កីឡាជាតិ
ជាតិ
ពានជើងឯកវិទ្យាល័យ ចាប់ផ្ដើមដំណើរការហើយ ក្រោយអាកខាន២ឆ្នាំ
05, Jul 2022 , 4:54 pm        
រូបភាព
លោក ហ៊ុន ម៉ានី(កាន់ពានជើងឯកវិទ្យាល័យលើកទី២) ទទួលពានពីកីឡាករ ចាន់ វឌ្ឍនាកា(លើកដៃសំពះ) ក្នុងកម្មវិធីបើក ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២(រូបពី Chan Vathanaka)
លោក ហ៊ុន ម៉ានី(កាន់ពានជើងឯកវិទ្យាល័យលើកទី២) ទទួលពានពីកីឡាករ ចាន់ វឌ្ឍនាកា(លើកដៃសំពះ) ក្នុងកម្មវិធីបើក ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២(រូបពី Chan Vathanaka)
ដោយ៖ហៀក ឆក

បាល់ទាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ ឡើងវិញ ក្រោយអាក់ខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។ ព្រឹត្តការណ៍ប្រកួតពានជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ២០២២ នឹងចាប់ផ្តើមនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។


នាយករងកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លោក ពិន សុវណ្ណរិទ្ធ បានបញ្ជាក់ថា ការរៀបចំការប្រកួតពានវិទ្យាល័យនេះ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ។
 
«មែនទែនទៅយើងចង់រៀបចំរាល់ឆ្នាំ។ កន្លងមកយើងបានរៀបចំរួចម្តងហើយ កាលពីឆ្នាំ២០១៩ ព្រោះតែបញ្ហាកូវីដក៏យើងអាក់ខាន។ ឥឡូវយើងបើកឡើងវិញ ក្រោយ​រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពបានទាំងស្រុង។ អ៊ីចឹងសកម្មភាពកីឡាយើងចាប់ផ្តើមដំណើរការឡើងវិញ យើងបន្តកម្មវិធីប្រកួតរបស់យើងឡើងវិញ»។ នេះជាសម្តីលោក ពិន សុវណ្ណរិទ្ធ ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម។
 
ក្រុមទាំង១២ មកពីបណ្តាវិទ្យាល័យ ថ្នាក់ខេត្ត និងរាជធានី នឹងត្រូវប្រកួតប្រជែង ដើម្បីគ្រងតំណែងជើងឯករដូវកាលទី២ ។ ក្រុមទាំង១២ រួមមានវិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យឬស្សីកែវ, វិទ្យាល័យព្រះស៊ីសុវត្តិ, វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ពងទឹក, វិទ្យាល័យជាស៊ីមឈូកវ៉ា, វិទ្យាល័យហ៊ុន សែន ច្បារអំពៅ, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមសាមគ្គី, សាលាអន្តរជាតិវេសន៍ឡាញ, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់, វិទ្យាល័យហ៊ុនសែន សេរីភាព និងវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី។
 
គួបញ្ជាក់ផងដែរ កាលពីឆ្នាំ២០១៩ ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានគ្រងជើងឯក ខណៈវិទ្យាល័យឫស្សីកែវ គ្រងជើងឯករង នារដូវកាលទី១ ៕
 
 

Tag:
 បាល់ទាត់
 ពានរង្វាន់ជើងឯកវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com