កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន៖ ឈ្នះមេដាយ ឬអត់ មិនសំខាន់ តែកុំប្រើសារធាតុហាមឃាត់ ដែលបំផ្លាញមុខមាត់ជាតិ
06, Jul 2022 , 11:59 am        
រូបភាព
សម្ដេច ហ៊ុន សែន មានប្រសាសន៍ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិភូកីឡាប៉ារ៉ាហ្គេម ត្រៀមទៅប្រទេសឥណ្ឌូណេស៊ី ។ រូបពី ក្រុមតេលេក្រាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
សម្ដេច ហ៊ុន សែន មានប្រសាសន៍ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិភូកីឡាប៉ារ៉ាហ្គេម ត្រៀមទៅប្រទេសឥណ្ឌូណេស៊ី ។ រូបពី ក្រុមតេលេក្រាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដោយ៖ គឹម មករា និង ហៀក ឆក 

ពីពិធីជួបសំណេះសំណាលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅវិមានសន្ដិភាព នាថ្ងៃទី៦ កក្កដា នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានណែនាំអត្ដពលិកទាំងអស់ ឲ្យរក្សានិងគោរពដល់ក្រិតក្រម លក្ខន្ដិកនៃការប្រកួត ។ ជាពិសេសរក្សាកិត្តិយសថ្លៃថ្នូជូនជាតិ ដោយមិនត្រូវប្រើសារធាតុហាមឃាត់ណាមួយ ក្នុងពេលប្រកួតទេ។


សម្ដេច ហ៊ុន សែន បាននិយាយថា ការប្រកួតឈ្នះ ឬចាញ់ មិនសំខាន់ទេ តែកុំប្រើប្រាស់សារធាតុជំនួយកម្លាំង ដែលខុសច្បាប់ប្រកួត។
 
«មេដាយមាស មេដាយប្រាក់ ឬអត់មេដាយ មិនសំខាន់ទេ តែការបំផ្លាញដោយសារការប្រើប្រាស់សារធាតុដែលហាមឃាត់ គឺជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។ មេដាយ ដែលក្រុមទាំងមូលបានទទួលមិនគ្រប់គ្រាន់ប៉ះប៉ូវ មុខមាត់ប្រទេសជាតិ ដែលខូចខាត ដោយសារការប្រើប្រាស់នូវសារធាតុញៀន និងសារធាតុដែលហាមឃាតក្នុងវិស័យកីឡានោះទេ។»។ សម្ដេច ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងកិច្ចសំណេះសំណាល។ 
 
កម្ពុជា នឹងបញ្ជូនអត្ដពលិកពិការភាព ចំនួន១១៥នាក់ ចូលរួមប្រកួតលើ១១ប្រភេទកីឡា។ សម្រាប់ការធ្វើដំណើរ សម្ដេចបានសម្រួលដល់អត្ដពលិក ដោយឲ្យប្រតិភូកីឡាទាំងនោះ ធ្វើដំណើរតាមជើងហោះហើរពិសេស។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ខ្ញុំយល់ព្រមដើម្បីចាត់បញ្ជូនយន្តហោះពិសេសដើម្បីដឹកកីឡាករ កីឡាការិនីរបស់យើងធ្វើដំណើរទាំងទៅទាំងមក»។ 
បើតាមសម្ដេច ហ៊ុន សែន មានក្រុមហ៊ុនអាកាសចរឯកជនមួយ យល់ព្រមដឹកប្រតិភូ និងអត្តពលិកកម្ពុជា ទាំងទៅ និងមក ដោយឥតគិតថ្លៃ។
 
អំឡុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម កាលពីខែឧសភា សម្ដេច ហ៊ុន សែន ក៏បានរៀបចំយន្តហោះពិសេស ដឹកប្រតិភូកីឡាបែបនេះដែរ ហើយក៏ទទួលបានលទ្ធផលល្អ ដោយពួកគេគ្មានការឆ្លងជំងឺកូវីដ-១៩ ឡើយ។ មិនតែប៉ុណ្ណោះ ការប្រកួតស៊ីហ្គេមនេះ កម្ពុជា សម្រេចបានមេដាយសរុប៦៤គ្រឿងផងដែរ។
 
ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីកម្ពុជា បានមើលឃើញនូវការរីកចម្រើននូវវិស័យកីឡា តាមរយៈការចូលរួមប្រកួតលើវិញ្ញាសាផ្សេងៗ រួមមាន ​ប្រកួតវាយកូនឃ្លីលើតុ, លើកទម្ងន់, អត្ដពលិកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស-នារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ទល់៧, បាល់បោះជិះរទេះបុរស-នារី, វាយសី និងអ៊ុក។
 
ការធ្វើជាម្ចាស់ផ្ទះឥណ្ឌូណេស៊ី គឺជាការរួមចំណែកធំ និងជាការលើកទឹកចិត្តដល់ជនពិការទាំងអស់។ ការប្រកួតនេះ ខកខានពីរលើក នៅឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និង ២០២១ នៅប្រទេសវៀតណាម។ ហ្វីលីពីន ខកខានដោយសារប្រទេសជួបវិបត្តិគ្រោះធម្មជាតិ ចំណែកវៀតណាម ជួបបញ្ហាកូវីដ-១៩ ដ៏ធ្ងន់ធ្ង។
 
កម្ពុជា នឹងចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ដោយប្រកួត១១ប្រភេទកីឡា។ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានដាក់១៤ប្រភេទកីឡា ដោយចាប់ពីថ្ងៃទី២៤-៣០ ខែកក្កដា នៅទីក្រុង សូឡូ (Surakarta ឬ សូឡូ) ។ 
 
អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ កម្ពុជា ឈ្នះមេដាយសរុប១០គ្រឿង ក្នុងនោះមានប្រាក់៥គ្រឿង និងសំរិទ្ធ៥គ្រឿង ដោយមេដាយក្នុងព្រឹត្តិការណ៍នោះមានសរុប ៣៦៩គ្រឿង៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com