កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់សៀរ៉ាឡេអូន ស៊ើបអង្កេតជំនួបពីរគូ ដែលបញ្ចប់លទ្ធផល ៩៥-0 និង ៩១-១
06, Jul 2022 , 2:00 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់សៀរ៉ាឡេអូន (SLFA) បើកការស៊ើបអង្កេតការប្រកួតមិនប្រក្រតីនៃជំនួបពីរគូ ដែលបញ្ចប់ដោយលទ្ធផល ៩៥-0 និង ៩១-១។ ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គួរ​ឱ្យ​កត់​សម្គាល់ទាក់​ភ្នែក​អាជ្ញាធរ ​និងបង្ក​ក្តី​បារម្ភជុំវិញការកំណត់លទ្ធផលទុកមុន។


ការស៊ុតបាល់បញ្ចូលទីដ៏ភ្ញាក់ផ្អើលសរុប១៨៧គ្រាប់ ក្នុងជំនួបពីរគូត្រូវបានកត់ត្រា នៅក្នុងការប្រកួតក្របខណ្ឌទីពីរនៃលីគបាល់ទាត់សៀរ៉ាឡេអូន (Sierra Leone National First Division)។ វាកើតឡើងក្នុងជំនួបរវាងក្រុម Kahunla Rangers ជាមួយ Lumbebu United និង Gulf FC ទល់នឹង Koquima Lebanon នៅថ្ងៃទី៣ ខែកក្កដា។
 
Kahunla Rangers និង Gulf FC បានយកឈ្នះលើក្រុម Lumbebu United និង Koquima Lebanon រៀងៗខ្លួន។ យ៉ាងណាភាពមិនប្រក្រតីបានកើតឡើង ដ្បិតលទ្ធផលរបស់ក្រុមទាំងពីរនៅត្រឹមពាក់កណ្តាលតង់ត្រឹម ២-០ និង ៧-១ ប៉ុន្តែលទ្ធផលចុងក្រោយមានការស៊ុតបញ្ចូលទីគ្នាក្នុងចំនួនគ្រាប់រហូតដល់ ៩៥-0 និង ៩១-១។
 
លោក Thomas Daddy Brima ប្រធាន SLFA យល់ឃើញថា ជំនួបទាំងពីរគូនេះ ប្រាកដជាមានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលទុកមុន។ លោក Brima ប្រាប់កាសែត BBC ប្រចាំតំបន់អាហ្រ្វិកថាលោកមិនអាចឈរមើលភាពអាម៉ាស់បែបនេះ ហើយមិនមានការដាក់ទោសនោះទេ។
 
«យើងនឹងបើកការស៊ើបអង្កេតជាបន្ទាន់ ហើយរកអ្នកទទួលខុសត្រូវទាំងអស់ចំពោះលទ្ធផលមិនប្រក្រតីនេះ។ ជនណាដែលត្រូវបានរកឃើញមានពិរុទ្ធនឹងត្រូវបានដោះស្រាយដោយអនុលោមតាមច្បាប់ SLFA ហើយក៏នឹងត្រូវប្រគល់ទៅឱ្យគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសកាត់ក្តីតាមច្បាប់»។ នេះជាការបន្ថែមរបស់ប្រធាន SLFA៕
 

Tag:
 SLFA
  កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com