កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាល់បោះអាម៉េរិក Griner រកជំនួយពីលោក បៃឌិន ក្រោយរុស្ស៊ីចាប់ឃុំពីបទជួញដូរបារីអាឡិកត្រូនិក
05, Jul 2022 , 3:25 pm        
រូបភាព
កីឡាការិនីបាល់បោះ Brittney Griner នៃក្របខណ្ឌ WNBA របស់អាម៉េរិក កំពុងជាប់ឃុំខ្លួនក្នុងប្រទេសរុស្ស៊ីពីបទជាប់ពាក់ព័ន្ធគ្រឿងញៀន។ នៅថ្ងៃទី៤ ខែកក្កដា Griner សរសេរសំបុត្រមួយច្បាប់ផ្ញើរទៅសេតវិមាន ដើម្បីសុំប្រធានាធិបតី ចូ បៃឌិន ឱ្យជួយអន្តរាគមន៍។


យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters តារាបាល់បោះដ៏ល្បីឈ្មោះអាម៉េរិក Griner ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានក្រុងមូស្គូកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលិសឆែកវ៉ាលីរបស់នាងឃើញដបប្រេងបារីអឡិចត្រូនិក (Vape cartridges) ជាច្រើនដប។ នៅថ្ងៃទី១ ខែកក្កដា កីឡាការិនីក្រុម Phoenix Mercury រូបនេះ ចូលខ្លួនក្នុងសវនាការ ហើយប្រឈមមុខនឹងការជាប់គុក១០ឆ្នាំក្នុងប្រទេសរុស្ស៊ី។
 
Griner បង្ហាញខ្លួនក្នុងសវនាការលើកដំបូង ដោយត្រូវបានចោទប្រកាន់ពីបទនាំចូលគ្រឿងញៀនដោយចេតនាទៅក្នុងទឹកដីរុស្ស៊ី។
 
ករណីរបស់ Griner នេះកើតឡើងក្រោយភាពតានតឹងរវាងទីក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន។ មន្ត្រីអាម៉េរិកហៅករណីរបស់ Griner ថាជាការឃុំខ្លួនដោយខុសច្បាប់។
 
បន្ទាប់ដឹងថាខ្លួនប្រឈមជាប់ពន្ធធនាគារហូត១០ឆ្នាំ Griner បានសុំអន្តាគមន៍ពីប្រធានាធិបតីអាម៉េរិកបៃឌិន នៅចំថ្ងៃបុណ្យឯករាជរបស់អាម៉េរិក។ កីឡាការិនីបាល់បោះវ័យ៣១ឆ្នាំ បានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅកាន់សេតវិមានថា៖«ខ្ញុំអង្គុយនៅទីនេះក្នុងគុករុស្ស៊ីតែម្នាក់ឯងដោយគ្មានការការពារពីគ្រួសារ មិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំពិតជាភ័យខ្លាចណាស់ ខ្ញុំប្រហែលជានៅទីនេះជារៀងរហូត»។
 
Griner ដែលបានរៀបរាប់ថាមានឪពុកជាអតីតយុទ្ធជនសង្គ្រាមវៀតណាមផង សុំលោកបៃឌិនជួយខ្លួនឱ្យមានសេរីភាពពីការជាប់ឃុំក្នុងប្រទេសរុស្ស៊ី៕
 

Tag:
 Brittney Griner
  បារីអេឡិកត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com