកីឡដ្ឋាន ខេត្តស្វាយរៀងទទួលក្រុម ភ្នំពេញក្រោន ក្នុងជំនួបជុំទី២ សប្តាហ៍ទី៩ នៃពានខេមបូឌាន ព្រីមៀរលីគ២០២២។

 
ការប្រកួតជុំទី២ សប្តាហ៍ទី៩ នេះ ក្រុមណាហ្គាវើលដ៍ ត្រូវ វិសាខា ដើម្បីប្រជែងគ្នាយក៣ពិន្ទុ ក្នុងតារាង ខេមបូឌាន ព្រីមៀរលីគ។ សម្រាប់៣ប្រកួតរបស់ណាហ្គាវើលដ៍កន្លងមក បានត្រឹមស្មើភ្នំពេញក្រោន ១-១ ,ចាញ់អង្គរថាយហ្គឺរ​ ៣-៤ និងឈ្នះបឹងកេត ១-០។ ចំណែក វិសាខា ស្មើភ្នំពេញក្រោន ១-១ ,ឈ្នះកងយោធពលខេមរភូមិន្ទ ៣-០ និងចាញ់ព្រះខ័នរាជស្វាយរៀង ១-២។
 
សម្រាប់ជំនួបនេះ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកណាហ្គាវើលដ៍ លោក ឃឹម បូរី ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ការប្រកួតជាមួយនឹងក្រុមខ្លាំង វិសាខា វាមិនងាយស្រួលនោះទេ ខណៈកូនក្រុមលោកមានបញ្ហារបួសច្រើន។ «ជំនួបទល់នឹង វិសាខា ជាជំនួបដ៏តានតឹងសម្រាប់យើង ចំពោះខ្ញុំជឿជាក់លើពួកគាត់ថា អាចធ្វើបានល្អដូចជើងទី១»។ សម្តីគ្រូបង្វឹកណាហ្គាវើលដ៍។
 
៣ប្រកួតចុងក្រោយរវាងក្រុមទាំងពីរនេះ ណាហ្គាវើលដ៍ ២-២ វិសាខា ,ណាហ្គាវើលដ៍ ០-១ វិសាខា និង ណាហ្គាវើលដ៍ ១-០ វិសាខា។
 
នៅម៉ោងដំណាលគ្នានេះ កីឡដ្ឋានខេត្តស្វាយរៀង ក៏នឹងត្រូវបើកទទួលក្រុមភ្ញៀវ ភ្នំពេញក្រោន ផងដែរ។ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ជាក្រុមកំពុងលេចធ្លោក្នុងលីគកម្ពុជា ។ គ្រូព្រះខ័នរាជស្វាយរៀង បាននិយាយថា ក្រុមលោកបានរង់ចាំពេលវេលាក្នុងដីនេះ ហើយក៏ជាការប្រកួតធំ តទល់នឹងភ្នំពេញក្រោន ដែរ។ «ជាការពិតណាស់។ វាជាការប្រកួតក្នុងផ្ទះរបស់យើង ហើយវាយូរគ្រាន់ដែរ ដែលយើងពុំបានលេងនៅក្នុងដី វាជាការប្រកួតដ៏ធំមួយដោយប៉ះក្រុមការពារជើងឯក។ ហេតុនេះហើយកីឡាកររបស់យើងក៏ដូចគ្នាពិតជាអន្ទះសារចំពោះការប្រកួតមួយនេះ»។ នេះតាមការបញ្ជាក់របស់លោក Conor។
  

កីឡាករភ្នំពេញក្រោន ប្រាក់ ធីវ៉ា ប្រជែងបាល់ជាមួយខ្សែបម្រើ Young Elphent ក្នុងជំនួប ពាន AFC Cup2022(ប្រភព Cambodia Premier League2022)

ដោយឡែកគ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi ថា ក្លិបនឹងមានទំនុកចិតុ្តកាន់តែខ្ពស់ សម្រាប់ការប្រកួតនៅជុំទី២ នៃពានខេមបូឌានលីគនេះ។ «យើងនឹងទៅសម្រាប់ប្រកួតក្រៅដីនេះ ជាមួយគោលដៅតែមួយគត់គឺយក ៣ពិន្ទុ។ លីគកំពូលកម្ពុជាសល់តែ ៣៣ភាគរយសម្រាប់ជុំទី២ យើងកាន់តែរឹងមាំសម្រាប់ជុំនេះ»។ សម្តីគ្រូភ្នំពេញក្រោន ប្រាប់តាមតេឡេក្រាមយ៉ាងដូច្នេះ។ 
 
៣ប្រកួតចុងក្រោយរវាងក្រុមខ្លាំងទាំងពីរនេះ ព្រះខ័នរាជស្វាយរៀង ពុំស្គាល់ពាក្យចាញ់ឡើយ ដោយឈ្នះភ្នំពេញក្រោន ១-០, ១-០ និង ៣-០។
 
សម្រាប់៣ប្រកួតចុងក្រោយនៅក្នុងជុំទី១ នៃពានខេមបូឌាន ព្រីមៀរលីគ ២០២២នេះ ព្រះខ័នរាជឃស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ៤-១ ,ឈ្នះវិសាខា ២-១ និងឈ្នះគីរីវង់សុខសែនជ័យ ៤-១ ។ រីឯភ្នំពេញក្រោន ឈ្នះគីរីវង់សុខសែនជ័យ ៦-១ , ស្មើ ណាហ្គាវើលដ៍០-០ និងស្មើបឹងកេត ៣-៣។ 
 
គួបញ្ជាក់បន្ថែមថា ព្រះខ័នរាជស្វាយរៀង ឈរលេខ១បណ្តោះអាសន្នក្នុងតារាង ក្រោយឆ្លងកាត់៨ប្រកួត ដែលពុំទាន់ស្គាល់ពាក្យចាញ់ ខណៈណាហ្គាវើលដ៍ ឈរលេខ៣, វិសាខា ឈរលេខ៥ និងភ្នំពេញក្រោនឈរលេខ៦៕ 
 
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com