កីឡាជាតិ
ជាតិ
ព្រះខ័នរាជ យក៣ពិន្ទុពីក្រោន ខណៈណាហ្គា បាត់៣ពិន្ទុ ក្រោយចាញ់វិសាខា
05, Jul 2022 , 8:56 pm        
រូបភាព
ដោយ៖ហៀក ឆក

ព្រះខ័នរាជស្វាយរៀង នៅតែរក្សាភាពមិនចាញ់របស់ខ្លួនក្នុងការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ ២០២២ ជុំទី២ សប្តាហ៍ទី៩ ដោយយកឈ្នះក្រុមភ្ញៀវ ភ្នំពេញក្រោន ១-០ នាកីឡដ្ឋានខេត្តស្វាយរៀង។ ឯ ណាហ្គាវើលដ៍ របូត៣ពិន្ទុដោយចាញ់ វិសាខា ២-០ នាកីឡដ្ឋានព្រីនដ៍ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។



ជំនួបរវាងក្រុមដែលកំពុងមានទម្រង់លេងល្អរាងខ្លួន ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នាកីឡដ្ឋានខេត្តស្វាយរៀងត្រូវបានបញ្ចប់ដោយលទ្ធផលក្រុម ព្រះខ័នរាជ រក្សាភាពមិនចាញ់របស់ខ្លួននៅក្នុងដី។
 
នាវគ្គទី១ ក្រុមទាំងបើកការសម្រុកគ្នាខ្លាំក្លាដែរតែហាក់ពុំមានសំណាងក្នុងការទម្លាយសំណាញ់ទីគ្នាបានទាល់តែសោះ។ បញ្ចប់ក្នុងវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផល ០-០។
 
ឈានចូលដល់វគ្គទី២ ព្រះខ័នរាជ បន្តវាយសម្រុកជាខ្លាំងដែរតែពុំមានសំណាងដដែល ខណៈ ភ្នំពេញក្រោន បើកការវាយបកជាច្រើនសារតែក្រុមរបស់លោក Oleg ពុំមានវាសនា រកគ្រាប់បាល់បានឡើយ។ នៅចុងម៉ោងនៃវគ្គទី២ ព្រះខ័នរាជ រកគ្រាប់ជ័យជំនះរបស់ខ្លួនដោយខ្សែប្រយុទ្ធលេខ៩ Marcus។ បញ្ចប់ការប្រកួត ព្រះខ័នរាជ១-០ ភ្នំពេញក្រោន។
 
ក្រឡែកទៅកីឡដ្ឋានព្រីនដ៍វិញ ក្រុមវិសាខា បាននាំមុខណាហ្គាវើលដ៍ ២-០ ក្នុងវគ្គទី១ រកបានដោយខ្សែការពារស្លាបស្តាំ អ៊ុក សុវណ្ណ ដោយបាល់ពិន័យ១១ម៉ែត្រ ក្រោយអ្នកចាំទីណាហ្គាវើលដ៍ ស៊ូ យ៉ាទី បង្ករកំហុស ទៅលើខ្សែប្រយុទ្ធ សា ទី ក្នុងតំបន់គ្រោះថ្នាក់ និងគ្រាប់ទី២ រកបានដោយខ្សែការពារស្លាបឆ្វេង ឆេង ម៉េង ស៊ុតបាល់ពិន័យ Freekick បញ្ចូលទីបានសម្រេចនៅនាទី៣១។
 
ចូលដល់វគ្គទី២ ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែពុំមានលទ្ធផលប្រែប្រួលឡើយ ដោយក្រុមទាំងពីររក្សាលទ្ធផល ២-០ រហូតដល់ចប់ការប្រកួត៩០ នាទី។
 
ក្រុមព្រះខ័នរាជស្វាយរៀង រក្សាភាពមិនចាញ់របស់ខ្លួនដោយទទួលបាន៣ពិន្ទុ បន្ទាប់ពីឈ្នះ ភ្នំពេញក្រោន ១០ រុញឲ្យក្រុមមួយនេះកាន់តែឃ្លាតឆ្ងាយ និងមានសង្ឃឹមខ្ពស់ក្នុងការលើកពានខេមបូឌានព្រីមៀរលីគ ២០២២។ ចំនែកក្រុម វិសាខា ទទួលបាន៣ពិន្ទុ ក្រោយឈ្នះ ណាហ្គាវើលដ៍ ធ្វើឲ្យក្រុមមួយនេះកាន់ខិតជិតមកក្បែរ ណាហ្គាវើលដ៍ និងក្រុមបឹងកេត។
 
គួបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ៩ប្រកួតមាន ២៣ ពិន្ទុឈរលេខ១ ណាហ្គាវើលដ៍ មាន១៤ពិន្ទុ ឈរលេខ៣ នៅលើ វិសាខា ៨ប្រកួត មាន១៣ពិន្ទុ ខណៈភ្នំពេញក្រោន មាន៧ពិន្ទុ ឈរលេខ៦ គិតត្រឹមជុំទី២ សប្តាហ៍ទី៩៕
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com